កម្ពុជា៖ ហេតុផល​ទាំង​៣ ធ្វើ​ឲ្យ​«បុណ្យ​ណូអែល»​កើន​ប្រជាប្រិយភាព

នៅតាមគ្រឹះស្ថានសាសនា របស់គ្រឹស្ដ៍បរិស័ទ បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សាលារៀនឯកជន ... តាំងពីទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀបចំ «ដើមឈើសាប៉ាំង» ដោយមានរចនា តុបតែងលំអរ ឬបំពាក់ដោយភ្លើងពណ៌ និងក្រសាសភ្លឺភ្លែត អមដោយគំនរអំណោយជាច្រើន រហូតដល់មានការប្រគុំដន្រ្តី យ៉ាងគគ្រឹកគគ្រេងថែមទៀតផង។ ពីមុនមក មានតែស្ថាប័នរបស់បរទេស ឬគ្រឹស្ថានសាសនា របស់គ្រឹស្ដ៍បរិស័ទ្ធប៉ុណ្ណោះ ដែលបានរៀបចំចាត់ចែងកម្មវិធីបែបនេះ តែបច្ចុប្បន្នម្ចាស់កម្មវិធីច្រើនឡើងៗ សុទ្ធសឹងជាជនជាតិខ្មែរ បានរៀបចំធ្វើ«បុណ្យណូអែល»នេះដែរ នៅអំឡុងមុន និងនៅថ្ងៃទី២៥ខែធ្នូនេះ។ ជាពិសេសទៅទៀត យុវវ័យខ្មែរដែល«សឹងជាទូទៅ» ក៏បានប្រារព្ធ និងចាត់ទុក«បុណ្យណូអែល» ជាកម្មវិធីកម្សាន្តសប្បាយ តាមបែប«សម័យថ្មី»របស់ពួកគេដែរ។ ពួកគេបានជួបជុំគ្នា ដើម្បីជូនអំណោយ ឬនិយាយជូនពរអោយគ្នាទៅវិញទៅមក។ ជាពិសេសពិធីបុណ្យនេះ បានក្លាយជាឱកាស សម្រាប់គូរស្នេហា​ជាច្រើន បង្កើននូវភាព«យល់ចិត្ត» និងភាព«ស្និតស្នាល» រវាងពួកគេថែមទៀតផង។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីមួយឆ្នាំទៅមួយឆ្នាំ «បុណ្យណូអែល» ឬ«បុណ្យគ្រឹស្មាស» ត្រូវគេមើលឃើញថា កាន់តែមានប្រជាប្រិយភាព ជា​ពិសេសក្នុង​ចំណោម​យុវវ័យ នៅស្ទើរទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្ដាជនភាគច្រើន ជាអ្នកគោរព​ព្រះពុទ្ធសាសនា។ សូម​ស្វែងយល់ពីមូលហេតុទាំងបី ដែលធ្វើឲ្យបុណ្យនេះ ត្រូវបានបណ្ដាជន​ដែលទើប​នឹង​ពេញ​វ័យ​នៅកម្ពុជា ចូលចិត្តប្រារព្ធវាសឹងជាទម្លាប់រៀងរាល់ឆ្នាំ។


ការតែងភ្លើង ពេលបុណ្យណូអែល ផ្នែកខាងក្រៅនៃស្ថានទូតអាមេរិកាំង ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ (រូបភាព របស់ស្ថានទូតអាមេរិក)

នៅតាមគ្រឹះស្ថានសាសនារបស់គ្រឹស្ដ៍បរិស័ទ បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សាលារៀនឯកជន ... តាំងពី​ទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀបចំ «ដើមឈើសាប៉ាំង» ដោយមានរចនា តុប​តែង​លំអរ ឬបំពាក់ដោយភ្លើងពណ៌ និងក្រសាសភ្លឺភ្លែត អមដោយគំនរអំណោយជាច្រើន រហូតដល់មានការប្រគុំ​ដន្រ្តី យ៉ាង​គគ្រឹកគគ្រេងថែមទៀតផង។ ពីមុនមក មានតែស្ថាប័នរបស់បរទេស ឬគ្រឹស្ថានសាសនា របស់គ្រឹស្ដ៍​បរិស័ទ្ធប៉ុណ្ណោះ ដែលបានរៀបចំចាត់ចែងកម្មវិធីបែបនេះ។ តែបច្ចុប្បន្នម្ចាស់កម្មវិធីច្រើនឡើងៗ សុទ្ធសឹងជា​ជន​ជាតិ​ខ្មែរ បានរៀបចំធ្វើ​«បុណ្យណូអែល»នេះដែរ នៅអំឡុងមុន និងនៅថ្ងៃទី២៥ខែធ្នូនេះ។ ជាពិសេសទៅទៀត យុវវ័យ​ខ្មែរដែល«សឹងជាទូទៅ» ក៏បានប្រារព្ធ និងចាត់ទុក«បុណ្យណូអែល» ជាកម្មវិធីកម្សាន្តសប្បាយ តាមបែប«សម័យ​ថ្មី»របស់ពួកគេ។ ពួកគេបាន​ជួបជុំគ្នា ដើម្បីជូនអំណោយ ឬនិយាយជូនពរអោយគ្នាទៅវិញទៅមក។ ពិធីបុណ្យនេះ ក៏បានក្លាយជាឱកាស សម្រាប់​គូរស្នេហា​ជាច្រើន បង្កើននូវភាព«យល់ចិត្ត» និងភាព«ស្និតស្នាល» រវាងពួកគេ​ថែម​ទៀតផង។

តែបើងាកទៅមើល ក្នុងរដូវចូលឆ្នាំថ្មីកាលពីខែមេសាកន្លងមក ល្បែងកម្សាន្តតាមបែបប្រពៃណីជាតិ មិនសូវមាន​អ្នកណា​ចាប់អារម្មណ៍ និងប្រារព្ធលេងនោះឡើយ។ ក្នុងពេលចូលឆ្នាំខ្មែរនោះដដែល ស្ថាប័នឯកជនមួយចំនួន មិន​បានរៀបចំ តុបតែងអបអរ អោយមានភាពអធឹកអធម ដូចក្នុងពេលនេះយ៉ាងដូច្នេះឡើយ។ តើនេះ ជាគ្រោះថ្នាក់​សម្រាប់ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងប៉ះពាល់ទៅដល់ខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា ឬយ៉ាងណា?

លិទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ មានចែង និងត្រូវបានការពារដោយ​រដ្ឋធម្មនុញ្ញរបស់​ប្រទេស។ ដូច្នេះការសប្បាយរីករាយ និងការជ្រើសរើសសាសនាណាមួយ ដែលខ្លួនពេញចិត្ត ជាសិទ្ធិសេរីភាព​របស់ពលរដ្ឋ ដែល​មិនអាចហាមឃាត់បាន។ ម្យ៉ាងទៀត ស្ថិតក្នុងសម័យកាល នៃសកលភាវូបនីយកម្មបែបនេះ មានរឿងរ៉ាវច្រើនណាស់ ដែលធ្វើឲ្យសង្គមមានការផ្លាស់ប្តូរ និងទទួលឥទ្ធិពល​យ៉ាង​លឿន ពីប្រទេសផ្សេងៗ​ដែល​រីកចំរើនជាងខ្លួន។ និយាយជារួម គឺគេពិបាកនឹងទៅធ្វើការហាមឃាត់ ឬដាក់​កំហិតទៅលើពលរដ្ឋ អោយត្រូវធ្វើ​យ៉ាងនេះ ឬធ្វើយ៉ាងនោះ នោះណាស់។

តែនៅក្នុងបរិបទនេះ មុននឹងឈានទៅដល់ដំណោះស្រាយណាមួយ គេត្រូវយល់ជាដំបូង នូវហេតុផលចំនួនបី ដែល​ជំរុញ​ឲ្យ«បុណ្យណូអែល» កាន់តែមានប្រជាប្រិយភាពនៅកម្ពុជា នោះគឺ៖

១- ហេតុផល«ជំនួញ»

អ្នកជំនួញសឹងតែទាំងអស់ បានឆ្លៀតយកឱកាសនេះ ដើម្បីឃោសនាលក់នូវទំនិញរបស់ពួកគេ អោយបានកាន់​តែ​ច្រើន។ ជាឧទាហរណ៍ ម្ចាស់ភោជនីយដ្នានឬសណ្ឋាគារទាំងឡាយ បានចាប់អារម្មណ៍ រៀបចំ«បុណ្យណូអែល»នេះ ក្នុងបំណង​ដើម្បីអាចទាក់ទាញភ្ញៀវ ពីគ្រប់ជាតិសាសន៍​ ជាពិសេសភ្ញៀវដែលបានឃើញ ពីការរៀបចំកម្មវិធី​កម្សាន្ដ​បែបនេះ របស់​ពួកគាត់។ ពួកគាត់យល់ថា ការរៀបចំបុណ្យនេះ មិនមានអ្វីប៉ះពាល់ដល់ពុទ្ធសាសនាទេ តែសម្រាប់​ពួកគាត់ ដើម្បីការ​ប្លែកភ្នែកប្លែកត្រជៀក និងធ្វើឲ្យមានការផ្លាស់ប្តូរទិដ្ឋភាពក្នុងហាង។ ក្នុងនាមជា«ពុទ្ធបរិស័ទ» ពួកគាត់ថា​នៅតែ​«គោរព​ពុទ្ធសាសនា» តែក្នុងនាមជា«អ្នកជំនួញ» ពួកគាត់ត្រូវតែ«ឆ្លៀតឱកាស» ដើម្បីការរីកចំរើន និងផលចំណេញ។

តែសំនួរបានចោទសួរបន្តទៅទៀតថា តើការគិតតែពីហេតុផល«ជំនួញ» ដ៏ហួសហេតុនេះ គួរត្រូវគេអោយតម្លៃ ដោយ​​មិន​គិតពីផលប៉ះពាល់ ឬការពន្យល់ផ្សេងៗឬ?

បើមើលអោយបានស៊ីជម្រៅ ការប្រារព្ធបុណ្យនេះ មិនផ្ដល់ផលប៉ះពាល់ធំដុំ ដល់ព្រះពុទ្ធសាសនាប៉ុន្មាននោះទេ ព្រោះថា​ជាទូទៅ អ្នកប្រារព្ធពិធី«បុណ្យណូអែល» មិនបានផ្លាស់ប្តូរសាសនា ហើយក៏មិនបានបង្កើតផលរមាស់ រវាងសាសនា និង​សាសនានោះឡើយ។ ដូចយ៉ាងសាលាឯកជនមួយចំនួន បានគិតថា ការប្រារព្វពិធីបុណ្យ​ណូអែល​នេះ គឺដើម្បីបង្ហាញ​ឲ្យ​ឃើញថា មិនមានការរើសអើងនៅក្នុងជំនឿសាសនា ហើយស្ថាប័នរបស់គេទាំងនោះ ទទួល​យកសិស្ស ឲ្យចូលរៀន​ពី​គ្រប់ជាតិសាសន៍ និង គ្រប់ជំនឿសាសនា។ ក្នុងការគិតបែបនេះ អាចនិយាយថា ជាការ​យល់​ឃើញបែបវិជ្ជមានមួយ បើ​ទោះជាគេមើលឃើញ ពីផលប្រយោជ៍«អាជីកម្ម» របស់ស្ថាប័ននោះក៏ដោយ។

២- ហេតុផល«កង្វះជំហរ» ក្នុងការស្រឡាញ់ អោយតម្លៃលើ«វប្បធម៌»ជាតិ

នៅក្នុងផ្នត់គំនិត របស់ពលរដ្ឋជាទូទៅជាច្រើន រាប់តាំងពីថ្នាក់ដឹកនាំប្រទេស​ និងអ្នកនយោបាយផង បានយល់ជ្រួត​ជ្រាប​ពីវប្បធម៌របស់ជាតិខ្លួន នៅត្រឹមជា«រូបភាពខាងក្រៅ»ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដែលបានគិតថា បើ«គ្មាន​វប្បធម៌»​នេះទេ ខ្លួនគេម្នាក់ៗ នឹងមិនមាន«លក្ខណៈគ្រប់គ្រាន់» ជាជនជាតិខ្មែរឡើយ។ ការដែលមិនយល់ពីវប្បធម៌ អោយបានច្បាស់​នេះហើយ ដែលបណ្ដាលអោយ ការទទួលយកដាក់ក្នុងខ្លួន នូវ«វប្បធម៌របស់បរទេស» ត្រូវបាន​ធ្វើឡើង យ៉ាងឆាប់​រហ័ស និងងងឹតងងល់។

ផលវិបាកធំបំផុត ប្រឈមនឹងបញ្ហានេះ គឺកម្សោយភាពនៃការយល់ដឹង លើ«ផ្នែកវប្បធម៌» របស់ពលរដ្ឋខ្មែរ​នេះ​តែម្តង។ នៅក្នុងប្រទេសមួយ ដែលរប្បធម៌នៅតែជាផ្នែកមួយ ដាច់ឆ្ងាយពីចិត្តគំនិត និងការប្រតិបត្តិ​របស់ជនជាតិ​នៃប្រទេសនោះ ពួកគេនឹងនៅតែយល់ថា ខ្លួនឯងមិនមានអ្វីសំខាន់ ហើយនឹងត្រូវរក«ភាពសំខាន់»នេះមកដាក់ខ្លួន ពីខាងក្រៅមកវិញ។ ប្រទេសមួយ ដែលការយល់ដឹងនៃពលរដ្ឋ ងាយរងឥទ្ធិពល និងមាននៅក្នុងខ្លួន តែពីវប្បធម៌​ខាងក្រៅនោះ នឹងធ្វើអោយ​ប្រទេសនោះ ក្លាយជាគ្មានក្បាល បាត់អត្តសញ្ញាណរបស់ខ្លួន មិនដឹងថាខ្លួនជាអ្នកណា និងមកពីណាអោយពិត។

ជាដំណោះស្រាយលើហេតុផលនេះ គេមិនអាចនិយាយអ្វីបានច្រើន ក្រៅតែពីសុំអោយ ស្ថាប័នមានសមត្ថកិច្ច​របស់​រដ្ឋាភិបាល ដែលពាក់ព័ន្ធនោះ មិនត្រូវធ្វើមិនដឹងមិនលឺ បណ្ដោយអោយស្ថានភាព បន្តចាក់ឬសកាន់​តែជ្រៅ​នោះ​ទេ។ តែផ្ទុយទៅវិញ ស្ថាប័នមានសមត្ថកិច្ចនោះ ត្រូវជម្រុញការទទួលខុសត្រូវរបស់ខ្លួន ដើម្បីអោយកម្ពុជា​មាន​មោទនភាព​ពិតប្រាកដ និងមាន«គោលជំហរ»ច្បាស់ ពីវប្បធម៌ដែលដូនតាខ្លួន បានបន្សល់ទុកមកអោយនេះ។

៣- ហេតុផល «កង្វះការអប់រំ»

អ្នកនិយមបង្កើតកម្មវិធីសប្បាយ តាមបែប«សម័យថ្មី»នេះ ភាគច្រើនបានប្រារព្ធធ្វើបុណ្យនេះ គ្រាន់តែជាការ​សប្បាយមួយក្នុងជីវិត តែបានខុសពីគន្លង ឬចរន្ដរបស់ក្រុមអ្នកអភិរក្សនិយមមួយចំនួន ។ អ្នកខ្លះទៀត​ បានធ្វើ​បុណ្យនេះ តាម​បែប«មោហោគតិ (មិនយល់)» ទាំងមិនដឹងសោះថា «បុណ្យណូអែល» ជាពិធីសម្រាប់​គ្រឹស្ត៍បរិស័ទ​នោះទេ។ រីឯមួយ​ចំនួនទៀត បានធ្វើបុណ្យនេះ ទាំងមិនដឹងមិនយល់ពីឬសគល់ ឬទិសដៅអ្វីអោយពិតប្រាកដ ឃើញគេធ្វើ ក៏ធ្វើតាមដែរ។ តែគេមិនអាចបន្ទោសទៅលើ អ្នកទាំងនោះបានទេ នៅពេលដែលគ្មាននរណាម្នាក់ បានផ្ដល់ការពិគ្រោះ និងអនុសាសន៍​ទៅអោយគ្នានោះ។ នេះហើយ ជាហេតុផលនៃ «កង្វះការអប់រំ»។

ទាក់ទងនឹងប្រព័ន្ធនៃ«ការអប់រំ»នេះ ការបង្ហាត់បង្ហាញណាក៏ដោយ ក្នុងពិភពលោក ត្រូវតែជាការទទួលខុសត្រូវ របស់​ឪពុកម្ដាយ ស្ថាប័នអប់រំ និងរបស់សង្គម។ តែសម្រាប់បញ្ហារួម ដែលកើតមាននៅក្នុងសង្គមបែបនេះ ដំណោះ​ស្រាយ​ជា​លក្ខណៈគ្រួសារ ឬតាម​សហគមន៍ នឹងមិនមានប្រសិទ្ធិភាពបានយូរអង្វែងឡើយ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ដែលជា​ម្ចាស់​ចង្កូតនាវាកម្ពុជា តាម​រយះក្រសួងជំនាញរបស់ខ្លួនដូចជា ក្រសួងអប់រំយុវជន និងកីឡា - ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង​ពត៌មាននោះ ត្រូវបង្កើតនូវយុទ្ធសាស្ត្ររួមគ្នា សម្រាប់រយះពេលយូរមួយ សំដៅ​ជម្រុញ​លើក​គុណភាព នៃការ​អប់រំនេះ ក៏កាន់តែខ្លាំងថែមទៀត ទាំងនៅក្នុងរង្វង់គ្រួសារ សាលារៀន ទាំងនៅក្នុង​សង្គម ធ្វើយ៉ាងណា អោយបានរីក​ជ្រួតជ្រាប​ទៅដល់ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនតែម្ដង។

ករណីទទួលខុសត្រូវ របស់ឪពុកម្ដាយ ស្ថាប័នអប់រំ និងរបស់សង្គមនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងត្រឡប់​មកធ្វើ​ការវិភាគ ឬបទយកការណ៍ថ្មីៗ បន្ថែមទៀត ដើម្បីជាជំនួយដល់ការត្រិះរិះពិចារណា របស់អ្នកអានជាបន្ត​ទៀត៕

-----------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...