រក​ឃើញ​តួ​យន្ដហោះ AirAsia ធ្លាក់​ក្នុង​សមុទ្រ ខណៈ​សាក​សព​៣ ទើប​នឹង​រក​ឃើញ (vdo)

ការភ័នច្រលំមួយ បានកើតឡើងរវាងក្រុមរុករកយន្ដហោះ របស់ប្រទេសឥណ្ឌូនេស៊ី។ ព័ត៌មានដំបូង ដែលនិយាយថា បានរកឃើញសាកសពជាង៤០នាក់នោះ ជាការភ័នច្រឡំ ព្រោះក្រុមរុករក ទើបតែស្រង់បានសាកសព៣នាក់ប៉ុណ្ណោះ ខណៈតួយន្ដហោះ ត្រូវបានគេរកឃើញហើយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូត​មក​ដល់​ពេល​នេះ មាន​សាក​សព​តែ​ចំនួន​បី​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ស្រង់​ពី​សមុទ្រ ហ្សារ៉ា (Java) ដោយ​ក្រុម​អ្នក​រុក​រក​យន្ដហោះ បាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ (AirAsia)។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​ជា​ថ្មី របស់​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​ទី​ភ្នាក់ងារ​ជាតិ ខាង​ការ​រុករក និង​ជួយ​សង្គ្រោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។ ការ​លើក​ឡើង​របស់​លោក​នាយក​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប​ផ្សេង​ទៀត នៃ​ក្រុម​រុក​រក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​នេះ​​ថា គេ​បាន​ស្រង់​សាកសព​បាន​ជាង​៤០​នាក់​ហើយ។

លោក ប៊ំបង សេលីស្ទីអូ បាន​ថ្លែង​​ឡើង​ថា៖ «នៅ​ម៉ោង ០១ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ យើង​បាន​ឃើញ​វត្ថុ​អណ្ដែត​ឡើង​ជា​ច្រើន ដែល​អាច​ជា​សាកសព​នៃ​ជន​រង​គ្រោះ នៅ​លើ​យន្ដហោះ»។ ប៉ុន្តែ​នៅ​តាម​បណ្ដា​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក បាន​បង្ហាញ​រូបភាព​ធំៗ​រួច​ហើយ ពី​សាក​សព​ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក។

នាយកទីភ្នាក់ងាររុករក បានថ្លែងទៀតថា ស្រមោលខ្មៅមួយនៅបាតសមុទ្រ ហ្សាវ៉ា ត្រូវបានរកឃើញ។ ស្រមោលនោះ អាចជាស្រមោលរបស់តួយន្ដហោះ អ៊ែរអេសៀ ដែលបានបាត់ខ្លួន។ នៅមុននេះបន្ដិច នាយក​ការិយាល័យអាកាសចរណ៍ស៊ីវិល លោក ចូកូ មៀចាម៉ូចូ (Djoko Murjatmodjo) បានអះអាងប្រហាក់​ប្រហែល​គ្នា ទៅនឹងការរកឃើញនេះ។ លោក ចូកូ បាននិយាយថា៖ «ក្នុងពេលនេះ យើងអាចអះអាងថានោះ ជាតួ​យន្ដហោះ អ៊ែរអេសៀ ហើយរដ្ឋមន្ត្រីក្រសួងគមនាគមឥណ្ឌូនេស៊ី នឹងធ្វើដំណើរទៅកាន់ក្រុង ប៉ាញកាឡាន់ ប៊ុន (Pangkalan Bun) តំបន់ដែលតួយន្ដហោះ ត្រូវបានរកឃើញ»។

អ្នកជួយសង្គ្រោះច្រើននាក់ បានកំណត់អត្តសញ្ញាណពីវត្ថុជាច្រើន ដែលបានអណ្ដែតមកលើផ្ទៃទឹក មាន​ដូច​ជា​អាវការពារ និងពោងសម្រាប់ឲ្យជួយសង្គ្រោះជាដើម ថាសុទ្ធសឹងជាសម្ភារៈបំពាក់ឲ្យយន្ដហោះ អ៊ែរអេសៀ។ អ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ី លោក អាហ្គូស វីពួត្រេនតូ (Agus Dwi Putranto) បានថ្លែង​ឡើង​ថា៖ «យើង​បាន​រកឃើញ សម្ភារៈទាំងនេះមានប្រមាណជា១០ និងសម្ភារៈតូចៗជាច្រើនទៀតពណ៌ស។ យើង​មិនអាច​ថត​រូបសម្ភារៈតូចៗទាំងនោះបានទេ។»

យន្ដហោះ​ធុន​​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ ដែល​​បាន​​​ភ្ជាប់​​​ជើង​​​ហោះ​​​ហើ​រ​​​លេខ QZ8501 បាន​បាត់​ពី​ការ​ត្រួត​ពិនិត្យ​ដែន​អាកាស នៅ​​ម៉ោង​៧​និង​៥៥​នាទី​​ ម៉ោង​ក្នុង​ស្រុក ព្រឹក​ថ្ងៃ​ទី២៨ ខែ​ធ្នូ បន្ទាប់​ពី​វា​បាន​​ងើប​ខ្លួន​ហោះ​ចេញ​ ពីព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) បាន​រយៈពេល​៤២​នាទី ហោះឆ្ពោះទៅកាន់ប្រទេសសាំងហ្គាពួរ។ សូមបញ្ជាក់ដែរថា ក្រុង ស៊ូរ៉ាបាយ៉ា ជាទីក្រុងធំទីពីរ របស់ប្រទេសឥណ្ឌូនេស៊ី ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...