សភាអ៊ឺរ៉ុបប្រតិកម្មនឹងការចាប់ចង និងការលួចបន្លំសន្លឹកឆ្នោតនៅកម្ពុជា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សភាអ៊ឺរ៉ុប សម្ដែងការព្រួយបារម្ភ នៅចំពោះស្ថានភាពនៃក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជនបក្សប្រឆាំង នៅប្រទេសកម្ពុជា ស្ដែងចេញដោយការចាប់ចង់មនុស្ស២៣នាក់ កាលពីពេលថ្មីៗ និងរបាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោតដ៏ធំមួយ។ នេះជាដំណោះស្រាយមួយនៅក្នុងដំណោះស្រាយចំនួនបី ដែលសភាអ៊ឺរ៉ុបបានសម្រេចកាលពីថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមករា សម្រាប់ប្រទេសចំនួនបី នៅអាស៊ី នោះគឺកម្ពុជា ឡាវ និងបង់ក្លាដេស។
ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)
សិទ្ធិមនុស្ស - ដូចទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានជម្រាបជូនរួចហើយ កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែមករា ស្ដីពីសេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុប ដែលថ្លែងបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួន នៅចំពោះមុខសភាពការណ៍បង្ក្រាបក្រុមអ្នកតវ៉ានៅកម្ពុជា ហើយបានធ្វើឲ្យរំជួយដល់ពិភពលោកទាំងមូល។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដីនឹងជម្រាបជូនទាំងស្រុងពីសេចក្ដីប្រកាសព័ត៌មាននោះទាំងស្រុង ដូចខាងក្រោម។
សេចក្ដីប្រកាសព័ត៌មាននោះ មានសរសេរទាក់ទងបូកបញ្ចូលដែរ ទាំងប្រទេសឡាវ និងប្រទេសបង់ក្លាដេស ដែលសុទ្ធសឹងជាប្រទេសភូមិផងរបងជាមួយកម្ពុជា និងមិនសូវជាមានឈ្មោះល្អ ខាងសិទ្ធិមនុស្សនេះប៉ុន្មានទេ។ តែទស្សនាវដ្ដីសូមដកស្រង់ តែផ្នែកដែលទាក់ទងនឹងកម្ពុជាយើងប៉ុណ្ណោះ។
ក្រុមសមាជិកសភាអ៊ឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ជនទាំង២៣នាក់ ដែលត្រូវបានឃាត់ខ្លួនដោយខុសច្បាប់ នៅកម្ពុជា គួរត្រូវបានដោះលែងជាបន្ទាន់។ ក្រុមអ្នកតំណាងរាស្ត្ររបស់អ៊ឺរ៉ុបទាំងនោះ បានអះអាងទៀតថា ការកោះហៅរបស់តុលាការ ដែលបានធ្វើទៅលើជនបីនាក់ សម រង្ស៊ី កឹម សុខា និងរ៉ុង ឈុន ដែលមកពីសមាគមគ្រូបង្រៀនឯករាជ្យ និងមកពីសហភាពសហជីពកម្ពុជា គួរត្រូវគេលប់ចោលភ្លាមនេះដូចគ្នា។
នៅក្នុងអត្ថបទនោះដដែល បានបញ្ជាក់ទៀតថា «រដ្ឋាភិបាលកម្ពុជាត្រូវបានស្នើ ឲ្យទទួលយកនូវការស៊ើបអង្កេតឯករាជ្យមួយ ដែលមានជំនួយពីសហគមន៍អន្តរជាតិផង ទៅលើសេចក្ដីរាយការណ៍ស្ដីពីការលួចបន្លំសន្លឹកឆ្នោត និងទៅលើភាពមិនប្រក្រតីទាំងឡាយ ដែលបានកើតមាននៅក្នុងដំណើរបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣កន្លងមកនេះ»។
សេចក្ដីប្រកាសព័ត៌មានរបស់សភាអ៊ឺរ៉ុបនេះ បានចេញផ្សាយជាសាធារណៈនៅថ្ងៃទី១៦ ខែមករា វេលាម៉ោង៥ល្ងាច ម៉ោងនៅអ៊ឺរ៉ុប ជា២៧ភាសា។ លោកអ្នកអាចចូលទៅរកការពិគ្រោះបាន ដោយចុចនៅលើខ្សែរភ្ជាប់ ដែលយើងសូមដាក់ជូននៅទីនេះ តែ២ភាសាប៉ុណ្ណោះ អង់គ្លេស និងបារាំង។
------------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤