ខឹម វាសនា៖ (សង្គ្រោះជាតិ)ទោះមានគ្នារាប់លាន ក៏នៅតែមានតម្លៃមួយរៀល
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - យកការណ៍៖ សុបិន្ត៖ ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 09, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វាពិតជាមានន័យ ប្រសិនបើគេតាមដាន ការឆ្លើយឆ្លងគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងរយៈពេលចុងក្រោយ ហើយកំពុងបន្តភាគទៅមុខ យ៉ាងសម្បើមដៃ។
ថ្លែងទៅកាន់សមាជិក និងថ្នាក់ដឹកនាំគណបក្សប្រចាំខេត្ត ព្រះសីហនុ កាលពី ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឬទ្ធិ ដែលអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានបរិហារអ្នកនយោបាយ មកពីគណបក្សមួយ ដោយមិនបញ្ចេញឈ្មោះ ថាចូលចិត្តប្រើពាក្យអសុរោះ ដូចជាពាក្យ អាឈាមថោក អាឈាមឆ្កែ អាចម៌ មកលើថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ និងថែមទាំងជេរសាសនា ដែលជាសាសនារបស់រដ្ឋថែមទៀត។
ពាក្យសម្ដីអសុរោះ ទាំងប៉ុន្មានខាងលើនេះ បើគេមិនច្រឡំទេ លោក យ៉ែម បុញ្ញឬទ្ធិ ទំនងជាចង់និយាយដល់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលគណបក្សនេះ ហៅខ្លួនឯងថា គណបក្ស«ជួង»។ ប៉ុន្តែអ្នកនាំពាក្យ របស់គណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលសម្បូរដោយវោហាស័ព្ទរូបនេះ បាននិយាយចំអក ដោយចំៗតែម្ដងថា អ្នកខ្លះថា លោកមិនស្គាល់ជួង មិនស្គាល់កណ្តឹង មុននឹងបកស្រាយឡើងថា៖ «ជួង គឺយ៉ាន់ឡាន គេប្រើសំរាប់ វ៉ៃជួងចេញលេង សំរាប់ក្មេងរៀន នៅសាលាបឋម រីឯកណ្តឹង គេប្រើសំរាប់ លក់ការ៉េមកី»។
តបទៅនឹងការលើកឡើង របស់លោក យ៉ែម បុញ្ញឬទ្ធិ ខាងលើ លោក ខឹម វាសនា ប្រធានគណបក្ស«ជួង» បានសរសេរតប នៅគណនីហ្វេសប៊ុករបស់លោក ទំនងជាទទួលស្គាល់ថា ជួងមានតម្លៃថោកមែន តែបើមានជួងកាន់តែច្រើន នោះវាយចេញស្នូរកាលណា នឹងតម្លើងសម្លេងខ្លាំង បានកាលនោះ។ លោក បានសរសេរថា៖ «លុយមួយរៀល ផ្គំុគ្នាច្រើន អាចបង្កើតបានលុយរាប់លាន រាប់កោដិ ដែលមានតំលៃមហាសាលបាន»
បន្ទាប់មកលោក ខឹម វាសនា បានបន្តបរិហា តបទៅវិញថា៖ «តែមនុស្សមួយរៀល ផ្គំគ្នាច្រើនប៉ុណ្ណា ច្រើនដល់រាប់លាននាក់ក៏ដោយ ក៏នៅតែមនុស្សមួយរៀលៗ ជាដដែលហ្នឹងឯង។ វានៅតែជាក្រុមមនុស្ស ដែលគ្មានតំលៃ លើលពីមួយរៀលហ្នឹងឯង។»
សំណេររបស់លោក ខឹម វាសនា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើការចែករំលែកភ្លាមៗ និងជាច្រើនដង។ ម្នាក់ពីក្នុងនោះ បានចោទសួរ ទៅលោកប្រធានគណបក្សជួងវិញថា តើក្រុមមន្ត្រី របស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ ឬបូកថែមទាំងពលរដ្ឋកម្ពុជា រាប់លាននាក់ (ជិតកន្លះប្រទេស) ដែលបោះឆ្នោតឲ្យគណបក្សមួយនេះ ក្នុងពេលកន្លងមក សុទ្ធតែជាមនុស្ស«មួយរៀល» ដូចការលើកឡើងរបស់លោកមែនឬ?