កើតកូននៅកណ្ដាលសមុទ្រ បន្ទាប់ពីឪពុកម្ដាយត្រូវបានជួយសង្គ្រោះ ជាមួយជនភៀសខ្លួនរាប់ពាន់
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: August 01, 2016
- ប្រធានបទ: វិបត្តិអន្តោរប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវាកងទ័ព និងនាវាផ្នែកមនុស្សធម៌ ជាច្រើន បានជួយសង្គ្រោះជនភៀសខ្លួនតាមកាណូត ច្រើនជាង៣៤០០ នាក់ កាលពីថ្ងៃសុក្រនេះ ពីកណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ ប៉ុន្តែនៅយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ ជនភៀសខ្លួនទាំងនោះ បានបន្ថែមសមាជិកដ៏តូចមួយរូបទៀត មានឈ្មោះ «Joy Aurora»។ នេះ បើតាមអ្វីដែលគេបានដឹង ពីការអះអាងរបស់កងរក្សាសមុទ្រ របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍។
ឪពុកម្ដាយរបស់ទារិកា ដែលមានសញ្ជាតិកុងហ្គោ (ប្រទេសមួយ ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ត្រូវបានជួយសង្គ្រោះ ជាមួយនឹងជនភៀសខ្លួនដទៃទៀត ដោយនាវាសង្គ្រោះមួយ របស់ប្រទេសអៀឡង់ ដែលកំពុងដើរល្បាត នៅក្នុងតំបន់នោះ។ ប៉ុន្តែឪពុកម្ដាយរូបនោះ ត្រូវបានបញ្ជូនជាបន្ត ទៅកាន់នាវា «Bettica (នាវាសង្គ្រោះផ្នែកសុខភាព របស់ប្រទេសអ៊ីតាលី)» មួយផ្សេងទៀត បន្ទាប់ពីស្ត្រីជាម្ដាយ បានឲ្យសញ្ញាថា ចង់ឈឺពោះជិត«ឆ្លងទន្លេ»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទារិកា «Joy Aurora» បានចេញពីផ្ទៃម្ដាយ នៅវេលាម៉ោងប្រមាណជាង៥ ព្រឹកថ្ងៃសៅរ៍ ដោយមានជំនួយពី វេជ្ជបណ្ឌិតម្នាក់ ស្ត្រីឆ្មបម្នាក់ និងស្ត្រីគិលានុបដ្ឋាក ចំនួនពីរនាក់។ ក្រុមគ្រូពេទ្យទាំងនេះ ធ្លាប់បានជួយបង្កើតកូន ឲ្យជនភៀសខ្លួន ចំនួនពីរដងមុននេះរួចហើយ នៅក្នុងរយៈពេល ត្រឹមតែ១ខែចុងក្រោយ៖ ម្ដង នៅថ្ងៃទី២៧ ខែមិថុនា និងម្ដងទៀត នៅថ្ងៃទី៥ ខែកក្កដា។
ជនភៀសខ្លួនរាប់ពាន់នាក់ ត្រូវបានជួយសង្គ្រោះ ពីកាណូតតូចៗចំនួន៤គ្រឿង ពេញប្រៀបដោយមនុស្ស ដែលព្យាយាមឆ្លង ចូលមកកាន់ទ្វីបអ៊ឺរ៉ុប។ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្សម្នាក់ ពីកណ្ដាលសមុទ្រ។ ប៉ុន្តែសាកសពដ៏ចម្លែកនេះ ត្រូវបានគេអង្កេតដឹងថា មិនមានជាប់ទាក់ទងអ្វី ជាមួយនឹងជនភៀសខ្លួន ឬប្រតិបត្តិការជួយសង្គ្រោះខាងលើឡើយ។
នាវាគាំពារសុខភាព «Bettica» ត្រូវនាំឪពុកម្ដាយកូន «Joy Aurora» ទៅកាន់ក្រុង «Augusta» ដែលស្ថិតនៅភាគខាងកើត នៃឧបទ្វីប«Sicile» របស់ប្រទេសអ៊ីតាលី ខណៈជនភៀសខ្លួនផ្សេងទៀត ត្រូវនាំយកទៅកាន់ក្រុង «Pozzallo» ដែលស្ថិតនៅភាគខាងត្បូង នៃឧបទ្វីបដដែល។ ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះ នៅកំពុងបន្តធ្វើនៅឡើយ។ នាថ្ងៃសៅរ៍នេះ ជនភៀសខ្លួនជាង៣០០នាក់ផ្សេងទៀត ត្រូវបានស្រង់ចេញពីតំបន់មួយ ដែលជាប់នឹងដែនសមុទ្រ នៃប្រទេសលីប៊ី។
បើតាមរបាយការណ៍ របស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងជនភៀសខ្លួន ហៅកាត់ថា «UNHCR» បានឲ្យដឹងថា តាំងពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ជនភៀសខ្លួនជាង ៨៩ ០០០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដាក់ នៅក្នុងជំរំជនភៀសខ្លួនមួយ នៅលើទឹកដីអ៊ីតាលី៕