រដ្ឋាភិបាលទទួលស្គាល់ថា បានចល័តរថក្រោះកាត់តាមភ្នំពេញ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 26, 2016
- ប្រធានបទ: ចល័តទ័ព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពនៃការចល័តរថក្រោះ ជាច្រើនគ្រឿង បានកើតឡើង នៅចំថ្ងៃទី២៤ ខែកក្កដា ថ្ងៃនៃការដង្ហែសពដ៏ធំសម្បើម របស់បុណ្យសពលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលត្រូវបានធ្វើឃាត យ៉ាងសាហាវព្រៃផ្សៃ កណ្ដាលរាជធានីភ្នំពេញ កាលពី១៦ថ្ងៃមុន។ រដ្ឋាភិបាលតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ បានទទួលស្គាល់ថា ពិតជាបានចល័តរថក្រោះនោះមកមែន តែដើម្បីយកមកជួសជុលតែប៉ុណ្ណោះ។
ប្រិយមិត្តជាច្រើន បានផ្ញើររូបភាពជាវីដេអូ មកកាន់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយបានបង្ហាញឲ្យឃើញថា រថក្រោះទាំងនោះ មានចំនួនប្រមាណជា ៥គ្រឿង ត្រូវបានចល័តចេញ ពីភូមភាគខេត្តព្រះវិហារ នៅពេលព្រឹក និងប្រមាណជា១០គ្រឿង នៅពេលដែលក្បួនដឹករថក្រោះទាំងនោះ បានកាត់តាមរាជធានីភ្នំពេញ នៅពេលយប់ តាមបណ្ដោយវិថី ហាណូយ ឆ្ពោះទៅទិសខាងត្បូង។ ក្រុមពលរដ្ឋអ្នកប្រើប្រាសបណ្ដាញសង្គម បាននិយាយទៀតថា នៅវេលាជាម៉ោង៩យប់ ថ្ងៃអាទិត្យដដែលនោះ ពួកគេបានឃើញរថក្រោះទាំងនេះ ស្ថិតក្នុងតំបន់ “ចម្ការដូង” ក្នុងខណ្ឌដង្កោ។
វីដេអូ ដែលបង្ហាញពីការចល័តរថក្រោះទាំងនេះ៖
ទស្សនាវដ្ដីមិនអាចបញ្ជាក់ ពីភាពជាក់លាក់ នៃវីដេអូទាំងនេះបានទេ។ ប៉ុន្តែយ៉ាងហោចណាស់ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសថា វាពិតជាមានការចល័តរថក្រោះទាំងនេះពិតមែន។ ថ្លែងប្រាប់ព្រឹត្តិប័ត្រ ខេមបូឌាដេលី ដែលចេញផ្សាយប្រចាំថ្ងៃ កាលពីថ្ងៃទី២៥ ខែកក្កដានេះ លោក សុជាតិ បានឲ្យដឹងថា រថក្រោះទាំង១០គ្រឿងនោះ ពិតជាត្រូវបានដឹក ពីទិសខាងជើងឆ្ពោះ ទៅទិសខាងត្បូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យនោះមែន ប៉ុន្តែដើម្បីយកទៅជួសជុលប៉ុណ្ណោះ និងមិនបានបង្ក ឲ្យមានការភ្ញាក់ផ្អើលអ្វីទេ។
បើទោះ ជាមន្ត្រីអ្នកនាំពាក្យរូបនេះ អះអាងថា នោះជាការចល័តរថក្រោះ យកទៅជួសជុលនោះក៏ដោយ តែលោកមិនបានលំអិតថា ការជួសជុលនោះ ស្ថិតនៅទីណា ហើយថាតើមានរោងជាង សម្រាប់ជួសជុលរថក្រោះ ពិតជាមាននៅជាប់រាជធានីភ្នំពេញ ឬយ៉ាងណាដែរ។ យ៉ាងណា លោក ឈុំ សុជាតិ បានបដិសេធថា ការចល័តរថក្រោះទាំងនេះ មិនមានជាប់ពាក់ព័ន្ធអ្វី នឹងពិធីដង្ហែសពលោក កែម ឡី ដែលបានប្រមូលមនុស្ស ច្រើនម៉ឺនសែននាក់ ឲ្យចូលរួមកាលពីថ្ងៃអាទិត្យនោះឡើយ៕