សម្ភាសពលរដ្ឋរងគ្រោះ៖ បណ្តឹងទៅតុលាការដូច «បង់អំបិលក្នុងទន្លេ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទាំងពលរដ្ឋរងគ្រោះ ទាំងពលរដ្ឋដែលបានចូលរួមគាំទ្រ ការដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានី ប្រឆាំងនឹងជនបង្កឲ្យមានការវាយបែកក្បាល ទៅលើស្ត្រីមកពីសហគមន៍បូរីកីឡា បានថ្លែងចោទប្រកាន់ប្រព័ន្ធតុលាការកម្ពុជា ថាមិនរកខុសត្រូវឲ្យពលរដ្ឋនោះឡើយ ហាក់បីដូច «បង់អំបិលចូលទន្លេ» ដែលបង្កឲ្យមានជនខិលខូចកាន់តែកើនឡើងៗយ៉ាងដូច្នេះ។
អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)
ប្រព័ន្ធយុត្តិធម៌ - ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា តែងរងការចោទប្រកាន់ជារឿយៗ ថាគ្រាន់តែជា«ម៉ាស៊ីន» ដើម្បីកាត់ក្ដីបម្រើឲ្យអ្នកកាន់អំណាច និងអ្នកមានប្រាក់បុណ្យស័ក្ដិប៉ុណ្ណោះ។ សូមអានការថ្លែងជាបន្តបន្ទាប់ របស់ពលរដ្ឋដែលមិនត្រឹមតែរងគ្រោះ នឹងការបណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែងនោះទេ តែបានរងគ្រោះនឹងការវាយសំពងរហូតបែកក្បាល ដួលសន្លប់នោះ ដោយក្រុមអ្នកមានអំណាច ឬពីក្រុមកងកម្លាំងរបស់អាជ្ញាធរនោះថែមទៀត ដូចខាងក្រោម៖
អ្នកស្រី ម៉ៅ សុខា បានលើកឡើងថា រាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្លូតត្រង់ ដែលតែងតែប្តឹងផ្តល់ ជាមួយអ្នកមានអំណាច ឬជាមួយនិងអ្នកមានលុយកាក់ បុណ្យសក្តិ មិនដែលត្រូវបានតុលាការ លើកមកធ្វើការចាត់ការឡើយ ភាគច្រើនតែងតែកប់សំណុំរឿងនោះចោល ដោយមិនទាំងបានបញ្ជាក់ពីមូលហេតុនោះទៀត។ ពេលប្រជាពលរដ្ឋរងគ្រោះ ស្វែងរកការអន្តររាគមន៍ដើម្បីយុត្តិធម៌ ក្រុមទាំងនោះមិនត្រឹមតែមិនរកយុត្តិធម៌ឲ្យពលរដ្ឋទេ ទាំងរដ្ឋាភិបាល ទាំងអាជ្ញាធម៌ ដឹងតែពីវាយដំ ដឹងតែពីចាប់។ ចំណែកអ្នកវាយ អ្នកកប្រព្រឹត្ត មិនដែលឃើញ (តុលាការ) ហៅអ្នកណា មកសាកសួរបានម្នាក់នោះទេ។
អ្នកស្រី បាននិយាយបញ្ជួសដូច្នេះថា «យូរៗគង់តែឆេះកន្លែងហ្នឹងទេ ឲ្យតែមិនដោះស្រាយ ហើយយក (ពាក្យបណ្តឹងពលរដ្ឋ) ទៅគរទុក យូរៗគង់តែឆេះទាំងចៅក្រម ឆេះទាំងព្រះរាជអាជ្ញានោះទេ»។
អ្នកស្រី យ៉ាម បុប្ផា ដែលជាសកម្មជនសិទ្ធិលំនៅដ្នានដែរនោះ ក្រោយពីតុលការបានធ្វើការដោះលែង អ្នកស្រីនៅតែបន្តរការទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហា ដីធ្លី និងសិទ្ធិលំនៅដ្ឋាន ឲ្យទៅពលរដ្ឋស្លូតត្រង់។ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងអ្នកបូរីកីឡា អ្នកស្រីបានរិះគន់លើប្រព័ន្ធតុលាការ ឬមន្រ្តីតុលាការមួយចំនួនថា «មានតែតុលាការសម័យនេះទេ ដែលគេបាចអំបិល បាចម្ទេស ធ្វើរូបទីងមោងដុត ជាមួយនឹងការដាក់ទំនាយ នៅតែមិនមានការកែប្រែ»។
តំណាងអ្នកបូរីកីឡាមួយរូប ក្នុងការប្តឹងលោកអភិបាល និងអភិបាលរងខណ្ឌ៧មករា អ្នកស្រី ឆាយ គឹមហ៊ន បានលើកឡើងថា អ្នកស្រីនឹងមិនសង្ឃឹមចំពោះបណ្តឹនេះ ត្រូវបានតុលាការលើកមកពិចារណានោះទេ ។ អ្នកស្រីបានពន្យល់ថា «តែនេះជានីតិវិធី មុននឹងពួកខ្ញុំដាក់ទៅតាមអង្គការសង្គមស៊ីវិល ឬ បណ្តាស្ថានទូត។ (...) ពាក្យបណ្តឹងរបស់ពួក ខ្ញុំនាពេលកន្លងមក តុលាការតែងតែកប់ចោយ មិនដែលលើកយកមកចាត់ការ ម្តងណានោះទេ។ តែបើពាក្យបណ្តឹងខាងក្រុមហ៊ុនប្តឹងវិញ យ៉ាងយូរមួយសប្តាហ៍ តុលាការកោះហៅពួកខ្ញុំមកសាកសួរភ្លាម។»។
ពរពោះជិតប្រាំបីខែអ្នកស្រី ហាស់ សុចិន្តា ដែលរងរបួសពីការវាយតប់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងសហគមន៍បូរីកីឡា បានរម្លឹក ពាក្យបណ្តឹងពលរដ្ឋមួយ ដែលបានដាក់មកតុលាការតាំងពីថ្ងៃទី៣ ខែមករា ប្តឹងអ្នកស្រី ស៊ុយ សុផាន ថាមកទល់នឹងពេលនេះ តុលាការមិនបានកោះហៅមកតទល់គ្នា ចំពោះមុខឡើយ។ តែផ្ទុយមកវិញអ្នកស្រី ស៊ុយ សុផាន បានប្តឹងប្រជាពលរដ្ឋតែប្រាំថ្ងៃគត់ តុលាការបានចេញដីកាចាប់ពលរដ្ឋទាំងនោះដាក់គុកតែម្តង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការសម្ភាសប្រតិកម្មតប ពីមន្រ្តីនៃសាលាដំបូងរាជធានីភ្នំពេញ ចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះបានទេ។
លោក ណង អូនី មន្រ្តីច្បាប់មកពីអង្គការសិទ្ធិលំនៅដ្ឋាន ដែលកំពុងតាមដាន ការដាក់ពាក្យបណ្តឹងរបស់ពលរដ្ឋ បានលើកឡើងថា តុលាការមួយនេះ ប្រាកដជានឹងមិនលើកយកសំណុំរឿង មកដោះស្រាយនោះទេ។ លោកបានអះអាងថា នេះមិនមែនជាលើកទីមួយនោះទេ មានច្រើនករណីណាស់ ដែលតុលាការតែងតែផ្អឹបទុក ឬមិនចាត់ការ ដោយហេតុផលនេះឬហេតុផលនោះ ព្រោះតែការគេចវេស ពីការដោះស្រាយមិនរកយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ មីនា ២០១៤