បក្ស​សង្រ្គោះ​ជាតិ​ប្រមូល​កម្មករ​ធ្វើ​បាតុកម្ម ជា​ជំហាន​ទី​មួយ

ការអំពាវនាវ​ហៅកម្មករ-កម្មការិនី ឲ្យចូលរួមធ្វើបាតុកម្ម ក្នុងបុព្វហេតុទាមទារការតម្លើងប្រាក់ខែ ជាមួយគណបក្ស​សង្គ្រោះជាតិនៅក្នុងថ្ងៃទី២៥ខែធ្នូនេះ ជាជំហានទីមួយ មុននឹងការអំពាវនាវក្រោយៗទៀត ទៅកាន់គ្រូបង្រៀន ឬ​មន្ត្រីរាជការនានាផ្សេងទៀត។ នេះជាការប្រកាសពីយុទ្ធសាស្ត្ររបស់លោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប នៅ​ចំពោះមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ យុទ្ធសាស្ត្រនេះ ទំនងជាស្របគ្នាជាមួយនឹងយុទ្ធនាការនយោបាយ របស់​គណបក្ស​ប្រឆាំងមួយនេះ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ទាមទារឲ្យមានការបោះឆ្នោតជាថ្មី។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការអំពាវនាវ​ហៅកម្មករ-កម្មការិនី ឲ្យចូលរួមធ្វើបាតុកម្ម ក្នុងបុព្វហេតុទាមទារការតម្លើងប្រាក់ខែ ជាមួយគណបក្ស​សង្គ្រោះជាតិនៅក្នុងថ្ងៃទី២៥ខែធ្នូនេះ ជាជំហានទីមួយ មុននឹងការអំពាវនាវក្រោយៗទៀត ទៅកាន់គ្រូបង្រៀន ឬ​មន្ត្រីរាជការនានាផ្សេងទៀត។ នេះជាការប្រកាសពីយុទ្ធសាស្ត្ររបស់លោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប នៅ​ចំពោះមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ យុទ្ធសាស្ត្រនេះ ទំនងជាស្របគ្នាជាមួយនឹងយុទ្ធនាការនយោបាយ របស់​គណបក្ស​ប្រឆាំងមួយនេះ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ទាមទារឲ្យមានការបោះឆ្នោតជាថ្មី។


លោក សម រង្ស៊ី (រូបខាងស្ដាំ) នៅចំពោះមុខបាតុករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង នៅថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងពេលចុងក្រោយនេះ គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ ត្រូវបានមជ្ឈដ្ឋាន​ទូទៅមើលឃើញថា កំពុងទាក់ទាញ និងបញ្ចុះបញ្ចូលកម្មករ-កម្មការិនី ដែលមិនពេញចិត្តចំពោះប្រាក់ខែគោល និងលក្ខខ័ណ្ឌការងារ​ផងនោះ ឲ្យចូលរួមសកម្មភាព ជាមួយគណបក្សសង្រ្គោះជាតិដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល។ បើការទាមទារ​របស់​ក្រុមកម្មករ ចង់ឲ្យពួកខ្លួនមានលក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ខែគោល ១៦០ដុល្លារ​អាមេរិក ចាប់ពីដើម​ឆ្នាំ​២០១៤​នេះទៅ ប៉ុន្តែក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិឯណោះវិញ បានទាមទារ និង​កំណត់ឲ្យលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីដំណែង និងការរៀបចំការបោះឆ្នោតឡើងវិញ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខ​កម្មករ-កម្មការិនី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា ដល់ពេលវេលាហើយដែលកម្មករ-កម្មការិនីទូទាំងប្រទេសកម្ពុជាត្រូវយល់ និងដឹងពីស្ថានភាពការណ៍បច្ចុប្បន្ន និងត្រូវចូលរួមតស៊ូជាមួយគណបក្សសង្រ្គោះជាតិ ដើម្បីយុត្តិធម៌សម្រាប់​សង្គម​កម្ពុជាទាំងមូល។

លោក សម រង្ស៊ី បញ្ជាក់ថា៖ «កម្មករ-កម្មការនីនៅខេត្តស្វាយរៀង និងខេត្តដ៏ទៃត្រូវចូលរួមជាមួយគ្នា​ដើម្បីជោគជ័យ​យើងទាំងអស់គ្នា(...)។ យើងសង្រ្គោះព្រៃឈើ ទ្រព្យសម្បត្តិជាតិដែលជនពុករលួយដឹកនាំប្រទេសសព្វថ្ងៃ កំពុង​បំផ្លិចបំផ្លាញ កំពុងតែយកទៅលក់ឲ្យបរទេសឈ្លានពាន(...)។ យើងត្រូវសង្រ្គោះជាតិយើងផង មិនមែនតែសង្រ្គោះ​ជីវភាព​របស់យើងក្នុងការតម្លើងប្រាក់ខែ។ យើងត្រូវជួយសង្រ្គោះអនាគតកូនចៅយើងទៅថ្ងៃមុខ។»

ជាមួយគ្នានេះលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុងទឹកដីខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៣​នេះ បានកំពុងចូលរួមជាមួយចលនាបាតុករច្រើនពាន់នាក់ ដែលចុះតវ៉ាតាមដងផ្លូវ និងមានការបិទ​ស្ពាន​មិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីសូណា) ដើម្បីទាមទារឲ្យមានការតម្លើងប្រាក់ខែគោល ឲ្យបាន១៦០ដុល្លារក្នុងមួយខែ និងលក្ខខណ្ឌផ្សេងទៀត។ ក្នុងការចូលរួមនោះ អនុប្រធានគណបក្សជំទាស់រូបនេះ ក៏បានឆ្លៀតលើកឡើងពីភាព​មិន​ប្រក្រតីក្នុងពេលការបោះឆ្នោតកន្លងមក ការទាមទារស៊ើបអង្កេតដោយឯករាជ្យ និងការទាមទារឲ្យបោះឆ្នោត​ឡើង​វិញផងដែរ។

រីឯនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នេះក៏មិនខុសពីខេត្តកំពង់ចាម និងខេត្តស្វាយរៀងដែរ។ ព្រោះ​មានកម្មករ-កម្មការិនី ច្រើនម៉ឺននាក់មកពី៣០រោងចក្រ បានមកចូលជាមួយគណបក្សសង្រ្គោះជាតិ​ នៅទីលាន​ប្រជាធិបតេយ្យ។ ការមកចូលរួមនេះ ត្រូវបានគេមើលឃើញថា ទំនងជាឆ្លើយតបតាមការអំពាវនាវ កាលពី​ពេល​ល្ងាចមួយថ្ងៃមុនរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធាន​សហភាព​សហជីព​កម្ពុជា ដែលបានប្រកាសឲ្យកម្មកររោងចក្រទាំងអស់ ធ្វើ«កូដកម្ម»ឈប់ធ្វើការ ដើម្បីមកចូលរួមធ្វើបាតុកម្ម ជាមួយ​គណបក្សប្រឆាំង។

ទំនងជាយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលចង់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យមាន​ទ្រង់ទ្រាយធំនោះផង ប្រធានសមាគម និងសហជីពរូបនេះ បានអះអាងថា ការអំពាវនាវរបស់លោក ទៅកាន់កម្មករ​លើកនេះ ជាជំហានទីមួយ។ លោក រ៉ុង ឈុន បានថ្លែងនៅទីលានប្រជាធិបតេយ្យថា «ខ្ញុំនឹងទុកឲ្យកម្មករទៅ​មួយ​ជំហាន​មុន។ បន្ទាប់មក ខ្ញុំនឹងអំពាវនាវឲ្យគ្រូ (បង្រៀន) នៅទូទាំងប្រទេស និងមន្ត្រីរាជការទូទាំងប្រទេស ត្រូវតែធ្វើ​កូដកម្ម​មិនធ្វើ​ការ ដើម្បីទាមទារបៀវត្ស។»

សូមរម្លឹកថា ការតវ៉ាជាទ្រង់ទ្រាយធំរបស់កម្មករ-កម្មការនីជាមួយគណបក្សសង្រ្គោះជាតិនៅពេលនេះ គឺធ្វើឡើង​ក្រោយពេលមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់ ក្រសួងការងារដែលបាន​សម្រេចតម្លើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុង​រយៈ​ពេល​៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះ បានបូកជាមួយប្រាក់ខែគោល​ដែលមានស្រាប់​ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូត​ដល់​ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...