អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ

អ្នកនាំពាក្យក្រសួងការងារកម្ពុជាលោក ហេង សួរ បានប្រតិកម្មតបចំពោះការចោទប្រកាន់របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថាគ្មានមូលដ្ឋានពិតប្រាកដនោះទេ ហើយថាលោកសម រង្ស៊ី មិនបានចូលរួម​ចំណែក​ធ្វើអ្វីទេ ក្រៅពីបំណងក្នុងការកេងចំណេញនយោបាយ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


ពលករខ្មែរធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ (រូបថត សហការី)

វិស័យការងារ - សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានថ្លែងថា នៅពេលប្រទេសកម្ពុជា​មានបញ្ហា មិនគម្បីខ្មែរណាម្នាក់ចោទប្រកាន់ដាក់គ្នានោះទេ តែត្រូវសហការគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បើ​តាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ខ្ញុំគិតថាអ្វីដែលគាត់(សម រង្ស៊ី) បានលើកឡើងនេះ ហាក់ដូចជាចង់កេងចំណេញ​នយោបាយ​ច្រើនជាង។»

ក្នុងពេលដែលប្រទេសថៃ កំពុងបញ្ជូនពលករខុសច្បាប់កម្ពុជារាប់ម៉ឺននាក់ មកកាន់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ យ៉ាងគំហុកនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បញ្ហានេះបានលាតត្រដាង​ឲ្យ​ឃើញការពិត ពីការបរាជ័យធ្ងន់ធ្ងរបំផុត ក្នុងការដឹកនាំនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ច្រើនឆ្នាំមកនេះ។

លើសពីអះអាងថា លោកនឹងស្នើជាផ្លូវការទៅរបយោធាថ្មី កំពុងគ្រប់គ្រងប្រទេសថៃ ឲ្យអនុគ្រោះដល់ពលករ​កម្ពុជា​នោះ លោក សម រង្ស៊ី នៅថ្ងៃម្សិលមិញនេះ ក្នុងសន្និសីទការសែទ នៅទីស្នាក់ការកណ្តាលគណបក្ស ក៏បានលើក​ហេតុផលដែរថា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ប្រទេសថៃបានសម្រេចបណ្តេញពលករបរទេសខុសច្បាប់ ច្រើន​សែននាក់ឲ្យចេញពីប្រទេសខ្លួន តែរដ្ឋាភិបាលលោកហ៊ុន សែន បណ្តោយឲ្យជនជាតិវៀតណាមច្រើនសែននាក់ រស់លើដីកម្ពុជា។

បើតាមប្រមុខដឹកនាំគណបក្សជំទាស់កម្ពុជារូបនេះ បានពន្យល់ថា ការបោសសំអាតជនអន្តោប្រវេសន៍ខុសច្បាប់ ដកដីសម្បទានពីក្រុមហ៊ុនឯកជនដ៏ច្រើនសន្ធឹកសន្ធាប់ ប្រគល់ឲ្យប្រជាពលរដ្ឋ លុបបំបាត់អំពើពុករលួយ បក្ស​ពួក​និយមជាដើម គឺជាផ្នែកមួយសំខាន់ពង្រីកទីផ្សារការងារ ដល់ពលរដ្ឋកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។ លោក សម រង្ស៊ី បញ្ជាក់ថា៖ «ជម្ងឺដែលត្រូវព្យាបាល គឺប្រជាពលរដ្ឋត្រូវមានការងារធ្វើ ដែលទទួលបានប្រាក់ឈ្នួលសមរម្យ។»

ចំពោះមុខវិបត្តិពលករដ៏រសើបនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានអះអាងថា រដ្ឋាភិបាល​មានការទទួលខុសត្រូវខ្ពស់ ទាំងផ្នែកការទូតជាមួយប្រទេសថៃ និងការអនុវត្តជាក់ស្តែង ក្នុងការទទួលមកវិញ នូវ​ពលករ​ចំណាកស្រុកកម្ពុជា ក៏ដូចជាស្វែងរកដំណោះស្រាយជូនពួកគាត់។ លោកហេង សួរ បញ្ជាក់ថា៖ «យើង​បញ្ជូន​មន្រ្តី​គ្រប់ផ្នែក ទៅកាន់ព្រំដែន។»

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ យ៉ាងហោចណាស់មានពលករខុសច្បាប់កម្ពុជា ជាង៥ម៉ឺននាក់ ត្រូវបានសមត្ថកិច្ច​ថៃ​ ដឹកយកមកទម្លាក់ នៅតាមខេត្តជាប់ព្រំដែនកម្ពុជាថៃ នេះបើយោងលើលោកអភិបាលខេត្តបន្ទាយមានជ័យ គោ ស៊ុំសារឿត ថ្លែងប្រាប់អ្នកសារព័ត៌មាន ពេលលោកទៅពិនិត្យស្ថានភាពពលករខ្មែរ នៅច្រកប៉ោយប៉ែត នៃខេត្តរបស់​លោក កាលពីល្ងាចថ្ងៃមិ្សលមិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...