ចង់ដឹងពីផ្ទះ«បីសាចដ៏តក់ស្លុតខ្លាំងជាងគេ» ក្នុងពិភពលោកឬទេ?
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 09, 2014
- ប្រធានបទ: រន្ធត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើលោកអ្នកចូលចិត្តរឿងខ្មោច និងរឿងចម្លែកៗ ខុសពីធម្មជាតិឬ? លោកអ្នកចូលចិត្ត ល្បែងដែលធ្វើឲ្យភ័យ តែល្បែងដែលលោកអ្នកធ្លាប់បានលេងកន្លងមក មិនបានធ្វើឲ្យលោកអ្នក«ស្កៀបជើងធ្មេញ»ទេ មែនឬទេ? យើងសូមបង្ហាញ នូវផ្ទះបីសាចថ្មីមួយ ដែលអាចធ្វើឲ្យលោកអ្នកតក់ស្លុត រហូតលួសព្រលឹងស្ទើរស្លាប់ស្ទើររស់ ស្ថិតនៅក្នុងក្រុងសានឌីយ៉េហ្គោ (San Diego) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។
ជាផ្ទះបីសាចដ៏អាក្រក់ជាងគេក្នុងលោក ឈ្មោះ ម៉ាកកាមនី ម៉ាន័រ (McKamey Manor) ដែលរហូតមកដល់ពេលនេះ មិនទាន់មានអ្នកចូលទៅសាកល្បងណាម្នាក់ បានបញ្ចប់ដំណើរផ្សងព្រេង នៅក្នុងផ្ទះនេះរួចនៅឡើយ។ នេះបើតាមសហគ្រាស ដែលបានបង្កើតផ្ទះនេះចេញមក។
ល័ក្ខខ័ណ្ឌដែលអាចចូលទៅសាកល្បងបាន លោកអ្នកត្រូវមានអាយុ២១ឆ្នាំ និងមានសុខភាពល្អមាំទាំ។ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺបេះដូង ហឺត និងឆាប់ភ័យតក់ស្លុត ត្រូវថយចេញឲ្យឆ្ងាយ។ សហគ្រាសម្ចាស់ផ្ទះ បានពន្យល់ទៀតថា៖ «រាងកាយរបស់អ្នក នឹងរងការប៉ះទង្គិចយ៉ាងខ្លាំង»។ ហើយបន្ទាប់មក មុននឹងចូលទៅក្នុងផ្ទះបីសាច លោកអ្នកត្រូវចុះហត្ថលេខា លើកិច្ចសន្យាមួយ មិនបង្កការទទួលខុសត្រូវ ឲ្យទៅសហគ្រាសឡើយ។ ជាល័ក្ខខ័ណ្ឌដ៏តឹងតែង... ហេតុអ្វី? ព្រោះមកដល់ពេលនេះ ដំណើរចូលទៅក្នុងផ្ទះបីសាច ដែលតាមគម្រោង ត្រូវប្រើរយៈពេលពី៤ទៅ៧ម៉ោងនោះ មិនដែលមាននរណាអាចបញ្ចប់បាននៅឡើយ។ ផ្ទុយទៅវិញ អ្នកទៅសាកល្បងភាគច្រើនណាស់ ដែលចេញមកវិញ ដោយក្អួតចង្អោរ ឬការតក់ស្លុតមិនអាចទ្រាំរួច។
ផ្ទះបីសាចនេះ បានដកស្រង់ចេញពីប្រវត្តិដ៏គួរឲ្យរន្ធត់មួយ នៃអាគារព្យាបាលរោគ ម៉ាកកាមនី ម៉ាន័រ កាលពីទសវត្សរ៍ឆ្នាំ ៥០។ កាលនោះ គិលានុប្បដ្ឋាននោះ បានទទួលព្យាបាលអ្នកជំងឺជាច្រើន ដោយការបង្កើតនូវរាងកាយមួយទៀត របស់អ្នកជំងឺ ហើយបានយកគ្រឿងក្នុងរបស់រាងកាយថ្មីនេះ យកមកលក់ក្នុងទីផ្សារងងឹត...។
ជាដំបូង បើលោកអ្នកចង់ដឹងថា តើផ្ទះបីសាចនេះ មានសភាព និងដំណើរការយ៉ាងដូចម្ដេចនោះ បើសូម្បីតែវីដេអូខាងក្រោម ក៏អ្នកច្បាស់ជាញាប់ញ័រ លែងចង់សាកល្បងដែរ។ ប៉ុន្តែកុំទាល់អាលថា... ព្រោះបើអ្នកអាចបញ្ចប់ដំណើរ ដែលមានវិញ្ញាសារជាច្រើននោះបាន អ្នកនឹងមានរង្វាន់ពីសហគ្រាសម្ចាស់ផ្ទះ៕