ពីងពាងមួយក្បាល រស់ក្នុងខ្លួនទេសចរណ៍មួយរូប អស់៣ថ្ងៃ
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ តុលា ២០១៤
- កែប្រែចុងក្រោយ: October 20, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យុវជន ឌីឡេន ថូម៉ាស (Dylan Thomas) អាយុ២១ឆ្នាំ មិនបានទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីដំណើរកំសាន្ដសប្បាយ ក្នុងពេលវិស្សមកាលនោះទេ ប៉ុន្តែយុវជនទេសចរណ៍ជាតិអូស្ត្រាលីម្នាក់នេះ បែរជាត្រូវចូលដេកពេទ្យនៅទីនោះ ជាច្រើនថ្ងៃ។ ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងទៅលើយុវជន ព្រោះសត្វពីងពាងមួយក្បាល បានចូលទៅសំងំរស់នៅ ក្នុងពោះរបស់ថូម៉ាសជាច្រើនថ្ងៃ។ សត្វពីងពាងស្រុកមួយនេះ បានសម្រេចចូលទៅក្នុងខ្លួនយុវជនបាន តាមរយៈស្នាមវះកាត់មួយ ដែលថូម៉ាសបានឆ្លងកាត់ធ្វើ កាលពីមានជំងឺពោះវៀនពីពេលថ្មីៗមកនេះ។
ហេតុការណ៍ដំបូងបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន។ យុវជន ថូម៉ាស បានភ្ញាក់ពីដំណេកជាមួយការឈឺចុកចាប់យ៉ាងខ្លាំង នៅនឹងពោះរបស់ខ្លួន។ ស្នាមក្រហមមួយបានដៅឡើង នៅទីនោះ ជាមួយនឹងស្នាមវះកាត់។ ថូម៉ាស បាននិយាយថា៖ «វាឈឺ ប្រៀបបាននឹងនរណាម្នាក់ យកកាំបិតមកចាក់ខ្ញុំនៅលើពោះអញ្ចឹង»។
យុវជនជាតិអូស្ត្រាលីរូបនេះ បានធ្វើដំណើរទៅមន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែគ្រូពេទ្យមិនបានរកឃើញអ្វីចម្លែក ពីលើខ្លួននាយនោះឡើយ ដោយគ្រាន់តែបានចាត់ទុកថា នោះអាចបណ្ដាលមកពីសត្វអ្វីមួយខាំប៉ុណ្ណោះ។ ប៉ុន្តែនៅពីរថ្ងៃក្រោយមក បន្ទាប់ពីការឈឺចុកចាប់ នៅមិនបានថមថយនោះ ថូម៉ាស បានទៅពិគ្រោះ ជាមួយគ្រូពេទ្យម្ដងទៀត តែលើកនេះ ជាគ្រូពេទ្យជំនាញខាងស្បែកម្ដង។
មនុស្សពីងពាង!
ពេលនោះហើយ ដែលការភ្ញាក់ផ្អើលបានកើតឡើង។ សត្វពីងពាងមួយក្បាល ទំហំប៉ុនក្បាលឈើគូស ដែលកំពុងសំងំរស់ នៅវាចុះឡើងនៅក្នុងពោះរបស់យុវជន ត្រូវបានយកចេញទាំងរស់។ សត្វដៃជើងច្រើនមួយនេះ ត្រូវបានក្រុមគ្រូពេទ្យយកទៅពិសោធន៍ ដើម្បីដឹងពីប្រភេទនិងសភាវៈរបស់វា ហើយគេកំពុងរងចាំលទ្ធផល ពីការពិសោធន៍នេះនៅឡើយ។
ចំណែកឯ ថូម៉ាស វិញ បាននិយាយនៅលើជញ្ជាំងគណនីហ្វេសប៊ុក របស់ខ្លួនថា រហស្សនាមដែលពួកម៉ាករបស់យុវជន បានហៅយុវជនថា ជា«មនុស្សពីងពាង»នោះ បានក្លាយទៅជារឿងដ៏អស្ចារ្យមួយ។ យុវជនរូបនេះ ថែមទាំងបានអះអាងទៀតថា ខ្លួននឹងគ្រោងសាក់រូប«មនុស្សពីងពាង»នេះ ដាក់នៅលើទ្រូងរបស់ខ្លួន នាពេលខាងមុខ៕