​ប៉ារីស សម្ពោធ​ស្ដូប​ឧទ្ទិស​ដល់ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម

កាលពីម្សិលម៉ិញ ចៅហ្វាយរដ្ឋធានីប៉ារីស អ្នកស្រី អាន អ៊ីណាហ្គោ (Anne Hidalgo) រួមជាមួយនឹងមន្ត្រីបារាំង អ្នកមុខអ្នកការជាច្រើននាក់ បានសម្ពោធស្ដូបមួយ នៅក្នុងឧទ្យាន នៃសង្កាត់ទី១៣ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ រវាងពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ ១៩៧៩។ វាជាស្ដូប ឧទ្ទិសដល់ប្រជាជាតិខ្មែរ ដំបូងគេបង្អស់ នៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូល។
​ប៉ារីស សម្ពោធ​ស្ដូប​ឧទ្ទិស​ដល់ជន​រងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម
អភិបាលរដ្ឋធានី ប៉ារីស អ្នកស្រី អាន អ៊ីដាល់ហ្គោ ដែលពាក់សញ្ញាទង់ជាតិបារាំង នៅជាប់ខ្លួន (ដើម្បីសម្គាល់ថា អ្នកស្រីត្រូវបានជ្រើសតាំង ដោយការបោះឆ្នោត) បានថ្លែងនៅក្នុងពិធីសម្ពោធស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 19, 2018
  • ប្រធានបទ: វាលពិឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីម្សិលម៉ិញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ពោលគឺ៤៣ឆ្នាំក្រោយ ពេលបនប៉ុលពត​បានឈ្នះសង្គ្រាម ចូលកាន់កាន់រាជធានីភ្នំពេញ ដើម្បីបង្កើតរបបវាលពិឃាត បីឆ្នាំប្រាំបីខែម្ភៃថ្ងៃនោះ នៅឯរដ្ឋធានីប៉ារីស ប្រទេសបារាំងឯណោះ ស្ដូបរំលឹកវិញ្ញាណក្ខន្ធមួយ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ​ក្នុងរបបនេះ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ស្ដូបឧទ្ទិសជូនជនរងគ្រោះខ្មែរនេះ ត្រូវបានសង់ឡើងជាលើកដំបូងបង្អស់ នៅក្នុងទ្វីបអ៊ឺរ៉ុប ដោយការផ្ដួចផ្ដើម របស់សមាគមខ្មែរបារាំងជាច្រើន ដោយមានការគាំទ្រ ពីសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និងពីក្រុមប្រឹក្សាជាន់ខ្ពស ទទួលបន្ទុកកិច្ចការអាស៊ី របស់ប្រទេសបារាំង (Haut Conseil des Asiatiques de France)។ ស្ដូបនេះ មានទីតាំងនៅកណ្ដាលឧទ្យាន «Parc de Choisy» នៃសង្កាត់ទី១៣ របស់រដ្ឋធានីប៉ារីស។

នៅចំពោះសមាជិកសភា និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនសិបនាក់ រាប់ទាំងបារាំង ទាំងខ្មែរ និងទាំងបណ្ដាជនជាតិអាស៊ី មួយចំនួន​ផង អ្នកស្រី អាន អ៊ីដាល់ហ្គោ (Anne Hidalgo) អភិបាលរដ្ឋធានីប៉ារីស បានថ្លែងឡើងថា៖ «ថ្ងៃនេះដដែល តែ៤៣ឆ្នាំក្រោយ យើងបានសម្ពោធ នៅក្នុងឧទ្យាន នៃសង្កាត់ទី១៣ នូវស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះខ្មែរ ប្រមាណជិត ២លាននាក់ (ដែលបានបាត់បង់ជីវិត ក្នុងរបបខ្មែរក្រហម)»។ 

ស្ដូបរំលឹកវិញ្ញាណក្ខន្ធនេះ នឹងអនុញ្ញាតឲ្យបណ្ដាជនបារាំង ដែលមានដើមកំណើតខ្មែរជាច្រើន ជាពិសេសជនភៀសខ្លួន ពីសង្គ្រាមនៅកម្ពុជា និងកូនចៅរបស់ពួកគេ អាចសំដែងមរណទុក្ខ និងរំលឹកទៅដល់ញាតិផៅសន្ដាន ដែលបានបាត់ខ្លួន ឬរងគ្រោះ។

ស្ដូបឧទ្ទិសដល់ជនរងគ្រោះ ត្រូវបានសាងសង់ឡើង ពីកញ្ចក់ដ៏ក្រាស់ពីរជាន់ ដោយមានរូបព្រាលៗ បង្ហាញពី​ប្រជាជនកម្ពុជា មានស្ត្រីកុមារជាអាទិ៍ កំពុងត្រូវបានជម្លៀសចេញ ពីប្រាសាទអង្គរដ៏ល្បី។ នៅផ្នែកខាងលើ មានអក្សរបារាំងមួយឃ្លា ដែលត្រូវបានសរសេរបកប្រែ ជាខេមរភាសា នៅផ្នែកខាងក្រោមស្ដូប មានអត្ថន័យទាំងស្រុង​ថា៖ «ឧទ្ទិសដល់វិញ្ញាណក្ខន្ធ នៃនរងគ្រោះទាំងអស់ នៅក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បង្កឡើងដោយរបបខ្មែរក្រហម នៅកម្ពុជា (១៩៧៥-១៩៧៩)»។

អ្នកស្រីអភិបាលរដ្ឋធានី បានបន្តថា៖ «ខ្ញុំសូមកោតសរសើរ ចំពោះសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ បណ្ដាសមាគម​នៃជនរងគ្រោះ និងក្រុមប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអាស៊ី របស់ប្រទេសបារាំង ដែលបានធ្វើការតស៊ូ ដើម្បីទាមទារឲ្យមានការថ្កោលទោស ប្រឆាំងរបបខ្មែរក្រហម (...) អ្វីដែលបានកើតឡើង នៅកម្ពុជានៅឆ្នាំ១៩៧៥ មានជាប់ទាក់ទង នឹងមនុស្សជាតិទាំងមូល។ យើងត្រូវតែចងចាំ ព្រោះមិនមានអ្វី ដែលអាចសាងសង់ សម្រាប់អនាគតបាន ដោយបិទចោល នូវអតីតកាលនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...