មន្ត្រីអន្តោរប្រវេសន៍ច្រកប៉ោយប៉ែត បដិសេធរឿងយកលុយកាក់តាមព្រំដែន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 19, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោក ស៊ីម សំអាត បានថ្លែងបដិសេធ ការជំរិតទារប្រាក់ ពីសំណាក់មន្ត្រីនគរបាលអន្តោរប្រវេសន៍ ទៅលើពលរដ្ឋអ្នកធ្វើការ រកទទួលទាន នៅនឹងច្រកព្រំដែន កម្ពុជា-ថៃ មួយនេះ។
សេចក្ដីបដិសេធ របស់លោកនាយនគរបាល បានធ្វើឡើង បន្ទាប់ពីពលរដ្ឋជាច្រើននាក់ ដែលជាអ្នករស់នៅ ឬអ្នករកទទួលទាន តាមច្រកទ្វារ ប៉ោយប៉ែត បានរអ៊ូរទាំឡើងថា មន្ត្រីនគរបាលអន្តោរប្រវេសន៍ មួយចំនួន បានធ្វើការជំរិត ទារប្រាក់ពីពួកគាត់ជាញឹកញាប់ ជាពិសេស នៅរៀងរាល់ពេល ដែលពួកគាត់ធ្វើប័ណ្ណ សម្រាប់ចេញចូលទឹកដីថៃនោះជាដើម។
ពលរដ្ឋទាំងនោះ បានអះអាងថា ការទាមទារឲ្យបង់ប្រាក់នេះ មានធ្វើតែភាគីមន្ត្រីអន្តោប្រវេសខ្មែរប៉ុណ្ណោះ តែនៅខាងភាគីថៃវិញ មិនមានឃើញទារឲ្យបង់ប្រាក់អ្វីទេ។
លោក ប្រុស រស់នៅខេត្តបន្ទាយមានជ័យ ដែលទើបនឹងបង់លុយ ឲ្យមន្ត្រីខ្មែររួចនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា រូបលោកផ្ទាល់ ត្រូវបានគេទារលុយថ្លៃសំបុត្រចូល ៧០ បាត (១០០០០រៀល) ហើយបើករណី ដែលត្រូវត្រឡប់មកវិញ ហើយចូលម្តងទៀត ទោះជាក្នុងថ្ងៃតែមួយក៏ដោយ ក៏ត្រូវចំណាយម្តងទៀតដែរ។ លោកបញ្ជាក់ថា មិនមែនតែលោកម្នាក់ទេ ដែលត្រូវបង់លុយ គឺប្រជាពលរដ្ឋទាំងអស់ ដែលត្រូវចេញចូលទឹកដីថៃ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ត្រង់ចំណុចភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវចំណាយប្រាក់ បង់ឲ្យមន្ត្រីអន្តោរប្រវេសន៍ខ្មែរទាំងអស់។
ការអ៊ូរទាំរបស់ពលរដ្ឋខាងលើនេះ ត្រូវបានលោក ស៊ីម សំអាត ថ្លែងបដិសេធខ្លាំងៗថា មន្ត្រីអ្នកធ្វើការ នៅក្នុងអង្គភាពរបស់លោក មានច្រើន ដូច្នេះបើមានម្នាក់ណា ប្រព្រឹត្តបែបនេះ កំបាំងពីភ្នែកលោក លោកមិនបានដឹងទេ។ តែបើតាមគោលការណ៍ គឺគ្មានដូចប្រជាពលរដ្ឋ ចោទប្រកាន់នោះឡើយ។ លោកបានវាយបក ទៅក្រុមអ្នករអ៊ូរទាំវិញថា៖ «មន្ត្រីអន្តោរប្រវេសន៍ធ្វើអ្វី ក៏មិនគាប់ចិត្តអ្នកដំណើរឆ្លងដែនដែរ។ ចំណុចត្រូវជាច្រើន មិនមើលឃើញទេ មើលឃើញតែចំណុចខុស។»។
ដោយឡែក លោក ស៊ុំ ចាន់គា មន្រ្តីឃ្លាំមើល របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានលើកឡើងថា វាមិនមែនជាលើកទីមួយទេ ដែលមន្ត្រីអន្តោប្រវេសន៍ តែងតែយកលុយ ពីអ្នកឆ្លងកាត់ព្រំដែននោះ ហើយបានបរិហារថា នេះជាអំពើពុករលួយ ប្រព្រឹត្តិឡើង ដោយមន្ត្រីសាធារណៈ នៅតាមច្រកទ្វាព្រំដែន។ មន្ត្រីអាដហុករូបនេះ បានលើកឡើងថា បើច្រកទ្វារអន្តរជាតិ នៅតែមានសកម្មភាពពុករលួយ បែបនេះទៀត ប្រទេសកម្ពុជានឹងខ្មាសគេ នៅពេលដែលសមាហរណកម្ម អាស៊ាន មកដល់៕