«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»

អ្នកស្រី គីម បានយល់ថា មានខ្មោច«ក្មេងស្រី»ម្នាក់ បានបញ្ចូលខ្លួន មកក្នុងរូបថតមួយ ដែលអ្នកស្រីបានថត ជា​លក្ខណៈ​គ្រួសារ... នៅនឹងកន្លែងមួយ ដែលធ្លាប់ឮថា ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ តាំងពី១០០ឆ្នាំមុន។
«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»
ពួកគេអះអាងថា មានគ្នា៥នាក់ ចុះងូតទឹក តែនៅក្នុងរូបថត ឃើញមានគ្នា៦នាក់។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 04, 2015
  • ប្រធានបទ: ខ្មោចលង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតមួយសន្លឹក ដែលបង្ហោះផ្សាយ កាលពីដើមខែមុន នៅលើហ្វេសប៊ុក បានបង្កឲ្យមនុស្សជាច្រើននាក់ ព្រឺសម្បុរ។ រូប​ភាព​នេះ មិនមែនទើបនឹងថតទេ តែត្រូវបានក្រុមគ្រួសារ របស់អ្នកស្រី គីម ដេវិដសុន (Kim Davison) និងអ្នកស្រី ចេស៊ី លូ (Jessie Lu) ថតកាលពីឆ្នាំកន្លងទៅ ខណៈពេលដែលពួកអ្នកស្រី បាននាំកូនចៅចំនួន៣នាក់ ទៅងូតទឹក ក្នុង​ស្ទឹង ឡូឃើរ ក្រេច (Lockyer Creek) នៃរដ្ឋ គ្វីនឡេន (Queensland ភាគខាងកើត នៃកោះអូស្ត្រាលី)។ បញ្ហាដែល​កើត​ឡើង នៅ​ក្នុង​រូបថតនេះ គឺគេបានឃើញ ក្បាលមនុស្សម្នាក់ទៀត ងើបចេញពីទឹក មកថតជាមួយនឹង​ក្រុមគ្រួសារ​អ្នកស្រី​ដែរ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា ក្មេងៗ ដែលនៅទីនោះ មានចំនួន៤នាក់។

សារព័ត៌មាន «Daily Mail» បានរាយការណ៍ថា នៅពេលឃើញរូបថតដំបូង អ្នកស្រីបានញ័រួញខ្លួន ដែលបានឃើញ ក្បាល​​កុមារទីបួនម្នាក់នេះ ចូលមកថតនៅក្បែរអ្នកស្រី។ អ្នកស្រីនិយាយថា៖ «នៅពេលយើងថតរូបនោះ យើងដឹង​ច្បាស់​​ណាស់​ថា គ្មាននរណាម្នាក់ផ្សេង ក្រៅពីពួកយើងនោះទេ។ ខ្ញុំបីកូនស្រីរបស់ខ្ញុំ។ តែក្បាលមនុស្សមួយពណ៍ស ដែល​​មាន​​ដុំ​ពកៗ ដូចជាស្នែង មកនៅក្បែរខ្លួនខ្ញុំនេះ មិនមែនជាមនុស្សទេ។ ខ្ញុំសូមអះអាង ប្រាប់អ្នកឲ្យច្បាស់។»

អ្នកស្រីជាតិអូស្ត្រាលីរូបនេះ បាននិយាយទៀតថា ម្រាមដៃរបស់ស្រមោលចម្លែកនេះ បានដាក់នៅលើស្មាររបស់អ្នកស្រី និងនៅលើដៃ របស់កូនស្រីអ្នកស្រី។ អ្នកស្រីបន្តរៀបរាប់ថា៖ «មើលទៅម្រាមដៃទាំងនេះ មានលក្ខណៈវែងៗ ជាម្រាម​ដៃ​គ្រោងឆ្អឺង»។

ក្រោយរូបភាពនេះ ត្រូវបានបង្ហោះ នៅលើហ្វសប៊ុក ការភ្ញាក់ផ្អើលបានផ្ទុះឡើង ហើយប្រវត្តិដ៏ខ្លោចផ្សារមួយ ក៏ត្រូវ​បាន​គេរំលឹកមកវិញ បង្កឲ្យអ្នកផង ដែលដឹងសាច់រឿង កាន់តែលោះព្រលឹង នៅចុងសក់។ នៅនឹងទីកន្លែងតែមួយនោះ ធ្លាប់​មានកុមារីម្នាក់ អាយុ១៣ឆ្នាំ ឈ្មោះ ដូរ៉េន អូស៊ូលីវ៉ាន (Doreen O'Sullivan) បានលង់ទឹកស្លាប់ កាលពីឆ្នាំ១៩១៣។ អ្នក​ប្រើ​ប្រាស់បណ្ដាញសង្គមម្នាក់ បាននិយាយឡើងថា៖ «ឱព្រះ! គួរឲ្យភ័យខ្លាចណាស់។ ខ្ញុំរីករាយណាស់ ដែលមានអាង​ហែលទឹកផ្ទាល់ខ្លួន ហើយមិនបានទៅហែលទឹក នៅក្នុងស្ទឹងនោះ។» ខណៈអ្នកប្រើប្រាស់ម្នាក់ទៀត បានថ្លែងឡើងថា៖ «ប្រហែលជានាងតូច ចង់មកលេងជាមួយប៉ុណ្ណោះ»។

ក្នុងរូបថត ដែលមើលឃើញថា មានដុំពកៗ ដែលដុះដូចជាស្នែង នៅលើក្បាលមនុស្សដ៏ចម្លែកនោះ ត្រូវបានគេ​ពន្យល់​បែប​ផ្សេងថា វាអាចជាដុំបួងសក់ក្បាល របស់ក្មេងស្រីសម័យនោះ ដែលចូលចិត្តធ្វើម៉ូដសក់ដូច្នេះ។

ប៉ុន្តែរឿង មិនបានចប់ត្រឹមនេះឡើយ ព្រោះអ្នកស្រី គីម ដេវីដសុន បានប្រទះនឹងហេតុការណ៍ញាប់ញ័រផ្សេងទៀត នៅ​ពេល​ដែលកំពុងងូតទឹក នៅទីនោះ។ អ្នកស្រីបានថ្លែងឡើងថា៖ «នៅថ្ងៃនោះ មានវត្ថុអ្វីមួយ បានមកចាប់ជើងរបស់ខ្ញុំ និងកូនស្រីខ្ញុំ ដល់ទៅពីរដង។ ហើយនៅពេលដែលខ្ញុំ បានត្រឡប់ចុះទៅងូតទឹកម្ដងទៀត ជាលើកចុងក្រោយ ខ្ញុំមាន​អារម្មណ៍ មានអ្វីមួយ កំពុងនៅពីក្រោយខ្នងរបស់ខ្ញុំ... តែខ្ញុំបានព្យាយាម មិនចាប់អារម្មណ៍វាទេ។» បើតាមអ្នកស្រី គឺ​ព្រលឹង​របស់កុមារីនោះ បានចូលមកនៅក្បែរ ជាមួយនឹងពួកអ្នកស្រី។

អ្នកស្រី បានបន្ថែមទៀតថា អ្នកជំនាញពីររូប ខាង«វិញ្ញាណ» (ឬខ្មែរហៅឲ្យខ្លី៖ «គ្រូចាប់ខ្មោច») បានយករូបថត​នេះមក​មើល ហើយពួកគេក៏បានយល់ដូចគ្នាថា រូបស្រមោលនេះ ជាស្រមោលព្រលឹងខ្មោច របស់កុមារី។ ប៉ុន្តែសម្រាប់អ្នក​មិន​ជឿ នឹងព្រលឹងខ្មោចវិញ បានពន្យល់ថា៖ «បើពង្រីករូបនេះ ឲ្យធំ គេដូចជាឃើញ ថាស្រមោលនេះ មានរាងដូចឆ្កែ ឬដូច​ក្រពើ។ តើនរណាអាចដឹងថា នេះអាចជារបស់ ដែលផុសចេញពីទឹក បន្ទាប់ពីមានព្រឹត្តិការណ៍ទឹកជំនន់ ជាច្រើន ក្នុង​តំបន់​នេះនោះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...