ចិន៖ ស្លាប់ជាង១០០នាក់ នៅក្នុងអគ្គិភ័យមន្ទីរសតឃាតមួយកន្លែង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ច្រើនជាង១០០នាក់បានបាត់បង់ជីវិត នៅក្នងអគ្គិភ័យដ៏ខ្លាំងមួយ ដែលបានឆាបឆេះ កសិដ្ឋានចិញ្ចឹមនិងជាមន្ទីរសតឃាតសត្វស្លាបមួយកន្លែង នៅព្រឹកថ្ងៃច័ន្ទទី០៣ខែមិថុនានេះ ផ្នែកខាងឦសាននៃប្រទេសចិន។ វិនាសកម្មនេះ បានក្លាយជាគ្រោះថ្នាក់ខ្លាំងជាងគេ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យឧស្សាហកម្មនៃប្រទេសចិន។
អ្នករបួស ដែលត្រូវបានគេដឹកមកជួយសង្គ្រោះ។
មួយភាគធំ នៃរោងសតឃាតសត្វស្លាបបាវយ័ន (Baoyuan) ក្នុងខេត្តជីលីង (Jilin) ផ្នែកឦសាននៃប្រទេសចិន ត្រូវបានព្រះអគ្គិដុតឆេះបំផ្លាញ ហើយកម្មកបម្រើការនៅក្នុងនោះ ប្រមាណជា ៣០០នាក់ បានជាប់គាំងនៅក្នុងអាគារ ខណៈពេលអគ្គិភ័យបានឆាបឆេះឡើង។ ហេតុការណ៍បានកើតឡើង នៅម៉ោងប្រមាណជា០៦ព្រឹក ថ្ងៃច័ន្ទទី០៣ខែមិថុនានេះ។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជាច្រើន ដែលសុទ្ធសឹងជាអ្នកធ្វើការ នៅក្នុងអាគារនោះ។ ការិយាល័យព័ត៌មាននៃខេត្តជីលីង បានប្រាប់ឲ្យដឹងថា មនុស្ស១១២នាក់បានស្លាប់ បន្ទាប់ពីតុល្យភាពដំបូងថា មនុស្សស្លាប់៤៣នាក់។
ភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួបានរាយការណ៍ថា ភ្លើងបានចាប់ផ្ដើមរាលដាល ដោយមកពីការផ្ទុះបីដងផ្ទួនគ្នា ទំនងជាមកពីបញ្ហាខ្សែរចរន្ដអគ្គិសនី។ មិនមានចាប់ខ្លួនអ្នកទទួលខុសត្រូវណាម្នាក់នៅឡើយទេ ក្នុងរឿងនេះ តែអាជ្ញាធរចិនបានប្រកាសថា ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើឡើង។
ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋានសត្វស្លាបនេះ ជាសហគ្រាសដ៏ធំមួយ ដែលបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយមានបុគ្គលិកធ្វើការយ៉ាងហោចណាស់ ៣០០០នាក់ និងផលិតសាច់សត្វប្រមាណជា ៦៧០០០តោន ក្នុងមួយឆ្នាំ៕
ខាងក្រោមនេះ ជារូបភាពនិងវីដេអូ ស្ដីពីគ្រោះថ្នាក់នេះ៖
---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ