ភរិយា សួន សេរីរដ្ឋា ជូនពរថ្ងៃបុណ្យកំណើតស្វាមី ពីក្រៅគុក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 18, 2017
- ប្រធានបទ: កម្រងកែវស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ជូនពរថ្ងៃកំណើត ប្តីសំឡាញ់!» នេះ ជាពាក្យពេជន៍បេះដូង របស់អ្នកស្រី ណៃ ចរិយា ភរិយាលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលកំពុងជាប់ឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីជូនពរស្វាមីអ្នកស្រី ពីក្រៅពន្ធនាគារ ក្នុងឱកាសនៃបុណ្យខួបកំណើតរបស់លោក ។
លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះសារ កាលពីមួយថ្ងៃមុន និយាយរិះគន់ពី«មេទ័ពចោរ» និងពី«សេនាប្រមុខ» ដែលឱនក្បាល ចូលចរចាជាមួយសត្រូវ។
តាំងពីពេលនោះមក លោក សួន សេរីរដ្ឋា មិនសូវត្រូវបានគេលើក យកមកនិយាយទេ ជាពិសេសសម្រាប់បរិបទចុងក្រោយ ដែលពោរពេញដោយបញ្ហាចម្រូងចម្រាស់ ក្នុងសំនុំរឿងរំលាយគណបក្សប្រឆាំង ដ៏សំខាន់ធំជាងគេ នៅកម្ពុជា។
សម្រាប់អ្នកស្រី ណៃ ចរិយា ភរិយារបស់លោកវិញ តែងរំលឹកពីស្វាមីជារឿយៗ នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី។ នៅថ្ងៃនេះ អ្នកស្រីបានសរសេរជូនពរស្វាមី ពីក្រៅពន្ធនាគារថា៖ «ជូនពរថ្ងៃកំណើត ប្តីសំឡាញ់! អូនជូនពរឲ្យបង ឆាប់មានសេរីភាព វិលមកជួបជុំក្រុមគ្រួសារ និងធ្វើការងារដើម្បីជាតិយើង បន្តទៅមុខទៀត។ សូមឲ្យបង ឆាប់ចេញមានសេរីភាព ដើម្បីរកយុត្តិធម៌ ភាពត្រឹមត្រូវសំរាប់ខ្លួនឯង និងក្រុមគ្រួសារយើង។»។
កាលពីប៉ុន្មានសប្ដាហ៍ អ្នកស្រី ណៃ ចរិយា បានរំលឹកយក«កម្រងកែវ»ស្នហា ដែលលោក សួន សេរីរដ្ឋា ធ្លាប់បានបន្សល់ទុកជូនអ្នកស្រី តាំងពីមួយឆ្នាំមុន មកបង្ហោះជាថ្មី ដូចការដកស្រង់ទាំងស្រុងខាងក្រោម៖
- បងមិនមែន មិនចង់នៅក្បែអូនទេ តែបងភ័យខ្លាចអូនមិនរឹងមាំ ពេលដែលអូនគ្មានបង !
- បងមិនមែន មិនចង់ឱបអូនទេ តែបងខ្លាចអូនរងារ ពេលដែលគ្មានដៃបង !
- បងមិនមែន មិនចង់អង្គុយញ៉ាំបាយ ជាមួយអូនរាល់ថ្ងៃទេ តែបងបារម្ភខ្លាចអូន មិនញ៉ាំបាយ ពេលបាត់មុខបង !
- បងមិនមែន មិនចង់ប្រឡែងលេង ជាមួយអូនទេ តែបងខ្លាចអូនមិនចេះសប្បាយ ពេលដែលអស់រូបបង !
- បងមិនមែន មិនចេះលួងអូនទេ តែបងមិនចង់ឲ្យអូនយំរហូត ពេលដែលគ្មានបងលួង !
- សរុបទៅ អ្វីៗដែលបងធ្វើ គឺដើម្បីអូនរឹងមាំ ជំនួសបង ក្នុងពេលដែលបងលែងបាន នៅមើលថែអូន...
តបនឹងពាក្យពេជន៍ស្នេហានេះ អ្នកស្រី ណៃ ចរិយា បានសរសេរត្រឡប់ទៅស្វាមីវិញថា៖ «បងដឹងខ្លួនថាមានថ្ងៃនេះ តែបងនៅបន្តទៅមុខ ដោយមិនរុញរា! បងលះបង់ច្រើនហើយ ចាត់ទុកជាឱកាសសំរាប់បងសំរាកចុះ កុំបារម្ភពីអូន អូននឹងធ្វើជាមនុស្សរឹងមាំ!»។
លោក សួន សេរីរដ្ឋា ត្រូវបានព្រះរាជអាជ្ញារងអមតុលាការរាជធានី លោក សៀង សុខ សម្រេចចោទប្រកាន់ ចំនួន៣បទល្មើស៖ ទី១. គឺបទញុះញង់ កុំឲ្យយោធិនស្តាប់បង្គាប់ តាមមាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌកម្ពុជា - ទី២. បទល្មើសធ្វើឲ្យខួចទឹកចិត្តកងទ័ព តាមមាត្រា ៤៧២ និងទី៣. គឺបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
គួរជម្រាបជូនដែរថា នៅក្នុងប្រវត្តិរូបផ្លូវការ បង្ហោះនៅលើគេហទំព័ររបស់គណបក្ស គេឃើញលោក សួន សេរីរដ្ឋា ដាក់ថ្ងៃខែកំណើត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៧៣។ ផ្ទុយទៅវិញ អ្នកស្រី ណៃ ចរិយា បានបង្ហោះសារជូនពរ សម្រាប់ថ្ងៃបុណ្យខួបកំណើត នៅថ្ងៃទី១៨ ខែវិច្ឆិកានេះទៅវិញ៕