មុននឹងដេញ ឡាក់ សុភាព គួរស៊ើបអង្កេតឱ្យច្បាស់?
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«មែនទែនទៅ ត្រូវមានការស៊ើបអង្កេត ព្រោះកាលណាមានភាពមិនប្រក្រតីកើតឡើង នៅទីកន្លែងណាមួយ ត្រូវមានការស៊ើបអង្កេត ជៀសជាងយើងបណ្តេញស្រេចតែចិត្តអញ្ចឹង» នេះជាការយល់ឃើញរបស់លោក ហ៊ឹម យន់ អ្នកសម្របសម្រួលសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បន្ទាប់ពីគណបក្សសង្រ្គោះជាតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រកាសជាផ្លូវការ ដោយបញ្ចប់សមាភាព របស់លោកស្រី ឡាក់ សុភាព ដែលជាជំនួយការផ្ទាល់លោក កឹម សុខា និងជាសមាជិកគណកម្មការនាយក នៃគណបក្សសង្រ្គោះជាតិ។
លោក ហ៊ឹម យន់ បានលើកឡើងបន្តថា ការដកសមាជិកភាពរបស់លោកស្រី ឡាក់ សុភាព ពីគណបក្សសង្រ្គោះជាតិ ដោយគ្មានការស៊ើបអង្កេតឱ្យបានច្បាស់លាស់នេះ ធ្វើឱ្យបាត់បង់សេរីភាព ដល់អ្នកហ៊ានបញ្ចេញយោបល់ និងហ៊ានចេញមុខក្នុងការតវ៉ា។ លោកបន្ថែមថា ការធ្វើបែបនេះ ក៏ជាការបំបាក់ស្មារតី ដល់អ្នកដែលហ៊ានធ្វើការតវ៉ា ពីភាពមិនប្រក្រតីណាមួយផងដែរ។
អ្នកឃ្លាំមើលស្ថានការនយោបាយរូបនេះ ពន្យល់យ៉ាងដូចច្នេះថា៖ «ត្រូវតែមានការស៊ើបអង្កេត ទើបដឹងថាអ្នកណាខុសអ្នកណាត្រូវ។ ត្រូវមានអ្នកបំពេញកាតព្វកិច្ចក្នុងការស៊ើបអង្កេត សូម្បីតែគណបក្សខ្លួនឯងហ្នឹង ក៏ត្រូបង្កើតក្រុមឯករាជ្យមួយទៅ ដើម្បីសិក្សាមើលទៅរឿង នៅក្នុងគណបក្សហ្នឹង»។
ទាក់ទិននឹងបញ្ហានេះដែរលោក ហ៊ាង ឬទ្ធី នាយកប្រតិបត្តិវិទ្យាស្ថាខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ និងជាអ្នកឃ្លាំមើលបញ្ហាសង្គមមួយរូប ក៏បានលើកឡើងដែរថា៖ «ជាទូទៅកាលណា មុននឹងដកអ្នកណាមួយគេត្រូវរកហេតុផល។ អញ្ចឹងមុននឹងដកបេក្ខភាពអ្នកណាមួយ ជនណាម្នាក់ គឺត្រូវឱ្យមានហេតុផលច្បាស់លាស់ គឺខាងគណបក្សគាត់ត្រូវស្វែងរកឱ្យឃើញ ថាតើបេក្ខជននោះ ឬបុគ្គលនោះមានកំហុសអី។ ការដកត្រូវផ្នែកលើភស្តុតាង ស៊ីសង្វាក់។»
» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
ប្រធានគណកម្មការវិន័យ នៃគណបក្សសង្រ្គោះជាតិ លោក អ៊ូ ចាន់ឬទ្ធិ បានថ្លែងថា មូលហេតុដែលគណៈកម្មការវិន័យ របស់គណបក្សជំទាស់មួយនេះ ដកសមាជិកភាពរបស់លោកស្រី ឡាក់ សុភាព ពីគណបក្សសង្រ្គោះជាតិ ដោយសារលោកស្រី មិនបានសហការ ជាមួយគណបក្សសង្រ្គោះជាតិ ក្នុងការបកស្រាយជាមួយអ្នកសារព័ត៌មានថា អ្នកស្រីមិនបាននិយាយចោទប្រកាន់មេដឹកនាំគណបក្សទាំងពីររូប។
លោក អ៊ូ ចាន់ឬទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីម្សិលម៉ិញ យើងបានជួបគាត់ ជាផ្លូវការជាមួយគណៈកម្មការវិន័យ អ្នកស្រីបានបដិសេធថា មិនបានថ្លែង មិនបានចោទប្រកាន់ ដូចជាសារព័ត៌មានផ្សព្វផ្សាយនោះទេ អញ្ចឹងយើងផ្តល់ជូនលោកស្រី ប្រសិនបើមិនបានថ្លែងដូច្នេះមែន អ្នកស្រីអាចឆ្លើយតបទៅកាន់អ្នកសារព័ត៌មានវិញថា អ្នកស្រីមិនបាននិយាយដូច្នេះទេ។ ប៉ុន្តែអ្នកស្រីមិនព្រមសហការ មិនធ្វើតាមការណែនាំ របស់គណកម្មការវិន័យ ដូច្នេះគណបក្សសង្រ្គោះជាតិ ក៏ដូចជាគណកម្មការវិន័យ បានសម្រេចបញ្ចប់សមាជិកភាពអ្នកស្រី ឡាក់ សុភាព ពីគណបក្សសង្រ្គោះជាតិ។»៕