សុខ ឈុនអឿន៖ ពីរ​មិន មួយ​រាយការណ៍ (ទ្រឹស្ដី​កុម្មុយនីស)

«ពីរមិន មួយរាយការណ៍» នេះជាកិច្ចសន្យាមួយ ដែលសមត្ថកិច្ចបានដាក់កំហិត ទៅលើ លោក សុខ ឈុនអឿន មុននឹងលោកត្រូវបានគេដោះលែង អោយមានសេរីភាព បន្ទាប់ពីមិនអាចរកទោសកំហុសណាមួយ ដើម្បីដាក់បន្ទុក​ទៅលើរូបលោក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពីរមិន មួយរាយការណ៍» នេះជាកិច្ចសន្យាមួយ ដែលសមត្ថកិច្ចបានដាក់កំហិត ទៅលើ លោក សុខ ឈុនអឿន មុននឹងលោកត្រូវបានគេដោះលែង អោយមានសេរីភាព បន្ទាប់ពីមិនអាចរកទោសកំហុសណាមួយ ដើម្បីដាក់បន្ទុក​ទៅលើរូបលោក។


លោក សុខ​ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលត្រឡប់មកដល់ទីស្នាក់ការសមាគមវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - «បន្ទាប់ពីគេដោះលែង សមត្ថកិច្ចបានអោយខ្ញុំចុះកិច្ចសន្យាបី គឺទីមួយមិនអោយចូលរួម សកម្មភាព​ដែលខុសច្បាប់ទីពីរ មិនអោយញុះញង់ធ្វើបាតុកម្ម-កូដកម្មខុសច្បាប់ ទីបី រាល់សកម្មភាពណា ដែលយើងឃើញ​ពាក់​ព័ន្ធនិងសន្តិសុខសង្គម សូមអោយយើងសហការរាយការណ៍ ទៅក្រសួងមានសមត្ថកិច្ច»។ នេះជាការលើកឡើង​របស់លោក សុខ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីលោកត្រូវបាន​ស្នងការ​ដ្ឋាន​នគរបាលរាជាធានី ភ្នំពេញ ដោះលែងអោយមានសេរីភាពវិញ។

ការលើកឡើងរបស់លោកថា «ពីរមិន មួយរាយការណ៍» នេះ បានធ្វើឲ្យគេនឹកឃើញឡើងវិញ ពីទស្សវត្តន៍ឆ្នាំ៨០ នៃ​របបកុម្មុយនីសសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលអាជ្ញាធរកុម្មុយនីសកម្ពុជា នៅក្រោមការត្រួតត្រារបស់​កងទ័ព​ប្រទេសវៀតណាម បានចេញពាក្យស្លោកមួយ ប្រហាក់ប្រហែលនឹងឃ្លានេះដែរ នោះគឺ«បីមិន មួយរាយការណ៍» ដើម្បីកំណត់កុំឲ្យប្រជាជនកម្ពុជា ចិញ្ចឹម សហការ លាក់ទុកខ្មាំងសត្រូវ និងត្រូវរាយការណ៍ស្មោះស្ម័គ្រជាមួយ​បក្ស​និងរដ្ឋដែលតំណាងដោយអាជ្ញាធរតំបន់។

លោក សុខ ឈុនអឿនយល់ថា ការបង្ខំអោយចុះកិច្ចសន្យានេះ ជាចេតនាគម្រាមកំហែងមួយ៖ «ជាទូទៅក្នុងនាម​យើងជាប្រជាពលរដ្ឋ យើងចង់ធ្វើសកម្មភាពណា ដែលគោរពច្បាប់ទាំងអស់គ្នា ប៉ុន្តែបើអាជ្ញាធរ ចង់អោយ​ប្រជា​ពលរដ្ឋគោរពច្បាប់ ត្រូវផ្តើម​ចចេញពីអាជ្ញាខ្លួនឯងជាមុនសិន»។

ទាក់ទងនិងការឃាត់ខ្លួននេះដែរ លោក គីម សុជាតិ មេធាវីការពារអោយលោកសុខ ឈុនអឿន បានសម្តែងនូវការ​យល់ឃើញថា «ការអោយចុះកិច្ចសន្យាទាំងបីចំណុចនេះ វាជា"លេសមួយ"របស់សមត្ថកិច្ច ដើម្បីកុំអោយចាប់​ទៅ​ហើយ តែមិនបានធ្វើអ្វីសោះ អញ្ចឹងមានតែអោយចុះកិច្ចសន្យា ព្រោះបើសិនបើលែងទទេមកវិញនោះ វាដូចជាអត់​រឿងអី ហើយបើអត់មានរឿងអីទៅឃាត់ខ្លួនគេនោះ ដែលវាគ្រាន់តែជាការធ្វើអោយតែមាន។ គាត់បង្ករឿង ដើម្បី​បង្កើតរឿង។»

ក្នុងនាមជាអ្នកច្បាប់ម្នាក់ លោកបានពន្យល់ទៅតាមផ្លួវច្បាប់ថា «ករណីលោក សុខ ឈុនអឿននេះ ខ្ញុំឃើញថាមិន​មានអ្វីពាក់ព័ន្ធនឹងផ្លូវច្បាប់ទេ ព្រោះថាការចាប់ខ្លួនហ្នឹង មិនដឹងចោទពីបទអ្វីទេ ពេលខ្ញុំសួរ សមត្ថកិច្ចក៏គាត់​ឆ្លើយ​ដាក់គ្នាថា អត់ដឹងដែរមិនដឹងថាករណីអីទេ។ យើងសង្កេតឃើញថា គ្រាន់តែការជួបជុំទៅអុជធូបអញ្ចឹង មិនបាច់​ទៅសុំច្បាប់ពីអាជ្ញាធរទេ បើតាមខ្ញុំមើលឃើញ វាគ្រាន់តែជាការចាប់តាមអារម្មណ៏យល់ឃើញ និងចង់បំបាក់​ស្មារតី​អ្នកតវ៉ា ។ បើទោះជាចាប់ខ្លួនតាមការប្រកាសរបស់សាលាក្រុង ថាមិនអោយមានការជួបជុំគ្នា​ចាប់ពី១០នាក់​ឡើង​ទៅនោះ វាក៏មិនមែនរឿងខុសច្បាប់ដែរ ព្រោះលិខិតដែលចេញនោះ គ្រាន់តែជាពាក្យចចាមអារាម គ្មានលិខិត​ផ្លូវ​ការច្បាស់លាស់ទេ។»

មេធាវីរូបនេះបានប្រតិកម្មទៀតថា ការអនុវត្តច្បាប់នៅកម្ពុជាបច្ចុប្បន្ននេះ មិនត្រឹមត្រូវតាមមូលដ្ឋានច្បាប់​ដែល​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ តែជាការអនុវត្តន៍ច្បាប់ ទៅតាមបញ្ជានិងអារម្មណ៍។ លោកនិយាយទៀតថា «ប្រសិនបើ​គាត់ធ្វើអ្វីខុសច្បាប់ពេលនោះ ប្រហែលជាសមត្ថកិច្ចបញ្ជូនគាត់ ទៅតុលាការបាត់ហើយ ការដែលសមត្ថកិច្ច​ដោះ​លែងនេះ បញ្ជាក់គាត់អត់មានធ្វីខុសទេ វាជាការត្រឹមត្រូវ។ ហើយការចាប់យកទៅឃុំខ្លួន ជាវាការរំលោភសិទ្ធិ​សេរីភាព និងកិត្តិយសរបស់គាត់។»

ចំណែកឯមន្រ្តីកាពារសិទ្ធមនុស្ស លោកណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធមនុស្ស និងមេធាវីតំបន់របស់​សមាគម​អាដហុក បានបញ្ជាក់ថា «ប្រជាពលរដ្ឋទាំងអស់ រួមទាំងលោក សុខ ឈុនអឿន ផង មានសិទ្ធិធ្វើបុណ្យធ្វើ​ទាន​បួងសួង សុំអោយដោះលែងអ្នកឃុំទាំ២៣នាក់ ដែលសកម្មភាពទាំងអស់នេះ វាមិនមែនជាការខុសច្បាប់នោះទេ។ តែផ្ទុយទៅវិញ ការហាមឃាត់មិនអោយជួបជុំចាប់ពី១០នាក់ ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងការបំបិទ​សិទ្ធ​មិនធ្វើការតវ៉ា នោះទើបវាជាសកម្មភាពខុសច្បាប់។»

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្ម ពីស្នងការដ្ឋានរាជធានីភ្នំពេញ បាននៅឡើយ​រហូត​មកទល់រសៀលនេះ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...