រដ្ឋសភាអនុម័ត្រសេចក្តីព្រាងច្បាប់ គម្រោងសាងសង់«វារីអគ្គិសនីសេសាន្តក្រោម២»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាមានការតវ៉ា ពីប្រជាពលរដ្ឋ ព្រមទាំងកិច្ចអន្តរាគមន៏ ពីអង្គការសង្គមស៊ីវិល និងការជំទាស់ពីបក្សប្រឆាំង យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តគម្រោងរបស់ខ្លួន ក្នុងការសាងសង់ «វារីអគ្គិសនីសេសាន្តក្រោម២» រហូតឈានមកដល់ការអនុម័ត្រ ដោយរដ្ឋសភាជាតិនៅថ្ងៃនេះ។
ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។
សេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្ត២ ត្រូវបានអនុម័ត្រ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ដោយរដ្ឋសភាជាតិ ក្នុងសម្លេង៨២លើ៩០។ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចម្រុះ ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសវៀតណាម រួមជាមួយក្រុមហ៊ុនអគ្គិសនីដ៏ធំ មកពីប្រទេសចិនឈ្មោះ ឡាង ចាង ហាយដ្រូ ផៅវ័រ ដែលត្រូវសាងសង់ ក្នុងគម្រោងទឹកប្រាក់សរុបជាង ៧៨១លានដុល្លារ។
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងក្នុងអង្គប្រជុំរដ្ឋសភា ស្នើរឲ្យពន្យារពេលចំពោះការអនុម័តនេះ ដើម្បីឲ្យអ្នកជំនាញ អង្គការសង្គមស៊ីវិល និងតំណាងរាស្ត្រ ធ្វើការសិក្សាស្រាវជ្រាវឲ្យបានល្អិតល្អន់ លើគម្រោងសាងសង់វារីអគ្គិសនីនេះ។ លោកបន្តថា គម្រោងសាងសង់វារីអគ្គិសនី សេសាន្តក្រោម២ ធ្វើឡើងដោយគ្មាន«តម្លាភាព»។
ចំពោះលោក ជាម យៀប តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានការពារលើសេចក្តីព្រាងច្បាប់ និងគាំទ្រដល់រដ្ឋសភា ក្នុងការអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នោះ។ ដោយលោកអះអាងថា រាជរដ្ឋាភិបាល និងក្រុមហ៊ុន បានធ្វើការសិក្សាពីផលប៉ះពាល់ និងការផ្តល់សំណង់ជូនដល់ពលរដ្ឋរួចរាល់អស់ហើយ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល លោក ស៊ុយ សែម ដែលតំណាងឲ្យរាជរដ្ឋាភិបាល មកធ្វើការការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា គម្រោងសាងសង់វារីអគ្គិសនី សេសាន្តក្រោម២ បានសិក្សា ពិនិត្យពិចារណាយ៉ាងលម្អិត និងយកចិត្តទុកដាក់ ធ្វើឡើងជាច្រើនដងច្រើនសារ ក្នុងនោះក៏មានការចូលរួមពីសហគមន៍ ប្រជាពលរដ្ឋ ការចូលរួមពីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ លោកបន្តថា «គម្រោងសាងសង់ទំនប់វារីអគ្គិសនី សេសាន្ត២ ត្រូវបានវាយតម្លៃ ពីផលប៉ះពាល់ចំនួនពីរលើក និងក៏មានការពិភាក្សា គ្រប់ជ្រុងជ្រោយជាច្រើនលើកដែរ មិនមែនចេះតែធ្វើៗ ហើយក៏មិនមែនដើម្បីធ្វើបាបប្រជាជនយើងទេ»។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនគួរប្រញាប់ប្រញាល់ផ្តល់សម្បទាន ឲ្យវិនិយោគ លើគម្រោងវារីអគ្គិសនី«សេសាន្ដ ក្រោម២» លឿនពេកទេ ព្រោះរាល់ការសិក្សានូវផលប៉ះពាល់ ពីការសាងសង់នេះ នៅមិនទាន់បានច្បាស់លាស់នៅឡើយ ក្នុងនោះមានដូច ការរស់នៅរបស់ប្រជាពលជន ការរក្សាបរិស្ថាន និងជីវចម្រុះជាដើម ដែលត្រូវពឹងផ្អែកទាំងស្រុងលើទន្លេបី មានទន្លេសែ្រពក ទន្លេសេសាន និងទន្លេសេកុង។ លោកមានការព្រួយបារម្មណ៍ថា«កម្ពស់ទឹករហូតដល់៧៥ម៉ែត្រ អាចធ្វើឲ្យលិចផ្ទៃដី រហូតទៅដល់បីម៉ឺនហិកតារនៃផ្ទៃដីសរុប ដែលនៅក្នុងផ្ទៃដីនោះអាចបណ្តាលឲ្យប៉ះពាល់ទៅដល់ព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងសត្វមួយចំនួនដែលនឹងត្រូវផុតពូជដែរ»។
លោកនាយកប្រតិបត្តិ បានបន្តថា ក្តីបារម្ភណ៍មួយទៀត ទាក់ទងនឹងប្រជាពលរដ្ឋ ជាងមួយពាន់គ្រួសារ ដែលត្រូវរុះរើលំនៅដ្ឋាន និងបាត់បង់ដីស្រែចំការ ជាពិសេស បងប្អូនជនជាតិដើមភាគតិច ត្រូវបាត់បង់ព្រៃអារក្ស និងផ្នូរបុព្វបុរស ជាដើម។ រីឯសំណង សម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទាំងនោះ ក៏ពុំទាន់បានដោះស្រាយយ៉ាងណានោះដែរ មានតែគម្រោង ផ្តល់សំណងជាទីតាំងដីថ្មី និងគម្រោងសាងសង់ផ្ទះ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះ។
ឯលោក សៀក មេគង្គ មេឃុំស្រែគរ ក៏បានលើកឡើងប្រហាក់ប្រហែលគ្នានេះដែរ តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋបានតវ៉ាជាច្រើន ដោយមិនចង់ចាកចេញពីភូមិនោះទេ ដោយសារតែអាជ្ញាធរមិនទាន់បានឆ្លើយតប ឲ្យមានដំណោះស្រាយ ឬសំណងផលប៉ះពាល់ ទាក់ទិន ផលដំណាំ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បានជាក់លាក់នៅឡើយ។
ក្នុងសេចក្តីព្រាងច្បាប់នេះមានបីមាត្រា ដោយតម្រូវឲ្យរាជរដ្ឋា ភិបាលកម្ពុជា ផ្តល់ការធានា លើការទូទាត់ថ្លៃទិញថាមពលអគ្គិសនី ក្នុងករណីអគ្គិសនីកម្ពុជា មិនធ្វើការទូទាត់ ការធានាលើការទូទាត់ថ្លៃទិញមធ្យោបាយគម្រោង ក្នុងករណីដែលក្រុមហ៊ុន មិនអាចអនុវត្តគម្រោងបាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ប្រធានសក្តិផ្នែកនយោបាយ និងតម្រូវឲ្យច្បាប់នេះប្រកាសជាការប្រញាប់។
សូមរំលឹកកថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ គណៈរដ្ឋមន្ត្រី បានប្រជុំ អនុម័តជាឯកច្ឆ័ន្ទ លើគម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនី សេសាន្តក្រោមទី២ អនុភាពដំឡើង ៤០០ មេហ្គាវ៉ាត់ នៅខេត្តស្ទឹងត្រែង ដែលត្រូវអនុវត្តដោយក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្ត២ ដែលបង្កើតឡើងដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានតម្លៃជាង ៧៨១ លានដុល្លារដែលវិនិយោគក្រោមរូបភាព សាងសង់ធ្វើអាជីវកម្ម និងផ្ទេរក្នុងរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះសម្រាប់ការសាងសង់មានរយៈពេលប្រាំឆ្នាំ និងការធ្វើអាជីវកម្ម មានរយៈពេលសែសិបឆ្នាំ។
តាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនក៏ត្រូវចំណាយ ៣៨,៧១ លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ សំណងជាគោលនយោបាយ សាងសង់លំនៅដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា នៅតំបន់តាំងពីលំនៅថ្មី។ គម្រោងនោះ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា មានប្រជាជនរងផលប៉ះពាល់ សរុបតែ៧៩៧ គ្រួសារ ហើយរាជរដ្ឋាភិបាលរំពឹងថា ការអភិវឌ្ឍន៍ស្ថានីយវារីអគ្គិសនីនេះ នឹងទទួលបានចំណូលពន្ធសរុបជាមធ្យមប្រមាណជាង ២៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិនគិតដល់ពន្ធដទៃទៀតនៃការការចែកចាយថាមពលអគ្គិសនីលក់បន្តឲ្យអ្នកប្រើប្រាស់ឡើយ។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ