វីរជន របស់ក្រុម «ជាតិ សាសនា វីរជន»
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ ជ័យគ្រត (ទាក់ទង៖ [email protected]) - រលាក់កងជើង ថ្ងៃទី១៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 13, 2014
- ប្រធានបទ: ព័ត៌មានជ័យនាងគ្រត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជម្រាបសួរពុកម៉ែមាមីងបងប្អូនជាទីមេត្រី បាទ... ខ្ញុំបាទជ័យសូមចូលខ្លួន មកជម្រាបព័ត៌មានមួយ ដែលបងប្អូនធ្លាប់ចង់ដឹងចង់ឮ ជាយូរណាស់មកហើយ។ ក្រុមមួយ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក និងតែងតែបានស្រែកពីទីនោះ មិនដែលហ៊ានចូលស្រុកនោះ បានបង្កើតបាវចនារបស់ពួកគេមួយ នោះគឺ «ជាតិ សាសនា វីរជន»។ ខុសពីបាវចនា នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន «ជាតិ សាសនា ព្រះមហាក្សត្រ» ក្រុមនោះបានប្រកាសខ្លួនគេ ថាជាអ្នកសាធារណរដ្ឋនិយម មិនចូលចិត្តស្ដេច និងមួយភាគធំនៃសមាជិករបស់ក្រុមនេះ មាននិន្នាការស្និតនឹងរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណុល ពីឆ្នាំ១៩៧០ ដល់១៩៧៥។
ទោះប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយ «រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ទ្រទ្រង់ដោយអន្តរជាតិ អស់ទាំងកម្លាំងចំណាយអស់ទាំងថវិកាក៏ដោយ ប៉ុន្តែពីដើមរៀងមក ក្រុមនេះមិនដែលឲ្យតម្លៃ លើរបបនយោបាយនេះទេ។ ពួកគេយល់ថា ព្រះរាជាដែលសោយរាជ្យ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គ្រាន់តែជា«ស្ដេចអាយ៉ង» ឬស្ដេច«ក្រោមក្លៀក» របស់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចតាំងពីជាង៣០ឆ្នាំមកហើយប៉ុណ្ណោះ។ ម្យ៉ាងទៀត ក្រុមនោះយល់ទៀតថា មានរបបរាជានិយម នឹងធ្វើឲ្យលិទ្ធិបក្ខពួកនិយម អញឯង ខ្សែអ្នកនេះ បក្សអ្នកនោះ នៅតែមាន ហើយភាពស្អាតស្អំសម្រាប់ប្រទេសកម្ពុជា នឹងមិនអាចទៅរួចទេ។
ប៉ុន្តែរឿងដែលសំខាន់ ធ្វើឲ្យផ្ទុះជាចម្ងល់នោះ ស្ថិតត្រង់ថា បើក្រុមនេះចង់ជំនួសពាក្យ«ព្រះមហាក្សត្រ» ដោយ«វីរជន»វិញ អញ្ចឹងតើវីរជននោះ ជានរណា? តើក្រុមនេះ ចង់យកនរណាមកធ្វើជាវីរជន?
សំនួរនេះ មិនពិបាកនឹងរកចម្លើយទេ ព្រោះបើរំលឹកពីប្រវត្តិសាស្ត្រឡើងវិញ ប្រទេសកម្ពុជាមានវីរជនច្រើនណាស់ គ្រាន់តែថា ដើម្បីអាចក្លាយជាវីរជនទៅកើត វាអាស្រ័យទៅលើការបកស្រាយរបស់របបមួយៗ មិនខុសណាពីលោក ហ៊ុន សែន លើកស្ដេច កន មកធ្វើជាវីរជន តាំងជារូបសំណាកយ៉ាងធំនោះឡើយ។ អញ្ចឹងក្រុមនៅអាមេរិក ដែលតាំងខ្លួនជាអ្នកឲ្យអំណាចទៅពលរដ្ឋនោះ នឹងលើកយកពលរដ្ឋណាខ្លះ មកធ្វើជាវីរជន?
បាទ... ខ្ញុំបាទជ័យនេះ តែងតែនៅមិនស្ងៀម មានចម្ងល់ចេះតែដើររកចម្លើយ ដើម្បីស្វែងរកតែការពិតមកបង្ហាញ និងជម្រាបជូនពុកម៉ែមាមីងបងប្អូនប៉ុណ្ណោះ។ ចៃដន្យអី ខ្ញុំបាទឃើញទំព័រហ្វេសប៊ុកមួយ បានបង្ហោះផ្សាយនូវរូបភាពមួយ ហើយសម្បូរទៅដោយអ្នកចែករំលែកគួសមនោះ បាននិយាយពីវីរជនដែលក្រុមនេះចង់លើកសរសើរ។ សូចចុចលើរូបខាងក្រោម ដើម្បីទស្សនារូបធំ ហើយខ្ញុំបាទទុកឲ្យពុកម៉ែមាមីងបងប្អូនពិចារណា និងបកស្រាយកំសាន្តទៅចុះ ថាតើវីរជនសម្រាប់ក្រុមនេះ ជានរណា៕