បុណ្យពិសាខបូជា សម្រាប់ពុទ្ធសាសនិកខ្មែរ
ព្រះពុទ្ធសាសនា ត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ចាត់ទុកថា ជាសាសនារបស់រដ្ឋ ។ តើបុណ្យពិសាខបូជា មានអត្ថន័យ យ៉ាងណាខ្លះសម្រាប់ពុទ្ធសាសនិកខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវទស្សនៈយល់ ឃើញរបស់ អ្នកប្រាជ្ញបណ្ឌិតមួយចំនួនដូចខាងក្រោម៖
ក. និយមន័យ ពិសាខបូជា ៖
ពិសាខបូជា ជាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូរមី ខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ទ្រង់បានបរាភិសម្ពោធិ ទ្រង់រលត់ខន្ធចូលបរិនិព្វាន ធ្វើរំឭកដល់ព្រះរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសានិកជន ទាំងបុព្វជិត ទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា។
ខ. បុព្វហេតុនៃការប្រារព្ធបុណ្យពិសាខបូជា៖
ពិសាខបូជា ជាពិធីបុណ្យយ៉ាងធំក្នុងព្រះពុទ្ធសាសនា ដើម្បីរំឭកដល់ព្រះពុទ្ធគោត្តម ។
គ. ប្រវត្តិបុណ្យពិសាខបូជា៖
ពិសាខបូជា ជាពិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទប្រារព្ធឡើង ដើម្បីរំឭកដល់ ព្រះពុទ្ធគោត្តម។ គេកំណត់យកថ្ងៃពេញ បូណ៌មី(១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែ មង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ ប្រសូត្រ ត្រាស់ដឹងនូវសម្មា សម្ពោធិញ្ញាណ និងរំលត់ខន្ធចូលបរិនិព្វាន។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានសុទ្ទតែក្នុងថ្ងៃ ពេញបូណ៌មី (១៥កើត) ខែពិសាខដូចគ្នា ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។ តាមទំនៀមពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលា យប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមាន មហាជនប្រុស ស្រី ក្មេង ចាស់ ប្រកបដោយគ្រឿងសក្ការបូជា មានផ្កាភ្លី ទៀន ធូប ជាដើមទៅប្រជុំគ្នាយ៉ាងអ៊ឹកធឹក ។ នៅយប់នេះរហូតទល់ភ្លឺ គេនាំគ្នាស្តាប់ធម្មទេសនា អំពីពុទ្ធប្រវត្តិ តាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា (សេចក្តី ជ្រះថ្លាក្នុងជំនឿ) ចំពោះព្រះរតត្រ័យកាន់តែខ្លាំងក្លាឡើង ។
តាមការស្រាវជ្រាវគេបានដឹងថា បុណ្យពិសាខបូជា ទំនងជាធ្វើក្រោយព្រះអង្គចូលបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេស ឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីនេះ យូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរ ទើបនឹង ចាត់ចែកធ្វើនៅគ្រឹស្តសតវត្សទី ១៩ ។ នៅប្រទេសសៀមស្តេច រាមា បានផ្តើមធ្វើនៅឆ្នាំ ១៨១៧ ។ ចំណែកនៅប្រទេសខ្មែរ បុណ្យពិសាខបូជាត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ១៨៥៥ដោយព្រះមហា ប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសេចក្តីស្នើសុំរបស់ព្រះបាទអង្គឌួង។ ដំបូងពិធីបុណ្យនេះ ប្រារព្ធឡើងដោយគណធម្មយុត្តិ ហើយក្រោយមកទើប ជ្រួតជ្រាប ទៅដល់គណៈមហានិកាយ (យល់ព្រមដោយព្រះបាទ ស៊ីសុវត្ថិ) ។
ឃ. សកម្មភាពសំខាន់ៗនៃពិធីបុណ្យពិសាខបូជា៖
កាលបរិច្ឆេទ៖ ថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ។ ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹងនូវ សម្មាសម្ពោ ធិញ្ញាណ ព្រមទាំងរំលត់ខន្ធទៅវិញ ។
ពេលវេលានិងទីកន្លែងប្រារព្ធពិធី៖ នៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស ។ នៅយប់នោះរហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ។
ង. កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖
១. គ្រហស្ថ៖
- ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
- ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។
- រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។
- ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។
- ចូលរួមរៀបចំរតនាព្រះសង្ឃសម្តែងព្រះធម្មទេសនា ។
- តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។
- ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិកដ សៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្ត អារាម ។
- ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។
២. បុព្វជិត៖
- ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។
- ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។
- ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។
- ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។
- រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។
៣. សាលារៀន ៖
- ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។
- ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។
- ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។
- ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។
- ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។
- ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។
ច. ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា ៖
រួមមាន ៦ ប្រទេសគឺ៖
- ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា(សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។
- ប្រទេសថៃ(សៀម) និង ខ្មែរចាប់ពីស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។
- ប្រទេសឡាវ (លាវ) ប្រទេសភូមា(មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់