ទស្សនាចម្រៀង«ខ្ញុំនឹងប្រយុទ្ធ» របស់ ផាកហ្គីអៅ ម្ដង (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 19, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ានី ផាគីអៅ បានបង្ហាញពីខ្សែជីវិតពិត ក្នុងនាមអ្នកប្រដាល់ នៃប្រទេសហ្វីលីពីន ក្នុងបទចម្រៀងមួយ ដែលមានចំណងជើងថា «ខ្ញុំនឹងប្រយុទ្ធ» ឬជាភាសាហ្វីលីពីន «ឡាឡាបានអាកូ (Lalaban Ako)» និងប្រែមកជាភាសាអង់គ្លេសថា «I Will Fight»។ ឃ្លីបវីដេអូ ដែលត្រូវបាន យកមកបង្ហោះ តាមបណ្តាញសង្គម និងបង្កឲ្យមានអ្នកគាំទ្រ យ៉ាងច្រើននោះ បានលើកឡើង ពីសភាពក្រៀមក្រំ ជាមួយនឹងការចូលរូមរំលែកទុក្ខ ក្នុងនាមជាពលរដ្ឋហ្វីលីពីន ទៅកាន់ពលរដ្ឋដូចគ្នា ដែលកំពុងរងទុក្ខ ជាពិសេស ចម្រៀងបានរៀបរាប់ថា លោកបានយកអាជីព ជាអ្នកប្រដាល់ ដើម្បីយកប្រាក់ ទៅសង្គ្រោះជីវិតពលរដ្ឋក្រីក្រក្នុងប្រទេស។
តាមន័យនៃបទចម្រៀងនេះ លោកផាគីអៅ ដែលជាប់ជាប់តំណាងរាស្ត្រ របស់ប្រទេសហ្វីលីពីនផងនោះ បានធ្វើការរៀបរាប់ពីជីវិតខ្លួន ដែលជាអ្នកប្រដាល់ ហើយព្យាយាម និងខិតខំ ប្រឹងប្រែងលើសង្វៀនប្រកួត បើទោះជាបែបមុខមាត់ ហូរឈាមដាបខ្លួន និងរបួសយ៉ាងណាក៏ដោយ ក៏ត្រូវតែស៊ូទ្រាំដែរ។
អ្នកគាំទ្រលោក ផាគីអៅ មួយចំនួនធំ បានលើកឡើងថា បទចំរៀងពោរពេញដោយមនោសញ្ចេតនា រួមផ្សំនឹងក្បាច់ប្រដាល់ អមដោយទឹកចិត្តដ៏មោះមុត ដើម្បីពលរដ្ឋរបស់ខ្លួន នាពេលនេះ នឹងជំរុញឲ្យលោក ផាគីអៅ កាន់តែមានការគាំទ្រ ខ្លាំងឡើងថែមទៀត ពិសេសនៅចំពោះគម្រោងរបស់លោក ដែលចង់ក្លាយជាអ្នកនយោបាយលេចធ្លោ ឬអាចឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតី របស់ប្រទេសហ្វីលីពីនផងនោះ។
សូមរំលឹកដែរថា កីឡាករ ម៉ានី ផាគីអៅ បានប្រកួតចាញ់កីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ ដោយពិន្ទុនៅក្នុងការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» កាលពីយប់ ថ្ងៃសៅរ៍ទី២ ខែឧសភា កន្លងមកនេះ ក្នុងក្រុង ឡាវេហ្គាស។ ប៉ុន្តែជាមួយនឹងចម្រៀង «ខ្ញុំនឹងប្រយុទ្ធ» ខាងលើនេះ មិនប្រាកដថា កីឡាករ ផាគីអៅ បានចុះចាញ់ការប្រកួតឡើយ៕