បក្សសង្រ្គោះជាតិទទូចឲ្យបក្សប្រជាជនឈប់ប្រើអំពើហិង្សា
ភាពជាប់គាំងផ្នែកនយោបាយ ចាប់ពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែក្កដាឆ្នាំ២០១៣ បានជម្រុញឲ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ និងកម្លាំងសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលបណ្តាលឲ្យមានអ្នកស្លាប់ រងរបួស និងត្រូវឃាត់ខ្លួនជាបន្តបន្ទាប់។ ក្នុងករណីនេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានទម្លាក់ការទទួលខុសត្រូវទៅលើ គណបក្សប្រជាជនកម្ពុជា ហើយបានទទូចដល់គណបក្សគ្រប់គ្រងអំណាចនេះឈប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ។
លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក្នុងពេលចុះជួបអ្នកគាំទ្រនៅលើទឹកដីខេត្តកំពត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ បានអត្ថាធិប្បាយថា ប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញការឈឺចាប់ និងការខាតបង់យ៉ាងធំសម្បើម ដោយសារតែខ្មែរ និងខ្មែរ មិនចេះដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ហើយបែរជាចាប់យកការប្រើអំពើហិង្សាមកជំនួសទៅវិញ។
ចំពោះអំពើហិង្សាដែលកើតឡើងជាបន្តបន្ទាប់ ក្នុងពេលចុងក្រោយនេះ ត្រូវបានលោក កឹម សុខា បញ្ជាក់ថា៖ «គ្មានអ្វីឈឺចាប់ជាងអំពើហិង្សាទេ ពេលយើងប្រើអំពើហិង្សា ធ្វើទារុណកម្ម បាញ់សម្លាប់លើអ្នកដ៏ទៃ យើងមិនដឹងថាគេឈឺចាប់ប៉ុណ្ណានោះទេ តែថ្ងៃណាមួយគេធ្វើមកលើគ្រួសារយើង ប្រពន្ធកូនយើង តើយើងឈឺចាប់ប៉ុណ្ណា? ដូច្នេះគណបក្សង្រ្គោះជាតិអត់ចង់ឲ្យមានអំពើហិង្សាញ្ចឹងទៀតទេ យើងសូមអង្វរករដល់គណបក្សប្រជាជនកម្ពុជា អ្នកកាន់អំណាចបច្ចុប្បន្ន ឈប់ប្រើអំពើហិង្សាពីថ្ងៃនេះតទៅ។»
ជុំវិញការលើកឡើងរបស់អនុប្រធានគណបក្សជំទាស់រូបនេះ ទស្សនាដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យកងកម្លាំងសមត្ថកិច្ច និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ណាមួយ ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ តែកន្លងមកក្រោយការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស សមត្ថកិច្ចដែលគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងថ្លែងការពារខ្លួនថា ការបង្រ្កាបនោះគឺក្នុងហេតុផលការពារខ្លួន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
បើទោះជាសមត្ថកិច្ចបានអះអាងយ៉ាងនេះក្តី ក៏ការ«បង្រ្កាប» កន្លងមក តែងត្រូវបាន គណបក្សជំទាស់ សហគមន៍ជាតិ និងអន្តរជាតិ ធ្វើការថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ថាជាការបរាជ័យក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ហើយចាត់ទុកការបង្រ្កាប មិនមែនជាដំណោះស្រាយដល់ឬសគល់នៃបញ្ហានោះទេ។
សូមរម្លឹកថា ភាពមិនចុះសម្រុងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ តាំងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានធ្វើឲ្យស្ថានការណ៍នយោបាយកម្ពុជាមានភាពតានតឹងពីមួយកម្រិតទៅមួយកម្រិត ដែលបណ្តាលឲ្យមានការផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ ហើយក្រោយការបញ្ចប់អំពើហិង្សា គណបក្សគ្រប់គ្រងអំណាច និងគណបក្សជំទាស់ តែងឆ្លើយយកត្រូវរៀងៗខ្លួន និងបានទម្លាក់ការទទួលខុសត្រូវទៅលើភាគីម្ខាងទៀត៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤