សារព័ត៌មាននៅអ៊ឺរ៉ុប ចាប់អារម្មណ៍នឹងសម្ដីរបស់ នួន ជា
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 20, 2014
- ប្រធានបទ: ខ្មែរក្រហម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នករាយការណ៍ព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានអានសារព័ត៌មាននៅអ៊ឺរ៉ុប ចេញផ្សាយកាលពីសប្ដាហ៍កន្លងទៅ ដែលនិយាយពីកម្ពុជា ហើយសូមធ្វើការសង្ខេបជូន នូវព្រឹត្តិការណ៍នេះជូនដូចតទៅ។ សារព័ត៌មាននោះជាច្រើន បានដាក់អត្ថបទទាំងស្រុង ដែលសរសេរដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) និងខ្លះទៀត បានយកអត្ថបទនេះមកកែឆ្នៃខ្លះៗ តែនៅតែមានន័យប្រហាក់ប្រហែលគ្នា។
សារព័ត៌មានឆ្វេងនិយមរបស់បារាំង លីបេរ៉ាស៊ីយ៉ុង (Liberation) បានដាក់ចំណងជើងធំៗថា «កម្ពុជា៖ នួន ជា បានបរិហារពី"រឿងនិទាន" នៅក្នុងសវនាការកាត់ទោសខ្លួន»។ លោក នួន ជាអតីតបងធំទីពីរ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បន្ទាប់ពីបងធំទីមួយ ប៉ុលពត ដែលបានស្លាប់ទៅហើយនោះ។ លោក នួន ជា អាយុ៨៨ឆ្នាំ ជាកម្មាភិបាលជាន់ខ្ពស់របស់របបអាវខ្មៅ មានតំណែងជាប្រធានរដ្ឋសភា ហើយក៏ជាអ្នកទទួលខុសត្រូវខាងមនោគមន៍វិជ្ជាដ៏មានឥទ្ធិពលមួយរូប ឲ្យរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃនេះដែរ។
ជនជាប់ចោទម្នាក់ទៀត ដែលត្រូវឡើងសនាវការរបស់សាលាក្ដីវិសមញ្ញានេះដែរ ជាអតីតប្រមុខរដ្ឋអាយុ ៨៣ឆ្នាំ នៃកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន។
ទស្សនាវដ្ដីបារាំង ឡឺអិចស្ព្រេស (L'express) សរសេរថា សនាការប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមពីរនាក់ខាងលើ ក្នុងចំណោមមេដឹកនាំ៤នាក់ (លោក អៀង សារី ស្លាប់ រីឯលោកស្រី អៀង ធីរិទ្ធិ មានជំងឹវង្វេងរង្វាន់) បានចាប់ផ្ដើមដំណើរការហើយ នៅក្នុងថ្ងៃសុក្រ ទី១៧ ខែតុលាសប្ដាហ៍កន្លងមកនេះ ពីបទប្រល័យពូជសាសន៍។ សវនាការនេះ ជាការកាត់ទោសលើកទីពីរហើយ ទៅលើមេដឹកនាំទាំងពីរ បន្ទាប់ពីពួកលោក ត្រូវបានកាត់ទោសឲ្យជាប់ទោសអស់មួយជីវិត កាលពីខែសីហា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សម្រាប់សាលក្រមលើកទីមួយ ដែលបានដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើរូបគាត់នោះ ត្រូវបានលោក នួន ជា វាយតម្លៃថា ជា«ការលេងសើចនៃប្រព័ន្ធយុត្តិធម៌ដ៏គួរឲ្យខកចិត្ត»។ បើទោះជាលោកបានទទួលស្គាល់ ពីការទទួលខុសត្រូវផ្នែកមនសិការរបស់លោក ក៏ពិតមែន ប៉ុន្តែលោកនៅតែបានប្រកែកថា លោកមិនបានដឹងអ្វី ពីគម្រោងការប្រល័យពូជសាសន៍ នៅពេលនោះឡើយ។
សវនាការកាលពីថ្ងៃសុក្រ មិនបានប្រព្រឹត្តិទៅដូចការគ្រោងទុកទេ ដោយសារតែការដើរចេញរបស់មេធាវីចុងចោទ។ សារព័ត៌មាន ស៊ូដអាំងហ្វូ (Sudinfo) របស់ប្រទេសប៊ែលហ្សិក បានដកស្រង់ប្រភពព័ត៌មាន អាអេហ្វប៉េ (AFP) អេភី (AP) និងប៊ែលហ្គា (Belga) មកសរសេរថា មូលហេតុដែលឈានទៅដល់ការដើរចេញពីសវនាការនេះ ព្រោះក្រុមមេធាវីការពារក្ដីឲ្យចុងចោទ សំអាងថា កូនក្ដីរបស់ពួកគេ កំពុងស្ថិតក្នុងការតតាំងឧទ្ទរណ៍នៅឡើយ។
ក្រុមមេធាវីបានប្រកាសអះអាងកាលពីថ្ងៃសៅរ៍ថា ពួកខ្លួនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដាក់សំនុំឯកសារ ដែលទាក់ទងនឹងការប្ដឹងឧទ្ទរណ៍របស់កូនក្ដី។ ការដើរចេញរបស់ក្រុមមេធាវី អាចនឹងធ្វើឲ្យដំណើរការរបស់សាលាក្ដី ដែលកំពុងតែរងការរិះគន់ថាមានយឺតយ៉ាវផងនោះ នឹងកាន់តែយឺតយូរថែមទៀត។
នៅក្នុងសវនាការនៃសំនុំរឿងលើកទីពីរ បានប្រមូលផ្ដុំបទចោទប្រកាន់ ជុំវិញបទប្រល័យពូជសាសន៍ ទៅលើការសម្លាប់រង្គាលជនជាតិវៀតណាម ប្រមាណជា២ម៉ឺននាក់ និងជនជាតិភាគតិចចាម ប្រមាណជា ១សែនទៅ៥សែននាក់។ សំនុំរឿងដដែលនេះ ក៏មានជាប់ទាក់ទងនឹងអាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ធវៈ ដែលបានកើតឡើងជាប្រព័ន្ធ ទាំងនៅក្នុងជំរុំពលកម្ម និងទាំងនៅក្នុងពន្ធនាគារ៕