បាក់ទំនប់នៅឡាវ បង្កឲ្យស្លាប់ច្រើននាក់និងបាត់ខ្លួនច្រើនរយនាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 25, 2018
- ប្រធានបទ: គ្រោះវារីអគ្គិសនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មនុស្សច្រើននាក់ បានស្លាប់ និងច្រើនរយនាក់ផ្សេងទៀត បានបាត់ខ្លួន» នៅក្នុងហេតុការណ៍ បាក់ទំនប់វារីអគ្គិសនី កាលពីយប់ថ្ងៃចន្ទ នៅក្នុងខេត្ត អត្តពើ (Attapeu) ភាគអាគ្នេយ៍នៃប្រទេសឡាវ ជិតព្រំដែនឡាវ-កម្ពុជា-វៀតណាម។ នេះ បើតាមការអះអាង របស់អាជ្ញាធរតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ នៃរដ្ឋាភិបាលកុម្មុយនីស្ដិ៍ ឡាវ។
ប៉ុន្តែ ចំនួនជនរងគ្រោះពិតប្រាកដ នៅមិនទាន់ឲ្យដឹងនៅឡើយ ខណៈអាជ្ញាធរបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការវាយតម្លៃ ពីតុល្យភាព នៃគ្រោះមហន្តរាយនេះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកស្រុកប្រមាណជា ៦៦០០នាក់ កំពុងគ្មានជម្រក រាប់ចាប់តាំងពីយប់ថ្ងៃចន្ទមក។
ប្រទេសថៃ បានជួយយកអាសារ ដោយបានបញ្ជូន ក្រុមអ្នកជួយសង្គ្រោះ ទៅកាន់តំបន់រងគ្រោះ តែបានជួបនឹងបញ្ហាជាច្រើន ដោយសារតែតំបន់គ្រោះថ្នាក់ សម្បូរដោយព្រៃស្ដុក ពិបាកក្នុងធ្វើដំណើរដោយផ្ទាល់។ ក្រុមអ្នកជួយសង្គ្រោះនៅខណៈនេះ អាចហោះហើរនៅខាងលើតំបន់ ដោយប្រើឧទ្ធម្ភាគចក្រ។
ទំនប់វារីអគ្គិសនី ឈ្មោះ «Se-Pian Se Nam Noi» ដែលកំពុងសាងសង់ នៅលើដៃមួយនៃទន្លេមេគង្គ បានបាក់ធ្លាក់ នៅក្នុងយប់ថ្ងៃចន្ទ បង្កការធ្លាយអាងស្ដុកទឹក ប្រមាណជា ៥ពាន់លានម៉ែត្រគូប ឲ្យបាចសាចទៅលើភូមិឋានអ្នកស្រុក ដែលស្ថិតនៅខាងក្រោម និងជុំវិញទំនប់។ ទំនប់វារីអគ្គិសនីនេះ ជាគម្រោងរបស់ក្រុមហ៊ុនអគ្គិសនីឡាវ ដែលមានឈ្មោះថា «Xe Pian Xe Namnoy Power Company» ដោយមានការចូលរួម ពីសំណាក់ក្រុមហ៊ុនថៃ «Ratchaburi Electricity Generating» និងក្រុមហ៊ុនកូរ៉េខាងត្បូង «Korea Western Power» ដើម្បីផលិតថាមពលអគ្គិសនី ប្រមាណជា ៤១០មេហ្គាវ៉ាត់។
សេចក្ដីរាយការណ៍មួយចំនួន បានអះអាងថា គម្រោងសាងសង់វារីអគ្គិសនីនេះ មានតម្លៃជាទឹកប្រាក់ ប្រមាណជា ១ពាន់ ២រយលានដុល្លារ ហើយនឹងត្រូវបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២០ខាងមុខ៕