ជា មុន្នី ថ្កោលទោស​ការ​បង្ក្រាប​យ៉ាង​សាហាវ តែ​ខេង ទីតូ​ថា​មិន​ដឹង

បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មកររោងចក្រ អែស.អិល និងកងកម្លាំងសមត្ថកិច្ចមក អង្គការសិទ្ធិមនុស្ស និងសហជីកម្មករបានធ្វើការថ្កោលទោស ចំពោះការបង្រ្កាបនេះ ថាជាអំពើហិង្សាយ៉ាងសាហាវ។ តែសមត្ថកិច្ចអះអាងថា ការប៉ះទង្គិចនេះ បណ្តាលមកពីបាតុករប្រើអំពើហិង្សា មកលើសមត្ថកិច្ចមុន ដូចច្នេះសមត្ថកិច្ចចាំបាច់ត្រូវតបតដើម្បី គ្រប់គ្រងស្ថានការណ៍កុំឲ្យរីករាលដាល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្មកររោងចក្រ អែស.អិល និងកងកម្លាំងសមត្ថកិច្ចមក អង្គការសិទ្ធិមនុស្ស និងសហជីកម្មករបានធ្វើការថ្កោលទោស ចំពោះការបង្រ្កាបនេះ ថាជាអំពើហិង្សាយ៉ាងសាហាវ។ តែសមត្ថកិច្ចអះអាងថា ការប៉ះទង្គិចនេះ បណ្តាលមកពីបាតុករប្រើអំពើហិង្សា មកលើសមត្ថកិច្ចមុន ដូចច្នេះសមត្ថកិច្ចចាំបាច់ត្រូវតបតដើម្បី គ្រប់គ្រងស្ថានការណ៍កុំឲ្យរីករាលដាល។


rថយន្ដនិងម៉ូតូ របស់កងនគរបាល ត្រូវបានក្រុមបាតុករ ដុតកម្ទេចចោល។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី១២ ខែ​វិច្ឆិការ ឆ្នាំ២០១៣ នេះថា៖ «ហេតុការណ៍នេះ មិនមែជាការប៉ះទង្គិចទេ វាជាការបង្រ្កាបយ៉ាងសាហាវ ពីព្រោះបើ​និយាយ​អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ កម្មករ កម្មការនី គ្រាន់តែដើររកការអន្តរាគមន៍ ទាក់ទងនឹងសិទ្ធិ មិនគួរធ្វើការបង្រ្កាប​ដោយចុងការណុង ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសញ្ចឹងទេ»។

ករណីប៉ះទង្គិចនេះ យោងលើតុល្យការចុងក្រោយនៅកន្លែងកើតហេតុមុខវត្តស្ទឹងមានជ័យ បានឲ្យដឹងថា​ស្ថានការណ៍ បានវិលទៅរកសភាពដើមវិញ ត្រឹមម៉ោង១ រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ តែរបាយការណ៍ថ្មី បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ និង១២នាក់រងរបួស ខណៈកម្មករ២៥នាក់ និងព្រះសង្ឃវត្ត​ស្ទឹងមានជ័យ​១២អង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ។

អ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជា លោក ខេង ទីតូ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា អំពើហិង្សា​ដែល​បានកើតឡើងរវាងកម្មកររោងចក្រ អែស.អិល និងកងកម្លាំសមត្ថកិច្ច គឺបណ្តាលមកពីកម្មកររោងចក្រជាអ្នកបង្ករ ដូច្នេះ​សមត្ថកិច្ចបានបញ្ជូនកម្លាំងបន្ថែម ដើម្បីមក«បង្រ្កាប» និងគ្រប់គ្រងស្ថានការណ៍ឲ្យមានប្រក្រតីភាពឡើងវិញ។ អ្នកនាំ​ពាក្យដដែលនេះបញ្ជាក់ថា៖ «វាកើតឡើងដោយសារកម្មករប្រើអំពើហិង្សា មកលើសមត្ថកិច្ច ដូចជាដុតឡាន ដុតម៉ូតូ បង្ក​ររបួសស្មាមទៅលើសមត្ថកិច្ច អញ្ចឹងសមត្ថកិច្ចក៏មានការទប់ទល់ ការពារដើម្បីកុំឲ្យបាតុករធ្វើបាតុកម្មរីរាលដាល»។

នៅលើបណ្ដាញសង្គមហ្វេសបុក ទំព័រជាច្រើន បានបង្ហោះ និងចែកផ្សាយ អំពីវីឌីអូ និងរូបភាព នៃហេតុការណ៍នេះ ជា​ពិសេសសកម្មភាពបាញ់រះ​របស់​សមត្ថកិច្ច​លើក្រុមកម្មករ និងរូបភាពកម្មករត្រូវបានរងរបួស ដោយគ្រាប់កាំភ្លើងពិត។ លោក ខេង ទីតូ បានបដិសេធ​ថាមិនបានដឹងអំពីការដែលសមត្ថកិច្ច បានបាញ់គ្រាប់ពិតទៅលើហ្វូងបាតុករ ក្នុងកំឡុង​ពេលប៉ះទង្គិច ដែលបណ្តាលឲ្យ​មានអ្នកស្លាប់ និងរបួសជាច្រើននាក់បែបនេះទេ។

គួររម្លឹកថា វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ អែស.អិល បានបន្តអូសបន្លាយ មិនអាចដោះស្រាយរួច អស់​រយៈ​ពេលជាង៣ខែមកហើយ បើទោះជាមានការស្នើឲ្យ មានការអន្តរាគមន៍ដោះស្រាយ ពីសំណាក់ក្រសួងការងារ សាលា​រាជធានីភ្នំពេញ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្តងហើយម្តទៀតក៏ដោយ។ ការបន្តអូសបន្លាយ និងការបរាជ័យ​ចំពោះការដោះស្រាយ វិវាទការងារនេះ បានជម្រុញឲ្យកម្មកររោងចក្រ អែសអិល បន្តយកញ្ញត្តិមកដាក់ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុ សែន ដើម្បីឲ្យជួយដោះស្រាយជាថ្មីទៀត តែត្រូវបានសមត្ថកិច្ចហាមឃាត់។

ជុំវិញករណីនេះ លោក មឿន តុលា ប្រធានផ្នែកកម្មវិធីសិទិ្ធការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បាន​ពន្យល់ថា ក្រុមកម្មករគឺជាមនុស្ស មិនមែជាសត្វនោះទេ ពួកគេអាចនិយាយស្តាប់គ្នាបាន ដូច្នេះ ប្រសិនបើយកបញ្ហា​របស់ពួកគេទៅដាក់លើតុដោះស្រាយ និងមិនបិទផ្លូវរបស់ពួកគេ នោះប្រាកដជាមិនមានបញ្ហានេះកើតឡើងនោះទេ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...