អ្នកកាសែតភ្នំពេញប៉ុស្តិ៍បំភ្លឺនៅតុលាការយោធា ទាក់ទងអត្តបទកាត់ដីកងទ័ព
- ដោយ: ត្នោតខ្មែរ និង ជា ប៊ុនធឿន ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១២
- កែប្រែចុងក្រោយ: December 24, 2012
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងអត្តបទខាងលើ បានសរសេរថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយចោទថា បានកាត់ដីរបស់ពួកគេលក់ ឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ «Best Royal និង Taining»។
នៅក្នុងអត្តបទដដែលនេះ បាន បញ្ជាក់ថា នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាន នៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១ ៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ៤ គន់ គីម នាយសេនាធិការចម្រុះ និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតា ហើយលក់ទៅឲ្យ ក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។
កាសែត បានដកស្រង់សំដី នាយរងសេនាធិការ ដែលស្នើសុំមិន បញ្ចេញឈ្មោះ តាមទូរស័ព្ទ ថា កាលពីពេលថ្មីៗនេះ លោក ឧត្តមសេនីយ៍ គន់ គីម បានកាត់ដីប្រមាណ ៥ពាន់ហិកតា ដែលជាដីរបបយោធា របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ក្នុងឃុំត្រពាំងប្រាសាទលក់ ទៅឲ្យ ក្រុមហ៊ុនវៀតណាមទាំង ២ ដើម្បីដាំដើមកៅស៊ូ។
ក្នុងអត្តបទដដែលបញ្ជាក់ថា ក្រុមហ៊ុន «Best Royal និង Taining» បានប្រើគ្រឿងចក្ររបស់ពួកគេ ឈូសឆាយរានដីរបបទាហាន អស់ប្រមាណជា ៤ ពាន់ហិកតា។ លោកបន្តថា ក្នុងពេលធ្វើសកម្មភាព ឈូសរាននោះ ក្រុមហ៊ុនបានបំផ្លិចបំផ្លាញ ផលដំណាំស្រូវ និងចម្ការដំណាំដទៃទៀត របស់ទាហានទាំងស្រុង ហើយទង្វើរបស់ពួកគេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ជីវភាពរស់ នៅរបស់គ្រួសារទ័ព។
លោក ប៊ុត រស្មីគង្គា បានឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីចេញពី តុលាការវិញថា លោកបានចូលទៅ បំភ្លឺរួចហើយ ដោយគ្រាន់តែ ឲ្យលោក ផ្តិតមេដៃទទួលស្គាល់ នូវចម្លើយ ដែលលោក បានឆ្លើយ។ លោកបញ្ជាក់ថា លោកមានភស្តុតាង ជាខ្សែរអាត់សំលេង ដែលគាត់បានសម្ភាសន៍ត្រឹមត្រូវ មុននឹងសរសេរអត្តបទនេះ។ តែទោះជាយ៉ាងណា ក្នុងរឿងនេះ លោក មានការបារម្ភ និងក៏មិនទាន់បានដឹងថា នឹងមានការកោះហៅយ៉ាងណាទៀតដែរ ទៅថ្ងៃខាងមុខដែរ៕