បង្កគ្រោះថ្នាក់ចរាចរណ៍ រត់គេចខ្លួនរួចបោះលុយឲ្យជនរងគ្រោះ (Sic)?
អង្គការជនពិការអន្តរជាតិ នៅប្រទេសប៊ែលហ្សិក បានប្រកាសថា ក្នុងអំឡុងតែមួយសប្ដាហ៍ អ្នកទទួលខុសត្រូវនៃគ្រោះថ្នាក់ចរាចរណ៍ ចំនួនបីលើក បានរត់គេចខ្លួន ក្រោយពីបានធ្វើអោយមនុស្ស២នាក់ស្លាប់ និង៦នាក់ផ្សេងទៀត រងរបួស។
មើលមួយភ្លែតដូចការជួបប្រជុំគ្នា ឬជាផ្សារណាត់មួយ ក្នុងផ្លូវបែកជាបួន។ តែមិនមែនទេ ព្រោះអ្នកប្រើប្រាស់យាន្ត
ទាំងអស់នេះ កំពុងតែធ្វើចរាចរណ៍ និងស្វែងរកច្រកចេញ ទៅតាម«សម្មាអាជីវោ» រៀងៗខ្លួនទៅហោង។
គ្រោះថ្នាក់នៅលើទ្រូងផ្លូវ បានបង្កអោយមានជនរងគ្រោះ កាន់តែច្រើនឡើងៗ ហើយវប្បធម៌នៃការរត់គេចខ្លួន របស់អ្នកទទួលខុសត្រូវ ឬអ្នកជាប់ទាក់ទងនឹងគ្រោះថ្នាក់ទាំងនេះ ក៏ចេះតែមានជាប់រហូត។ នេះជាដំណឹង ផ្សាយក្នុងសារពត៌មានជាភាសាអង់គ្លេសមួយ ឈ្មោះ ខេប៊ូឌៀដេលី នៅថ្ងៃទី២២ធ្នូកន្លងមកនេះ។ នៅក្នុងសប្ដាហ៍តែមួយ គ្រោះថ្នាក់ពីរបានកើតឡើងជាបន្តបន្ទាប់។ ករណីទីមួយ នៅខេត្តរតនាគីរី ធ្វើអោយយុវជនម្នាក់អាយុ១៨ឆ្នាំ ស្ត្រីម្នាក់អាយុ២៧ឆ្នាំស្លាប់ និងមនុស្សពីរនាក់ទៀត រងរបួសជាទំងន់។ រីឯករណីមួយទៀត នៅភ្នំពេញជិតគេហដ្ឋានលោកនាយករដ្ឋមន្ត្រី រថយន្តឡង់រ៉ូវ័រមួយបានប៉ះជាមួយនឹង រថអូស ទុកទុក បណ្ដាលអោយមនុស្ស៤នាក់រងរបួស។
នៅគ្រប់ករណី អ្នកទទួលខុសត្រូវបានរត់គេចខ្លួនបាត់ស្រមោល ដោយក្នុងនោះមានម្នាក់ ជានាយកងលត់អគ្គិភ័យប្រចាំខេត្តរតនគីរីផង។ អ្នកទទួលខុសត្រូវទាំងនោះមួយចំនួន បានបើករថយន្តក្នុងហេតុការណ៍នោះ ដើម្បីរត់គេច ខ្លះទៀតទុករថយន្តចោល ហើយបានរត់គេចខ្លួនដោយថ្មើរជើង។
លោកអៀ ចរិយ៉ា មន្ត្រីទទួលខុសត្រូវនៃកម្មវិធីសុវត្ថិភាពទ្រូងផ្លូវ របស់អង្គការជនពិការអន្តជាតិ នៃប្រទេសប៊ែលហ្សិក បានអោយដឹងថា គ្រោះថ្នាក់ជាបន្តបន្ទាប់ បង្កឡើងដោយជនបង្កដែលគេចខ្លួនបាត់នោះ នៅឆ្នាំ២០១១ បានបង្ហាញតួលេខមានប្រមាណជា ១៩%នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ - ២៥% មានគ្រោះថ្នាក់ដល់បាត់បង់ជីវិត។ តួលេខបានបញ្ជាក់អោយដឹង ពីក្នុងនោះថែមទៀតថា ជនបង្កដែលបានគេចខ្លួនបាត់ មាន ៥៤% ជាអ្នកបើកម៉ូតូ - ២១% ជាអ្នកបើករថយន្ដ និង១៣% ជាអ្នកបើករថយន្ដដឹកទំនិញ។
មន្ត្រីអង្គការអន្តរជាតិរូបនេះ បានថ្លែងប្រាប់ទៀតថា បើទោះជាមាត្រាទី៨០ ៨១ និង៨២ នៃច្បាប់ចរាចរណ៍ បានដាក់ទោសដល់ជនបង្កណាក៏ដោយ ដែលបានរត់គេចខ្លួនចេញ ពីទីកើតហេតុមានគ្រោះថ្នាក់ចរាចរណ៍នោះ នឹងត្រូវមានទោសជាប់ពន្ធនាគារ រហូតដល់ ៣ឆ្នាំក៏ដោយ ក៏ការដាក់ទោសទណ្ឌរបៀបនេះ កម្រត្រូវបានអ្នកអនុវត្តន៍ច្បាប់ យកមកប្រើប្រាស់ដាក់ទៅលើជនប្រព្រឹត្តិកំហុសណាស់។ លោកពន្យល់ថា «យើងទាំងអស់គ្នាត្រូវដឹងថា អ្នកទទួលខុសត្រូវ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានរត់គេចខ្លួន នឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរ»។
លោកគិតថា វប្បធម៌នៃការរត់គេចខ្លួន បានចេញមកពី ជនបង្កចេះតែមានអារម្មណ៍ភ័យខ្លាចថា នឹងជួបបញ្ហាខ្លាំងនៅពេលខ្លួនគេនៅប្រឈម នឹងកន្លែងកើតហេតុ។ «នៅពេលយើងសួរថា ហេតុអីបានជារត់គេចយករួចខ្លួន ពួកគាត់ឆ្លើយមកវិញថា មកពីពួកគាត់ភ័យ ក្រែងលោជនរងគ្រោះស្លាប់ ហើយពួកគាត់បានបារម្ភនឹងសន្តិសុខផ្ទាល់ខ្លួន» លោកបានបញ្ចប់សេចក្ដីថ្លែងរបស់លោកយ៉ាងដូច្នេះ ដោយលើកយកឧទាហរណ៍ខ្លះ ដែលធ្លាប់កើតរួចមកហើយ យកមកបញ្ជាក់ដូចជា ហ្វូងមហាជនអាចប្រមូលគ្នាមកចោមរោម ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ ហើយអាចនឹងព្រួតគ្នាវាយជនបង្ករហូតដល់ស្លាប់ក៏មានដែរ។
បើគ្រោះថ្នាក់នៅលើទ្រូងផ្លូវ ចេះតែកើតមានមិនចេះចប់ មិនចេះធូរស្រាល និងគួរអោយខ្លាចព្រឺព្រួចយ៉ាងនេះ តើគេគួរបណ្ដោយអោយបញ្ហានេះ នៅមានរហូតក្លាយទៅជាវប្បធម៌ នៃការមិនស្គាល់ច្បាប់ទម្លាប់បែបនេះ ឬយ៉ាងណា? រីឯការទទួលខុសត្រូវ របស់អាជ្ញាធរមានសមត្ថកិច្ចខាងផ្នែកចរាចរណ៍ គួរតែនៅធ្វើ«មិនដឹងមិនលឺ» ជារៀងរហូតទៅឬដូចម្តេច?
ទាក់ទងនឹងបញ្ហាចរាចរណ៍នៅលើទ្រូងផ្លូវនេះ សូមអានអត្ថបទវិភាគមួយ (សូមចុចលើនេះ) របស់មនោរម្យព័ងអាំងហ្វូ ដែលគ្រាន់ជាទស្សនទាន ជម្រាបជូនពីមូលហេតុដែលធ្វើអោយស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ