មែរគែល ប្រើកិច្ចព្រមព្រៀងសន្តិភាព១៩៩១ មកព្រមាន ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 13, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនសូវមាននរណាចាប់អារម្មណ៍ទេ ក្រៅតែពីប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន និងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្វិលអត្ថន័យនៃទូរសារនេះ មកផ្សាយថា ជាការអបអរសាទរ ទទួលស្គាល់លោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រី ចេញពីរដ្ឋសភាប្រជាធិបតេយ្យមួយ។ អាចបង្វិលអត្ថន័យបាន ដោយហេតុថា ទូរសារនោះសរសេរជាភាសាអាល្លឺម៉ង់ និងផ្ញើរចេញ នៅថ្ងៃទី៦ ខែកញ្ញា ជួនចំឱកាស ដែលលោក ហ៊ុន សែន ត្រូវបានរដ្ឋសភាឯកបក្សកម្ពុជា ជ្រើសតាំងសារជាថ្មី ឲ្យក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី ៦។
ប្រដាប់ឃោសនាដ៏ល្បីមួយ របស់លោក ហ៊ុន សែន ថែមទាំងបានច្បិចឃ្លាជូនពរ ដែលជាទម្រង់នៃការគួរសម នៅក្នុងលិខិតផ្លូវការ យកមកផ្សាយនាំមុខ ដែលមើលទៅ ហាក់ដូចជាមេដឹកនាំអាល្លឺម៉ង់ បានជូនពរ និងទទួលស្គាល់លោក ហ៊ុន សែន ខណៈបុរសខ្លាំងកម្ពុជារូបនេះ បានឈ្នះការបោះឆ្នោតមួយ ដែលរងការរិះគន់ យ៉ាងចាស់ដៃ ថាមិនយុត្តិធម៌ មិនសេរីត្រឹមត្រូវ ពីសំណាក់ប្រទេសលោកសេរី ជាពិសេសពីប្រទេសអាល្លឺម៉ង់។
ផ្ទុយទៅវិញ ទូរសានោះដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ មានអត្ថន័យជាការព្រមាន ដោយប្រយោល និងតាមបែបការទូត ដែលអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ ផ្ញើរដោយផ្ទាល់ ទៅកាន់លោក ហ៊ុន សែន ដោយអះអាង ពីកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់-កម្ពុជា ថាអាចមានទៅបាន លុះត្រាតែឈរលើជំហរ នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១។
លិខិតអបអរលោក ហ៊ុន សែន ដែលចេញពីប្រទេសវៀតណាម ចិន ឬបណ្ដាប្រទេសផ្សេងទៀត មិនមានលក្ខណៈបែបនេះទេ ជាពិសេសប្រទេសទាំងនោះ កាន់តែមិនខ្វល់ ពីកិច្ចព្រមព្រៀងសន្តិភាពខាងលើ ដែលបានកំណត់ ឲ្យប្រទេសកម្ពុជា ចាំបាច់ត្រូវមានអធិបតេយ្យភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយនោះ។
រីឯលោក ហ៊ុន សែន និងបក្ខពួករបស់លោក ក៏កាន់តែគ្មានបំណង ចង់ឃើញកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១នេះ នៅមានជីវិត ដើម្បីចងរដ្ឋាភិបាលលោក ទៅកាតព្វកិច្ចជាច្រើននោះដែរ។ បំណងលោក ហ៊ុន សែន បែបនេះ ត្រូវបានគេមើលឃើញថា បានដើរផ្ទុយ ពីគោលការណ៍ច្បាប់អន្តរជាតិ និងការលើកឡើង របស់មេដឹកនាំអាល្លឺម៉ង់។
ទូរសារបស់អ្នកស្រី មែរគែល ដែលដាក់ឲ្យពិគ្រោះបាន នៅលើគេហទំព័រនៃរដ្ឋាភិបាលអាល្លឺម៉ង់ មានសរសេរជាអាទិ៍ថា៖ «ប្រទេស និងប្រជាជនយើងទាំងពីរ មានទំនាក់ទំនងល្អ។ ចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ត្រូវបានស្ដែងឡើង តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍ ដែលមានតាំងពីយូរមក និងសម្រាប់រយៈពេលវែង។ កិច្ចសហប្រតិបត្តិការនេះ ឈរលើជំហរ នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែង ពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ គោលការណ៍ប្រជាធិបតេយ្យ និងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។»។
អធិការបតីអាល្លឺម៉ង់បានបន្តថា៖ «លោក (ហ៊ុន សែន) អាចពឹងពាក់ និងជឿទុកចិត្ត លើប្រទេសអាល្លឺម៉ង់ចុះ ចំពោះកិច្ចការពង្រឹង លទ្ធិប្រជាធិបតេយ្យ និងការចូលរួម តាមរយៈកិច្ចសន្ទនានយោបាយ ដោយបើកចំហរ នៅក្នុងប្រទេសកម្ពុជា»។
ប្រទេសអាល្លឺម៉ង់ ជាប្រទេសមួយ ពីក្នុងចំណោមប្រទេស-ស្ថាប័នអន្តរជាតិ ធំៗទាំង៩ ដែលមិនបញ្ជូនតំណាងរបស់ខ្លួន ទៅចូលរួមបើកនីតិកាលថ្មី នៃរដ្ឋសភាអាណត្តិទី៦ ដែលមានតំណាងរាស្ត្រ ១២៥ លើ ១២៥អសនៈ (១០០%) មកពីគណបក្សប្រជាជនកម្ពុជាតែមួយ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនោះ។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺមួយថ្ងៃ ក្រោយការបោះឆ្នោតជាតិ នៅកម្ពុជា ដ៏ចម្រូងចម្រាស់ ក្រសួងការបរទេសអាល្លឺម៉ង់ បានចេញសេចក្ដីថ្លែងការណ៍មួយ ហៅការបោះឆ្នោតនោះ ថាមិនមានភាពស្របច្បាប់គ្រប់គ្រាន់ ដោយគ្រាន់តែនិយាយថា ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើង ដោយសុខសន្តិភាព ឬដោយសន្តិវិធី នោះឡើយ។
សេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់ អំពាវនាវជាបន្ទាន់ ឱ្យកម្ពុជាវិលត្រឡប់ ទៅរកគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយប្រទេសអាល្លឺម៉ង់មានឆន្ទៈ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដើរ លើវិថីបែបនេះរបស់ខ្លួន»។
ប្រតិកម្មចុងក្រោយបំផុត ពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់ គឺធ្វើឡើងក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលម៉ិញ ដោយអ្នកស្រី «Bärbel Kofler» ស្នងការសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកសិទ្ធិមនុស្ស និងជំនួយមនុស្សធម៌។ អ្នកស្រីបានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលទាំងអស់ នូវការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន និងលប់ចោលទាំងស្រុង នូវការរារាំងរឹតត្បិតទាំងឡាយ បន្ទាប់ពីការដោះលែង សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងអ្នកនយោបាយ ជាពិសេសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
សេចក្ដីថ្លែងការណ៍ របស់អ្នកស្រី «Bärbel Kofler» ដែលត្រូវបានស្ថានទូតអាល្លឺម៉ង់ ក្នុងរាជធានីភ្នំពេញ ដកស្រង់យមកផ្សព្វផ្សាយនោះ បានសរសេរឲ្យដឹងថា៖ «ខ្ញុំសូមស្វាគមន៍ ការដោះលែងក្រោមលក្ខខណ្ឌ ចំពោះមេដឹកនាំប្រឆាំងកម្ពុជា លោក កឹម សុខា។ ជាជំហានទីមួយ នៅក្នុងទិសដៅដ៏ល្អ។ បោះបង់ចោលទាំងអស់ នូវការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន និងលប់ចោលទាំងស្រុង នូវការរារាំងរឹតត្បិតទាំងឡាយ គឺជាជំហានបន្ត។»៕