យន្ដការដោះស្រាយវិបត្តិដីធ្លីនៅបឹងប្រាំ៖ «គឺរុញឲ្យថ្នាក់ក្រោមស្រាយ!»
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ឆាន់ មុន្នី -ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 20, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បណ្តឹងតវ៉ានានា របស់តំណាងប្រជាពលរដ្ឋ ចេះតែមានជាបន្តបន្ទាប់ តែក៏មានពាក្យបណ្ដឹងខ្លះ នៅមិនទាន់រកបាន ចំណាត់ការណាមួយ ឲ្យមានភាពច្បាស់លាស់នៅឡើយ ពីក្រសួងមហាផ្ទៃ។ ដូចជាករណីពាក្យបណ្តឹង ចុះថ្ងៃទី៥ ខែឧសភា របស់ប្រជាពលរដ្ឋ មកពី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នេះជាដើម ដែលគ្រាន់តែ បានទទួលពាក្យ ពីក្រសួងមហាផ្ទៃ មកវិញថា៖ «ដោយពិនិត្យឃើញថា ស្ថិតក្នុងសមត្ថកិច្ចដោះស្រាយ របស់អាជ្ញាធរមូលដ្ឋាន ដូច្នេះក្រសួងមហាផ្ទៃ សូមបង្វែរជូនឯកឧត្តមអភិបាល ដើម្បីពិនិត្យ និងដោះស្រាយ ជាសមត្ថកិច្ច។»
ពាក្យបណ្តឹងនេះ ត្រូវបានទទួលយក ដោយលោក ខៀវ សុភ័ក អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា តាមបញ្ជារបស់រដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង (បើយោងតាមលិខិត ចុះថ្ងៃទី២៣ ខែមីនា)។ក្នុងពាក្យបណ្ដឹង របស់ពលរដ្ឋទាំង២៥៥គ្រួសារ ដែលបានប្តឹងពីមេឃុំបឹងប្រាំ និងមេភូមិចំនួនប្រាំពីរនាក់ (ប្រាំពីរភូមិ) ផ្សេងទៀតនោះ បានធ្វើឡើង បន្ទាប់ពីពលរដ្ឋ បានជួបស្វែងរកកិច្ចអន្តរាគម ពីអាជ្ញាធរថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត តែមិនបានលទ្ធផល ឬត្រូវបាន«បិទ»ចោល តាំងពីឆ្នាំ២០០៥មក។
បើតាមពលរដ្ឋទាំងនោះ បានសរសេរឲ្យដឹង នៅក្នុងពាក្យបណ្ដឹង របស់ពួកគេថា មេឃុំបឹងប្រាំ លោក ឈា នី និងមេភូមិចំនួនប្រាំពីរនាក់ទៀត ដូចជា មេភូមិបឹងប្រាំ មេភូមិអូឬស្សី មេភូមិយុត្តិធម៌ មេភូមិបឹងក្រឡ មេភូមិបឹងធុង មេភូមិសំណាងព្រះស្រី មេភូមិជ័យជំនះ បានរំលោភច្បាប់ និងសិទ្ធរបស់ក្រុមពលរដ្ឋ យ៉ាងហោចណាស់ប្រាំករណី ដូចជា រំលោភច្បាប់ ស្តីពីសម្បទានដីសង្គមកិច្ច រំលោភសិទ្ធិពលរដ្ឋ ឆបោក ប្រព្រឹត្តិអំពើពុករលួយ និងក្លែងឯកសារសាធារណៈ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លឹម វ៉ាន់ បានចេញលិខិតមួយច្បាប់ ជូនតំណាងប្រជាពលរដ្ឋ ទាំង២៥៥ គ្រួសារ ក្រោយពីទទួលបានពាក្យបណ្តឹង ប្តឹងលោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី ខេត្តបាត់ដំបង ពីករណីចេញប័ណ្ណកាន់កាប់ ដោយគ្មានដី ឲ្យប្រជាពលរដ្ឋទាំង២៥៥គ្រួសារ។ លោក លឹម វ៉ាន់ បានសរសេរថា៖ «ពិនិត្យឃើញថា ករណីនេះអាជ្ញាធរ ខេត្តបាត់ដំបង បានបង្កើតគណកម្មការដោះស្រាយ វិវាទដីធ្លីមួយ ដែលកំពុងប្រចាំការ រង់ចាំទទួលពាក្យ និងដោះស្រាយ ជូនប្រជាពលរដ្ឋ»។
ចំណែកឯមន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំខេត្តបាត់ដំបង លោក ឆាន់ មុន្នី បានលើកឡើងថា មេឃុំបឹងប្រាំលោក ឈា នី បានយកអនុក្រិត្យ លេខ២០២ (សម្បទានសង្គមកិច្ច) ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាល ជាឈ្នាន់ក្នុងការអូសទាញ ឬកែនប្រជាពលរដ្ឋ ពីបណ្តា ២៤ខេត្តក្រុង ឲ្យមករស់នៅ ក្នុងតំបន់បឹងប្រាំនេះ។ លោកបានសរសេរបន្តថា លោកមេឃុំនោះ បានប្រើប្រាស់អ្នកចំណូលស្រុកថ្មី ឲ្យដេញអ្នកភូមិម្ចាស់ស្រុកចេញ និងបន្ទាប់មក ធ្វើការឈូសឆាយយក ដោយបង្ខំតែម្តង។ សូមអានអត្ថបទបន្ថែម នៅឃុំបឹងប្រាំ ពលរដ្ឋរត់«គេច»ខ្លួន ព្រោះអាជ្ញាធរឈូសដីចំការខ្លួន និង ពលរដ្ឋចោទអាជ្ញាធរបឹងប្រាំ ថាយកតុលាការមក«គម្រាម»ដើម្បីយកដី។
ករណី នេះ ពលរដ្ឋម្ចាស់ស្រុក នៅក្នុងឃុំបឹងប្រាំ បានទទួលដីធ្លី មកធ្វើជាទីអាស្រ័យ របស់ផងខ្លួន នៅក្រោយសម័យ ធ្វើសមាហរណកម្ម អំឡុងឆ្នាំ១៩៩៩។ ពលរដ្ឋភាគច្រើន ដែលបានទទួលនោះ សុទ្ធសឹងតែជាគ្រួសារកងទព័ ជាកងទព័ ក្រោមការចែកឲ្យ ដោយមេបញ្ជាការរបស់ខ្លួន ក្រោមគោលនយោបាយ «ឈ្នះៗ» របស់រដ្ឋាភិបាល។ សូមអានអត្ថបទពាក់ព័ន្ធ មេបញ្ជាការបឹងប្រាំ ថ្លែងពីដើមទងនៃជម្លោះដីធ្លី ក្រោយសមាហរណកម្ម។
មន្រ្តីសិទ្ធិមនុស្ស លោក ឆាន់ មុន្នី បានបន្តឲ្យដឹងថា ពលរដ្ឋដែលមកពីតាមខេត្ត ក្រុងនានា ទាំង២៤ខេត្តក្រុង ក្រោយពីដេញពលរដ្ឋចាស់ បានជោគជ័យ ក្រោមការជ្រោមជ្រែង របស់មេឃុំបឹងប្រាំមក ក៏នាំគ្នាបង្កបង្កើនផលលើដីនោះ និងកាប់រានដីព្រៃខ្លះ បន្ថែមមួយចំនួនទៀត។ លោក មុន្នី បានសរសេរទៀតថា ក្រោយមកមេឃុំ លោក ឈា នី បានដកដី ពីពលរដ្ឋទាំងនោះមកវិញ មកលក់បន្ត ទៅឲ្យពលរដ្ឋផ្សេងទៀត (ភាគីទីបី)។ សរុបមក ទាំងអ្នកចាស់ ទាំងអ្នកថ្មី ត្រូវគ្រប់គ្រងដីរបស់ខ្លួន តាមរយៈ «មានដី គ្មានប្លង់ និងមានប្លង់ តែគ្មានដី»។ សូមអានអត្ថបទបន្ថែម របាយការណ៍ពីឃុំបឹងប្រាំ៖ អ្នកមានដីគ្មានប្លង់ ឯអ្នកមានប្លង់គ្មានដី។
លោក ឆាន់ មុន្នី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១១ ខែឧសភានេះ គណៈកម្មការខេត្តដោះស្រាយវិវាទដីធ្លី ក៏បានធ្វើការកោះហៅប្រជាពលរដ្ឋទាំងនោះ ដោយបង្ខំឲ្យពួកគាត់ទទួលយកដីនៅតំបន់ថ្មី ស្ថិតក្នុងស្រុកកោះក្រឡ ដោយក្នុងមួយគ្រួសារ បានត្រឹមតែមួយហិកតាដីប៉ុណ្ណោះ។ ករណីនេះ ប្រជាពលរដ្ឋទាំងអស់ នឹងមិនទទួលយកបានឡើយ ព្រោះពលរដ្ឋខ្លះពីមុនមក មានដីរហូតដល់៥ហិកតា និងឆ្ងាយពីភូមិដ្ឋានរាប់សឹបគីឡូដី។ មន្ត្រីឃ្លាំងមើលសិទ្ធិមនុស្ស បានថ្លែងថា៖ «ខ្ញុំជឿថា មិនអាចទៅរួចទេ។ ពួកគាត់នាំគ្នានិយាយថា ស៊ូស្លាប់មិនដូ ស៊ូស្លាប់មិនចេញ។»៕
សថដសថ