វិភាគ កែម ឡី៖ ការចរចានយោបាយ គួរធ្វើមុនការចរចាបច្ចេកទេស
មជ្ឈដ្ឋានទូទៅបានសម្តែងការខកចិត្ត ចំពោះដំណើរការថយក្រោយ នៃការចរចារវាងគណបក្សទាំងពីរ ដែលទើបនឹងបានធ្វើលើកចុងក្រោយនេះ ដោយមិនបានចេញសេចក្ដីប្រកាសរួមអ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណឹង គណបក្សសង្គ្រោះជាតិ តាមរយៈប្រធានគណបក្ស លោក សម រង្ស៊ី បានប្រកាសផ្អាកការចរចានេះ ដោយសំអាងហេតុផលថា គណបក្សប្រជាជនកម្ពុជា គ្មានបំណងចង់កែទម្រង់ស្ថាប័នគ.ជ.ប និងចូលតុចរចាដើម្បីគ្រាន់តែបង្អូសពេលវេលានៃការកាន់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ សូមអានការវិភាគរបស់ អ្នកវិភាគឯករាជ្យ លោក កែម ឡី ជុំវិញបញ្ហានេះ។
គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)
នយោបាយកម្ពុជា - លោកកែម ឡី ជាអ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ ខែមីនា នេះថា ការចរចាដែលគួរឲ្យជឿជាក់ និងរំពឹងថានឹងទទួលបានលទ្ធផល គឺចាំបាច់ណាស់ត្រូវកំណត់គោលការណ៍ឲ្យបានច្បាស់លាស់។ លោកកែម ឡី បញ្ជាក់ថា៖ «ការចរចារបស់គណបក្សទាំងពីរ គួរផ្តោតលើនយោបាយវិញ ជាជៀងផ្តោតលើបច្ចេកទេស ព្រោះបច្ចេកទេស យើងត្រូវចំណាយពេលយូរ ១ឆ្នាំអីនោះ បានហើយ»។
ក្នុងឆន្ទៈរួម ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារបច្ចេកទេសម្ខាង៦នាក់ បានបន្តចរចាលើការកែទម្រង់ការបោះឆ្នោតជាបន្តបន្ទាប់ តែការចរចាចុងក្រោយនៅថ្ងៃទី១០ ខែមីនា គណបក្សទាំងពីរ មិនបានចេញសេចក្តីថ្លែងការណ៍រួមដូចសព្វដងនោះទេ។ ផ្ទុយទៅវិញគណបក្សទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដែលបង្ហាញពីគោលជំហរមិនចុះសម្រុងគ្នា តែគណបក្សទាំងពីរ ក៏បានអះអាងថានឹងបន្តចរចាជាមួយគ្នាទៀត។
ចំពោះករណីនេះ ត្រូវបានលោកកែម ឡី ពន្យល់ថា ទង្វើរបស់គណបក្សទាំងពីរ គឺតំណាងឲ្យអាយុជីវិតប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះក្រោយការចរចាគណបក្សទាំងពីរគួរធ្វើកំណត់ត្រាបង្ហាញលទ្ធផល ក្នុងពេលប្រជុំឲ្យប្រជាពលរដ្ឋបានដឹង។ លោកកែម ឡី បញ្ជាក់ថា៖ «ការចរចាដែលមិនមានផែនការច្បាស់លាស់ គឺគ្រាន់តែជារបៀបបញ្ឆោតប្រជាពលរដ្ឋ ហើយអាកប្បកិរិយានេះ មិនទទួលការគាំទ្រពីប្រជាពលរដ្ឋច្រើននៅពេលអនាគតនោះទេ»។
គួរកត់សម្គាល់ថា បើទោះជាគណបក្សបក្សទាំងពីរ បានបន្តចរចាជាមួយគ្នាជាបន្តបន្ទាប់ក៏ដោយ ក៏ចំណុចខ្វែងគំនិតគ្នាដែលជាឬសគល់នៃភាពជាប់គាំងផ្នែកនយោបាយ នៅតែឃ្លាតឆ្ងាយពីរបៀបវីរៈនៃការចរចានៅឡើយ ព្រោះគណបក្សង្រ្គោះជាតិ នៅបន្តធ្វើពហិការមិនចូលប្រជុំសភា និងទាមទារឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ។ តែការទទូចនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បដិសេធ។
ជុំវិញករណីនេះ លោកកែម ឡី បញ្ជាក់ថា៖ «បើសិនជាគណបក្សទាំងពីររកសេនារ៉េយោ (scénario) ល្អ បានន័យថាគណបក្សទាំងពីរ បន្ទន់ឥរិយបថពីគ្នាបន្តិច ទៅវិញទៅមក ខ្ញុំគិតថាអាចជួយគ្នាបាន។ គណបក្សប្រជាជនអាចបើកផ្លូវឲ្យបោះឆ្នោតអាណត្តិទី៦ មុនអាណត្តិ នៅឆ្នាំណាមួយ ហើយគណបក្សសង្រ្គោះជាតិ បើគណបក្សប្រជាជនយល់ព្រមបោះឆ្នោត គណបក្សសង្រ្គោះជាតិ គួរតែយល់ព្រមចូលសភា ដើម្បីបំពេញសុពលភាពច្បាប់ពីអន្តរជាតិ ហើយយើងអាចទាញប្រយោជន៍មកអភិវឌ្ឍន៍ប្រទេសយើងបានច្រើន។»៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៤