សុខ ឈុនអឿន អនុប្រធានរបស់ វន់ ពៅ ត្រូវបានដោះលែងវិញ
នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ខែមករា ម្សិលមិញនេះ។ ជាការឃាត់ខ្លួនមួយ ដែលត្រូវបានធ្វើបានធ្វើឡើងយ៉ាងទាន់ហន់ គ្មានទាំងដីកាចាប់ខ្លួន និងគ្មានទាំងការបញ្ជាក់ពីមូលហេតុអ្វីទាំងអស់។
លោក សុខ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនអស់មួយយប់ ។ ខណៈពេលដែលលោក ចេញពីស្នងការរាជធានីភ្នំពេញ លោក សុខ ឈុនអឿន បានថ្លែងយ៉ាងខ្លីថា «គេមិនបានបញ្ជាក់ពីទោសកំហុសអីនោះ គេគ្រាន់តែបញ្ជាក់ថា លើកក្រោយមិនអោយមានការជួបជុំគ្នានៅទីសាធារណៈទៀត»។
ឯខាងស្នងការរាជធានីភ្នំពេញ ក៏មិនបានបញ្ជាក់អោយបានច្បាស់លាស់ដែរ ពីការឃាត់ខ្លួន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ។
សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី១៩ ខែមករាឆ្នាំ២០១៤ លោកសុខ ឈុនអឿន ប្រធានស្តីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកាន់ការជំនួសលោក វន់ ពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន ខណៈរូបលោកចូលរួមធ្វើពិធីបួងសួងនៅមុខព្រះអង្គដងកើ សូមឲ្យវត្ថុសក្ដិសិទ្ធិជួយបន្ទន់ចិត្តរដ្ឋាភិបាលឲ្យដោះលែងមនុស្ស ២៣នាក់ដែលជាប់ពន្ធនាគារត្រពាំងផ្លុង។
ចំពោះហេតុការណ៍នៃការចាប់ខ្លួននេះ គេនៅមិនទាន់ដឹងមូលហេតុអ្វីនៅឡើយទេ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោកវន់ ពៅ បាននិយាយដោយការហួសចិត្តថា «គ្មាននរណាគ្រប់គ្នាដឹងថា មូលហេតុអីបានជាគេចាប់ខ្លួនគាត់នោះទេ ព្រោះរាល់ដងគាត់មិនដែលបញ្ចេញសកម្មភាព ចេញមុខចេញមាត់នោះទេ ហើយភាគច្រើនគាត់តែងកាន់អាយកូមមួយ ដើរនៅក្នុងហ្វូងសមត្ថកិច្ច។ នៅពេលដែលគេឃើញអញ្ចឹងម្នាក់ៗសើចហួសចិត្តគ្រប់គ្នា។»
អ្នកស្រីយល់ថា ជាការគម្រាបមិនអោយធ្វើការតវ៉ាតទៅទៀត។ នេះជាការបញ្ជាក់របស់អ្នកស្រី «ខ្ញុំមិនដឹងថា តើគេចាប់ហ្នឹងដើម្បីគម្រាមឬយ៉ាងណានោះទេ តែខ្ញុំគិតថាប្រហែលជាគេចាប់ប្រធានហើយ ចង់ចាប់អនុប្រធានទៀតដើម្បីបំបាក់ទឹកចិត្តសកម្មជន ឬសមាជិករបស់ប្តីខ្ញុំ»។
«បើទោះបីជាចាប់គេខ្លួន ទាំងប្តីខ្ញុំ និងលោកសុខ ឈុនអឿនក៏ដោយ ប៉ុន្តែសកម្មជនខ្ញុំ នៅតែមិនខ្លាចមិនចុះញ៉ម ព្រោះដល់ដំណាក់កាលនេះហើយ អត់មានអីត្រូវខ្លាចទៀតនោះទេ ព្រោះរដ្ឋាភិបាល មិនដែលផ្តល់តម្លៃអោយប្រជាពលរដ្ឋផង» នេះជាការអះអាងរបស់ អ្នកស្រី ប្រាក់ សុវណ្ណារី។
ទាក់ទងនិងការចាប់ខ្លួនខាងលើនេះដែរ លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ និងជាអ្នកឃ្លាំមើលសកម្មភាពនោះបានអោយដឹងថា «បើសិនជាមិនមានដីការចាប់ខ្លួនណាផ្សេងទេ បើគ្រាន់តែប៉ុណ្ណឹងវាជាការចាប់ខ្លួនដោយខុសច្បាប់ ពីព្រោះសិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី តាមរយៈនៃការបួងសួង តាមព្រះពុទ្ធសាសនាគឺមិនមាននៅក្នុងច្បាប់បាតុកម្មទេ វាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋទៅ»។
-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤