4U9525៖ ប្រអប់​​ខ្មៅ​​ទី២​បញ្ជាក់​​កាន់​តែ​ច្បាស់ ថា​ជំនួយ​ការ​បើក​បរ បាន​បើក​យន្ដហោះ​បំបុក​ភ្នំ

ប្រអប់ខ្មៅទីពីរ ដែលទើបនឹងត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បត្តិ៍ បានបញ្ជាក់កាន់តែច្បាស់ឡើងថា ជំនួយការបើកបរយន្ដហោះ បានប៉ុនប៉ងបើកយន្ដហោះ អ៊ែរប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ទៅបំបុកភ្នំ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 04, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រអប់ខ្មៅទី២​ ត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមេសា តែដំណើរពីការស៊ើបអង្កេត ទាក់ទងនឹងទិន្នន័យ ដែលទទួលបានពីប្រអប់ខ្មៅទីពីរនេះ ទើបនឹងត្រូវបានទម្លាយឲ្យដឹង ភ្លាមៗ ក្នុងល្ងាចថ្ងៃសុក្រនេះ។ ការិយាល័យ​ស៊ើប​អង្កេត និងវិភាគ របស់បារាំង ហៅកាត់ថា BEA បានសិក្សាទៅលើទិន្នន័យ ដែលត្រូវបានថតទុក នៅក្នុងប្រអប់ខ្មៅទីពីរ នៃ​យន្ដហោះ​អ៊ែរប៊ូស A320 របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង (Germanwings) ហើយបានរកឃើញថា ទិន្នន័យ​ទាំង​នោះ បាន​បញ្ជាក់​កាន់​តែច្បាស់ ពីគោលបំណងរបស់ ជំនួយការបើកបរយន្ដហោះ ក្នុងការបង្ហោះយន្ដហោះ ទៅបុកភ្នំ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ យន្ដហោះ របស់​ក្រុមហ៊ុន ហ្សែរមេនវីង ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់​ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានធ្លាក់បុកភ្នំ ក្នុង​តំបន់​ភាគ​ខាង​ត្បូង នៃប្រទេសបារាំង បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេស​អេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយ​នឹងអ្នក​ដំណើរ ១៤៤នាក់ ព្រម​ទាំង​បុគ្គលិក​បម្រើ​​លើ​យន្ដហោះ ៦នាក់។

ការិយាល័យ BEA ដែលជំនាញខាងស៊ើបអង្កេត ករណីធ្លាក់យន្ដហោះជាច្រើននោះ បានបញ្ជាក់នៅល្ងាចថ្ងៃសុក្រទី៣ ខែមេសាថា៖ «នៅពេលដែលយើង ចូលទៅអានពីទិន្នន័យបច្ចេកទេស ដែលបានថតទុក ជាចុងក្រោយ នៅមុន​យន្ដហោះ​ធ្លាក់ បានបញ្ជាក់ថា អ្នកកាន់ចង្កូតយន្ដហោះ នៅពេលនោះ បានដាក់ឲ្យយន្ដហោះ ហោះជាលក្ខណៈ​ស្វ័យ​ប្រវត្តិ ដោយឯកឯង ដើម្បីឲ្យយន្ដហោះហោះបន្ទាបខ្លួន។ (...) នៅក្នុងរយៈពេលនោះ អ្នកកាន់ចង្កូតយន្ដហោះ បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ ការហោះហើរជាស្វ័យប្រវត្តិនេះ ដោយបានតម្លើងល្បឿនរបស់យន្ដហោះ ឲ្យបន្ទាបខ្លួនកាន់តែឆាប់។»

ការប្រកាស របស់ការិយាល័យស៊ើបអង្កេត របស់បារាំង នាល្ងាចនេះ បានអះអាងបន្ថែម ពីលើការបញ្ជាក់ លើកមុខ ដែល​យកចេញពីប្រអប់ខ្មៅទីមួយ ដែលត្រូវបានគេរកឃើញ នៅពីរថ្ងៃបន្ទាប់ពីយន្ដហោះ បានធ្លាក់។ នៅក្នុង​ប្រអប់ខ្មៅ​ទីមួយ ដែលមានផ្ទុកទៅដោយ ការថតទុក នូវសម្លេងរបស់អ្នកបើកបរយន្ដហោះ និងរាល់សម្លេងអ្វីៗ ដែលកើតមាន ក្នុង​ពេលបើកបរនោះ បានឲ្យដឹងថា មានតែជំនួយការ បើកបរយន្ដហោះ តែម្នាក់ប៉ុណ្ណោះ ដែលបានកាន់ចង្កូត​យន្ដហោះ ក្នុង១០នាទីចុងក្រោយ រហូតដល់យន្ដហោះ បានបុកភ្នំ។ ប្រអប់ខ្មៅទីមួយ បានឲ្យដឹងទៀតថា រីឯ​មេបញ្ជា​ការបើកបរយន្ដហោះវិញ បានចេញមកបន្ទប់ទឹក ហើយត្រឡប់មកបន្ទប់បើកបរវិញ លែងបាន ដោយសារតែទ្វា បាន​បិទ​គន្លឹះ​ជាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...