រដ្ឋមន្ត្រីក្រសួងការងារ៖ តើយើងគួរជឿបក្សប្រឆាំង ឬគួរជឿ ILO?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៩ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី៩ ខែមិថុនានេះ បានចាត់ទុកថារបាយការណ៍របស់អង្គការ ILO នាពេលកន្លងមកថា មានភាពច្បាស់លាស់ ជាងអ្វីដែលលើកឡើងដោយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។
រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។
វិស័យការងារ - លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈ បានបង្ហាញនូវការគាំទ្រជាថ្មី ទៅលើរបាយការណ៍អង្គការពលកម្មអន្តរជាតិការងារ (ILO) កាលពីពេលថ្មីៗនេះ ទាក់ទងទៅនឹងអត្រានៃអ្នក«អត់» ការងារធ្វើនៅកម្ពុជា មានត្រឹមតែ០,៣ភាគរយនោះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ បន្ទាប់ពីលោករដ្ឋមន្រ្តីត្រឡប់ពីចូលរួមកិច្ចប្រជុំ សន្និបាទរបស់អង្គការពលកម្មអន្តរជាតិការងារ (ILO) លើកទី១០៣ នៅប្រទេសស្វីស។
រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ដូច្នេះថា៖ «របាយការណ៍ ILO ជារបាយការណ៍មានលក្ខណៈអព្យាក្រិត្យ ដែលអាចជឿទុកចិត្តបាន។ (...) អត្រាឥតការងារធ្វើ បើប្រៀបធៀបប្រទេសយើងនៅក្នុងអាស៊ានមានទាបបំផុត បើប្រៀបធៀបទៅយើងមានកម្រិតត្រឹមតែ០,៣ភាគរយតែប៉ុណ្ណោះ នៅក្នុងចំណោមប្រជាពលរដ្ឋយើង។»
ក្នុងរបាយការណ៍អង្គការ ILO ឆ្នាំ២០១៣ ប្រទេសកម្ពុជាសម្រាប់អាត្រាគ្មានការងារធ្វើ ទាបជាងគេ តែត្រឹម០,៣ ភាគរយប៉ុណ្ណោះ ពីចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០។ ក្នុងនោះប្រទេសជិតខាងនៃកម្ពុជា រួមមានដូចជាប្រទេសឡាវមានដល់១,៤ភាគរយ។ ប្រទេសវៀតណាមមាន ១,៩ភាគរយ និងប្រទេសថៃមាន០,៨ភាគរយ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រឌីណេស៊ិន (THE NATION) របស់ថៃ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្មីៗនេះក៏បានថ្លែងក្នុងលិខិតមួយ ជាភាសាអង់គ្លេសទៅកាន់ប្រធានអង្គការ ILO ប្រចាំកម្ពុជាថា របាយការណ៍អង្គការ ILO នេះមិនឆ្លើយតបទៅនឹងស្ថានការជាក់ស្តែង នៃអត្រាអ្នក«គ្មាន»ការងារធ្វើនៅកម្ពុជានោះទេ។ លោកបានចាត់ទុកថា របាយការណ៍នោះមិនត្រឹមត្រូវទេ។ លោកនិយាយថា៖ «(វា)គួរឲ្យសោកស្តាយខ្លាំងណាស់ ក្នុងការអាននូវរបាយការណ៍របស់អង្គការ ILO និង អង្គការអន្តរជាតិមួយចំនួនទៀត ដូចជា IMF ជាដើម ដែលនៅតែចេញផ្សាយ នូវទិន្នន័យដែលមានលក្ខណៈមួលបង្កាច់ ហើយខុសទាំងស្រុងពីអ្វីដែលជាការពិត។»
លោករដ្ឋមន្រ្តីក្រសួងការងារ ដែលទំនងជាចង់«ប្រឆាំង»ទៅនឹងអ្វី ដែលជាការលើកឡើងដោយគណបក្សសង្គ្រោះជាតិផងដែនោះ បានបញ្ជាក់ឲ្យដឹងទៀតថា៖ «បក្សប្រឆាំង មិនដែលថាមានអ្វីល្អ ឬប្រសើរសម្រាប់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋ គាត់មិនដែលថាល្អទេ។ (...) អ្វីដែលបក្សប្រឆាំងនិយាយ (វា) មិនដែលពិតទេ តែងតែផ្ទុយពីការពិត។ (...) ILO គាត់ធ្វើការតាមវិជ្ជាជីវៈឯករាជ្យ គាត់ឃើញល្អ ថាល្អ ហើយមិនមែនដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ (...) តើយើងគួរជឿអ្នកណាឥឡូវ គួរជឿបក្សប្រឆាំង ឬគួរជឿ ILO?»៕