អ្នកជំនាញ អ.ស.ប ប្រតិកម្មនឹងការបំភិតបំភ័យ ដល់អ្នកមិនទៅបោះឆ្នោត
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 23, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នៅកម្ពុជា បានសំដែងការព្រួយបារម្ភ ពីការបំភិតបំភ័យដល់ពលរដ្ឋ ដែលមិនចេញទៅបោះឆ្នោត និងអ្នកដែលអំពាវនាវ ឲ្យធ្វើពហិការមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ អ្នកស្រីបានអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ឲ្យថ្កោលទោសទង្វើនេះ។
ទំព័រផ្លូវការ នៅលើបណ្ដាញសង្គម (ទាំង Facebook និងទាំង Twitter) របសស់ការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសកម្ពុជា បានដកស្រង់ការលើកឡើង របស់អ្នកស្រី រ៉ូណា ស្មីត មកសរសេរពន្យល់ថា អ្នកស្រីបានសម្តែងកង្វល់ អំពីរបាយការណ៍នានា របស់តំណាងរដ្ឋាភិបាល ដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យគណៈបក្សណាមួយ គឺខុសច្បាប់ ហើយថា អាចនឹងមានការដាក់ពិន័យ លើមនុស្សដែលផ្ញើសារ អំពីការមិនបោះឆ្នោត ឲ្យគណៈបក្សណាមួយ ឬការធ្វើពហិការមិនបោះឆ្នោត។
អ្នកជំនាញរូបនេះ ត្រូវបានស្រង់សំដី មកសរសេរបន្តថា៖ «គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរ គឺមានរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋាន បានគំរាមដកហូតសេវាសាធារណៈ ពីអ្នកដែលមិនបោះឆ្នោត ឲ្យគណបក្សកាន់អំណាច។ នេះគ្រាន់តែបង្កើត ឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំប៉ុណ្ណោះ។»។
អ្នកស្រី រ៉ូណា ស្មីត បានថ្លែងអំពាវនាវ ទៅរដ្ឋាភិបាល ឲ្យធ្វើការថ្កោលទោស និងត្រូវទប់ស្កាត់ ចំពោះទង្វើខាងលើ និងបានបញ្ជាក់ជាថ្មី ថាការអំពាវនាវឲ្យធ្វើពហិការ មិនចូលរួមបោះឆ្នោត មុនខុសច្បាប់អ្វីឡើយ។
អ្នកស្រីថា៖ «ខ្ញុំសូមស្វាគមន៍ ចំពោះការអំពាវនាវរបស់រដ្ឋាភិបាល នាពេលថ្មីៗនេះ ដល់អាជ្ញាធរមូលដ្ឋាន ឲ្យជៀសវាងការរើសអើង ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត និងសូមលើកទឹកចិត្តរដ្ឋាភិបាល ឲ្យថ្កោលទោសឲ្យបានច្បាស់លាស់ ចំពោះការបំភិតបំភ័យ ដល់អ្នកបោះឆ្នោត និងសូមឲ្យបញ្ជាក់អះអាងថា ការអំពាវនាវឲ្យធ្វើពហិការ មិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើបាន»៕