កំពូលគ្រូបង្វឹកបាល់ទាត់ល្អបំផុតទាំង១០រូប នាពេលបច្ចុប្បន្ន (មានរូបថត)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីអតីតគ្រូបង្វឹកក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានចូលនិវត្តន៏រួចមក កំណត់ត្រាដំណែងគ្រូបង្វឹកលេខ១ របស់ពិភពលោកថ្មីក៏មានការប្រែប្រួលដែរ។
លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press
មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ពីកាសែតប្លីឆឺរីផត (Bleacherreport) ដើម្បីបង្ហាញជូននូវកំពូលគ្រូបង្វឹកទាំង១០រូប នាពេលបច្ចុប្បន្ន ថាបានទៅលើគ្រូបង្វឹករូបណា ឬគ្រូបង្វឹករបស់ក្រុមណាខ្លះ ដូចតទៅ៖
១. ជឺប ហៃណ័កស៏ (Jupp Heynckes)
លោកជឺប ហៃណ័កស៏ (កណ្ដាល) និងក្រុមបាល់ទាត់ បាយឺន ម៉ូនិជ រីករាយនៅពេលបានជ័យជំនះ។
លោកជាអតីតគ្រូបង្វឹកក្រុមបាយឺន ម៉ូនិជ (Bayern Munich) ដែលរដូវកាល២០១២-២០១៣ កន្លងទៅថ្មីៗនេះ គាត់បានជួយឲ្យបាយឺនឈ្នះពានរង្វាន់៣ក្នុងមួយរដូវកាល រួមទាំងពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក (Champions League) ផងដែរនោះ។ ប៉ុន្តែគាត់បានលាលែងដំណែងពីគ្រូបង្វឹកហើយ ហើយក៏មិនទាន់ចង់ដឹកនាំក្រុមណាមួយដែរ ដោយគាត់និយាយថា គាត់ចង់មានវិសមកាលសិន។
២. ជូសេ ម៉ូរីញ៉ូ (Jose Mourinho)
គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវឆែលស៊ី (Chelsea) រូបនេះ ធ្លាប់ឈ្នះពានរង្វាន់ឆែមពានលីកចំនួន២លើក៖ លើកទី១ កាលពីគាត់នៅដឹកនាំក្រុមព័រតូ (Porto) កាលពី៩ឆ្នាំមុន និងលើកទី២ កាលពីគាត់ដឹកនាំក្រុមអ៊ីតាលី អ៊ីថើ មីឡាន (Inter Milan) កាលពីឆ្នាំ២០១០ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងរបស់ពិភពលោកបាសេឡូណា (Barcelona) ក្នុងវគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីពេលនោះមកកេរ្ត៏ឈ្មោះរបស់គាត់ ក៏ល្បីរន្ទឺរពេញពិភពបាល់ទាត់រហូតមកដល់សព្វថ្ងៃ។
៣. វីសិនតេ ដេលបូសកេ (Vicente Del Bosque)
គ្រូបង្វឹកអេស្ប៉ាញរូបនេះ ធ្លាប់បានឈ្នះពានរង្វាន់ឆែមពានលីកចំនួន២លើក កាលពីគាត់នៅដឹកនាំក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid)។ គាត់បានដឹកនាំក្រុមគោជល់អេស្ប៉ាញ ឲ្យឈ្នះពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០០៨ (Euro 2008 ) និងជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ២០១០។
៤. ប៉ិប ហ្គាឌីយ៉ូឡា (Pep Guardiola)
លោកប៉ិប ហ្គាឌីយ៉ូឡា ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាយឺន ម៉ូនិជ នៅរដូវកាលថ្មីនេះ។ គាត់បានដឹកនាំក្រុមបាសេឡូណា (Barcelona) អស់រយះពេល៤ឆ្នាំ និងបានជួយឲ្យបាសេឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ១៤ពាន ប៉ុន្តែគាត់មិនដែលឈ្នះពានរង្វាន់អ៊ឺរ៉ុបឆែមពានលីកទេ។ អ្វីដែលធ្វើឲ្យគេមានការស្ងើចសរសើរគាត់នោះ គឺទម្រង់លេងខ្លីៗរបស់ក្រុម និងការគ្របដណ្តប់ទៅលើដៃគូប្រកួត។
៥. អុតម៉ា ហិតស្វ៊ែល (Otmar Hitzfield)
លោកហិត ស្វ៊ែល ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិស្វីស និងអតីតគ្រូបង្វឹកក្រុមបាយឺន ម៉ូនិជ។ កំឡុងពេលដែលគាត់ដឹកនាំ ក្រុមបាយឺន គាត់បានជួយឲ្យក្រុមឈ្នះពានរង្វាន់លីក (Bundesliga) ចំនួន ៧លើក, ឈ្នះពានរង្វាន់អាឡឺម៉ង់ (German Cup) រាប់ភ្លេច និងឈ្នះពានរង្វាន់ឆែមពានលីកចំនួន១លើក។
៦. ល្វីស វ៉ាន់ហ្គែល (Louis Van Gaal)
បច្ចុប្បន្នលោកវ៉ាន់ហ្គែល ជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់។ គាត់បានឈ្នះពានរង្វាន់លីកជាច្រើនកាលពីគាត់នៅដឹកនាំក្រុម អេស្សិដ អាល់ខ្មា (AZ Alkmaar), បាសេឡូណា (Barcelona), អាស្ស៊ាក (Ajax) និងក្រុមបាយឺន ម៉ូនិជ (Bayern Munich) និងបានឈ្នះពានរង្វាន់ឆែមពានលីកចំនួន១លើក កាលពីគាត់ដឹកនាំក្រុមអាស្ស៊ាក ឆ្នាំ១៩៩៥។
៧. ម៉ាសេឡូ លីពី (Marcello Lippi)
លោកជាគ្រូបង្វឹកក្រុមបាល់ទាត់នៅប្រទេសចិន ហ្គាងស្ស៊ូ អេវើហ្គែន (Guangzhou Evergrande) នាពេលបច្ចុប្បន្ន។ គាត់បានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០០៦ និងដឹកនាំក្រុមជូវីន ទូស (Juventus) ឲ្យឈ្នះពានរង្វាន់ឆែមពានលីក កាលពីរដូវកាល ២០០៥-២០០៦ ផងដែរ។
៨. រ៉ាហ្វាអែល បិនីតេស (Rafa Benitez)
គ្រូបង្វឹកថ្មីក្រុមណាប៉ូលី (Napoli) រូបនេះ ធ្លាប់ដឹកនាំក្រុមហង្សក្រហមលីវើភូល (Liverpool) ឲ្យលើកពានរង្វាន់កំពូលរបស់អ៊ឺរ៉ុបឆែមពានលីក លើកទី៥ កាលពីឆ្នាំ២០០៥។ ហើយកាលពីរដូវកាល ២០១២-២០១៣ កន្លងទៅនេះ គាត់បានជួយឲ្យក្រុមតោខៀវឆែលស៊ី ឈ្នះពានរង្វាន់អ៊ឺរ៉ុបលំដាប់ទី២ អ៊ឺរ៉ូផាលីក (Europa League) មួយថែមទៀត ក្នុងដំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន មុននឹងគាត់ចាកចេញពីក្លឹប។
៩. ខាឡូ អេនសេឡូទី (Carlo Ancelotti)
អនាគតរបស់លោកអេនសេឡូទី នាពេលបច្ចុប្បន្នពុំទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែគាត់កំពុងតែទាក់ទង ចង់ទៅដឹកនាំក្រុមរៀលម៉ាឌ្រីដ ក្នុងរដូវកាលថ្មីខាងមុខនេះ។ គាត់បានដឹកនាំក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ឆែលស៊ី និងក្រុមអេស៊ី មីឡាន ឲ្យឈ្នះពានរង្វាន់ក្នុងលីក ដាច់ពិន្ទុគេ។ ហើយគាត់ឈ្នះពានរង្វាន់ឆែមពានលីកចំនួន២លើក កំឡុងពេលដែលគាត់ដឹកនាំក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន។
១០. អាសិង វ៉ិងកឺ (Arsene Wenger)
គ្រូបង្វឹកក្រុមកាំភ្លើងធំអាសិណល (Arsenal) រូបនេះ ធ្លាប់ដឹកនាំក្រុមនៅប្រទេសជប៉ុន បារាំង និងដឹកនាំក្រុមអង់គ្លេសអាសិណល ឲ្យលើកពានរង្វាន់លីក ចំនួន៣លើកផងដែរ ប៉ុន្តែគ្រូបង្វឹករូបនេះ ខកខានលើកពានព្រីមីលីកតាំងតែពីឆ្នាំ២០០៤មក ដោយបានត្រឹមតែក្រុមកំពូលទាំង៤ ប៉ុណ្ណោះ។ គាត់បានមកដឹកនាំក្រុមកាំភ្លើងធំ កាលពីឆ្នាំ១៩៩៦ ហើយក៏បន្តស្មោះស្ម័គ្រជាមួយក្រុមរហូតមកដល់សព្វថ្ងៃ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ