រ៉ុង ឈុន៖ ហេតុផល​៣​ ដែល​កោះ​ត្រល់​នៅ​តែ​ជា​«របស់»​កម្ពុជា

«កោះត្រល់» ដែលជាកោះរបស់ព្រះរាជាណាចក្រកម្ពុជា ហើយបចប្ចុប្បន្ននេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង់​របស់​​វៀតណាម ដែលតាមភាសាវៀតណាម ហៅថា«កោះភូកុក» (PhuQuoc) តាមពិតទើប​តែ​នឹង​បាត់បង់ ក្នុង​អំឡុង​ទសវត្សន៍​​ឆ្នាំ​១៩៨០នេះទេ។ នេះបើ​តាម​ការ​លើក​ឡើង​របស់លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃាំ្ល​មើល​កម្ពុជា និងជាប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​ក្នុង​សន្និសីទ​កាសែតនាព្រឹក ថ្ងៃទី១៧ ខែមិថុនានេះ។
រ៉ុង ឈុន៖ ហេតុផល​៣​ ដែល​កោះ​ត្រល់​នៅ​តែ​ជា​«របស់»​កម្ពុជា
ឆ្នេរខ្សាច់ នៅកោះត្រល់។ (រូបថតឯកសារ)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: June 17, 2013
  • ប្រធានបទ: ទឹកដី កោះត្រល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃាំ្ល​មើល​កម្ពុជា និងជាប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​បញ្ជាក់​ថា ផ្ទុយពីការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើការបកស្រាយក្នុង​រដ្ឋសភា​ជាតិ​ថា​«កោះត្រល់»​បាន​បាត់បង់​តាំង​ពី​មុនឆ្នាំ១៩៦០ និងមិនមែនទើបតែថ្មីនេះ តែតាមពិតទៅ កោះ​របស់​កម្ពុជា​​មួយ​ចំនួន ត្រូវបានបាត់បង់ក្នុងអំឡុងឆ្នាំ១៩៨០ មកដល់ឆ្នាំ២០១០ នេះតែប៉ុណ្ណោះ រួមទាំង​កោះ​ត្រល់​ផង។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះបាន បង្ហាញនូវហេតុផលបីយ៉ាង បញ្ជាក់ភស្តុតាង​ថា​«កោះ​ត្រល់» ពិត​ជាបាត់បង់ក្រោយថ្ងៃរំដោះ៧មករា ពោលក្នុងអំឡុងឆ្នាំ១៩៨០។ ហេតុផលទីមួយលោក​បញ្ជាក់​ថា ក្នុងឯកសារ​មេរៀន​«ភូមិវិទ្យាថ្នាក់ទី៧» បោះពុម្ពឡើងក្នុងឆ្នាំ១៩៨៥ សម័យសាធារណរដ្ឋប្រជាមានិត​កម្ពុជា។ អំឡុងពេលនោះកម្ពុជា​ស្ថិត​ក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយវៀតណាម ក៏បានទទួលស្គាល់​ដែន​កោះ​ត្រល់ ថាជាកម្មសិទ្ធិរបស់​កម្ពុជា​ដែរ តាមការរៀបរាប់អំពីសណ្ឋានដី និងភោគទ្រព្យរ៉ែក្នុងទំព័រ១៤-១៥ និងក៏មាននិយាយ​អំពីក្រុមកោះនៅទំព័រ១៥ ដែរ ក្នុង​នោះក៏មានបញ្ជាក់​ពីកោះត្រល់​ដើម្បីជាការដាស់តឿន និងឲ្យកូនចងចាំថា «កោះត្រល់» ជាកោះរបស់កម្ពុជា។

លោក រ៉ុង ឈុន បានអះអាងថា៖ «ប្រវត្តិសាស្ត្រជារឿងពិត ខ្ញុំគិតថាអ្វីដែលក្រសួង​លើកឡើង​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សាអប់រំ និយាយពីបញ្ហា​ប្រវត្តិ​​កោះ​ត្រល់​ដែលជាកោះរបស់ខ្មែរ ក្នុងសៀវភៅសិក្សានេះ ខ្ញុំគិតថា​ក្រសួង​ចង់​អោយ​កូន​ខ្មែរបានដឹងឮ ស្វែង​យល់​អំពី​​ប្រវត្តិសាស្ត្រនៃកោះត្រល់នេះ»។

យោងតាមច្បាប់អន្តរជាតិ ទាក់ទិននឹងរយៈចំងាយវិញ លោក រ៉ុង ឈុន បានបង្ហាញថាពីឆ្នេរសមុទ្រកម្ពុជា​ ទៅកោះត្រល់​​មានចំងាយត្រឹមតែដប់ប្រាំ(១៥)គីឡូម៉ែត្រ ប៉ុណ្ណោះ ផ្ទុយមកវិញពីកោះត្រល់​ ទៅឆ្នេរសមុទ្រ​វៀតណាម​​ មានចំងាយ​​រហូត​ដល់​ទៅសែសិបប្រាំ(៤៥)គីឡូម៉ែត្រ ដូច្នេះជាហេតុផលមួយ បញ្ជាក់បានថា​ប្រទេស​ណា ដែរមានទីតាំងនៅជិតកោះនោះ​ជាង ជាដែនដីកោះនៃប្រទេសនោះ នេះហេតុផលទីពីរ។

រីឯហេតុផលទីបីវិញ តាមរយៈកិច្ចព្រមព្រៀងបញ្ហាកម្ពុជា​នៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោក​ក៏បាន​បញ្ជាក់ថា ជាលទ្ធភាពមួយយ៉ាងសំខាន់ សម្រាប់កម្ពុជាដើម្បីទាមទារកោះនោះមកវិញដែរ។

លោក រ៉ុង ឈុន បន្តរថាលោកនឹងដាក់លិខិតមួយច្បាប់ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យពិចារណា​ពីបញ្ហា​​ទាមទារកោះត្រល់នេះមកវិញ ដោយធ្វើការបង្ហាញថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​យក​ទឹកដី និងកោះដែល​បានបាត់បង់ ពីប្រទេសជិតខាងមកវិញ។ប៉ុន្តែនៅក្នុងលិខិត ដែលបានដាក់​ជូនរដ្ឋាភិបាល​ អង្គទូត និង​អង្គការសង្គមស៊ីវិល របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បង្ហាញថា កម្ពុជា មានសិទ្ធិពេញលេញ ដើម្បី​ទាមទារ​ដែនដីទឹក ដែនដីគោក និងដែនដី កោះ ពីប្រទេសជិតខាងមកវិញគ្រប់ពេល ទោះបីមានការបាត់បង់​យូរយា​ក៏​ដោយ ក៏មិន​ផុត​​អាជ្ញាយុកាល​​នោះដែរ។

កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅមុខមហាជន ដោយបញ្ជាឲ្យគ្រប់វិទ្យុ និង​ទូរទស្សន៍ចាក់ផ្សាយឡើងវិញ នូវបទអន្តរាគមន៍របស់លោក នៅក្នុងរដ្ឋសភាពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ដើម្បីពន្យល់​អ្នកបោះឆ្នោត និងសហគមន៍អន្តរជាតិ។ ការលើកឡើងនេះ ទំនងជាចង់វាយប្រហារ ទៅលើ​គណបក្ស​ប្រឆាំងដែលមាន គម្រោងប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ និងប្រទេសហត្ថលេខី​សន្ធិសញ្ញ​ក្រុង​ប៉ារីស ក្នុងទាមទារយកទឹកដី ​ដែល​បាត់បង់ដោយការរំលោភបំពាន ពីប្រទេសជិតខាង បើគណបក្ស​ប្រឆាំង​ឈ្នះឆ្នោត​នា​ពេលខាងមុខ។

តាមការប្រកាសរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ក្នុងរដ្ឋសភា នូវ​មូលហេតុ​ដែល​នាំឲ្យ«កោះត្រល់»​លែងជាកម្មសិទ្ធិរបស់ខ្មែរនោះ ដោយសារតែមានឯកសាររបស់​ព្រះបាទ​សម្ដេច​​ព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ប្រេវីយេ កាត់​កោះ​ត្រល់ទៅឱ្យប្រទេសវៀតណាម។ លោក ហ៊ុន សែន បន្តថា​ខ្មែរ​បាន​បាត់​កោះត្រល់​របស់ខ្លួន នៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាល​ឥណ្ឌូចិន របស់បារាំង លោក ប្រេវីយេ បាន​ដាក់​កោះត្រល់​​ឲ្យ​ស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងដែនដីកម្ពុជាក្រោម ឬ​កូសាំងស៊ីន។ និងក្នុងឆ្នាំ១៩៤៩ បារាំង​បាន ប្រគល់ដែនដីកូសាំងស៊ីន​​ដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយ​​នៃប្រទេសវៀតណាម។

ប៉ុន្តែបើយោងតាមការចេញផ្សាយ​របស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០០៥ បានដកស្រង់​នូវ​ព្រះបន្ទូល​​របស់​ព្រះបរមរតនកោដ្ឋ (ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ) ថា«ព្រះអង្គមិនដែលទទួលស្គាល់​កោះត្រល់ ជារបស់​វៀតណាមម្ដងណា​នោះឡើយ»។

សូមរម្លឹកថា «កោះត្រល់»ដែលវៀតណាមហៅថា«កោះភូកុក»មានទំហំដី ៥៧៤គីឡូម៉ែត្រការ៉េ ដែលមាន​ទំហំ​ជិតប៉ុន​ផ្ទៃដីប្រទេស​សិង្ហបុរី (Singapore) និងមានចម្ងាយប្រាំគីឡូម៉ែត្រពីកោះក្រចកសេះ ចម្ងាយដប់ប្រាំ​គីឡូ​ម៉ែត្រ​​ពីឆ្នេរ​សមុទ្រ​ខ្មែរភាគខាងត្បូង និងសែសិបប្រាំគីឡូម៉ែត្រ ពីខេត្តហាទៀនប្រទេសវៀតណាម។

សព្វថ្ងៃក្រោយការអភិវឌ្ឍរបស់រដ្ឋាភិបាលក្រុងហាណូយ កោះត្រល់មានជនជាតិវៀតណាម​រស់នៅចំនួន​ជិត​ដប់​ម៉ឺននាក់ ដោយមានហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ខ្វាត់ខ្វែង អគាររដ្ឋាភិបាល សាលារៀនមន្ទីរពេទ្យ សណ្ឋាគារ ភូមិគ្រឹះ អាគារលក់​ទំនិញ និងផ្សារទំនើបៗ។ ក្នុងនោះក៏មានអាកាសយានដ្ឋានខ្នាតអន្តរជាតិមួយកន្លែង កំពង់​ផែ​អន្តរជាតិបីកន្លែង សម្រាប់​វិស័យពាណិជ្ជកម្ម និងទេសចរណ៍យ៉ាងសំខាន់ ដែលត្រូវបាន​ចំណាយ​ប្រាក់​​អស់​ជាង​មួយ​ពាន់​លាន​ដុល្លារ​​សហរដ្ឋ​​អាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...