រ៉ូបីន វ៉ាន់ផឺស៊ី៖ ម៉ែនញូ នឹងនៅតែជាម្ចាស់ជើងឯកព្រីមែលីក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) មានជំនឿថាក្លិបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងបន្តគ្រប់គ្រងម្ចាស់ជើងឯក បាកឃ្លេព្រីមែលីក (Barclays Premier League) ទៀតនៅក្នុងរដូវកាលនេះ បន្ទាប់ពីគាត់រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យម៉ែនញូលើកពាន ខមញ៉ូនីធីស្សៀល (Community Shield) កាលពីថ្ងៃអាទិត្យ។
កីឡាករខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមបាល់ទាត់ មែនឆេស្ទើ យូណៃធីត។ (រូបថត IAN KINGTON / AFP - Getty Images)
ក្រុមម្ចាស់ជើងឯកលីកកំពូលរបស់អង់គ្លេសមួយនេះ បានបំបាក់ក្រុម វីហ្គែន (Wigan) ដោយលទ្ធផល ២-០ នាកីឡាដ្ឋាន វីមប្លី (Wembley) និងជាពានរង្វាន់លើកដំបូងបង្អស់ សម្រាប់លោកគ្រូបង្វឹក ដេវីដ ម៉យ (David Moyes) បន្ទាប់ពីត្រដាបត្រដួស ក្នុងការប្រកួតមិត្តភាពកន្លងមក។
ម៉ែនញូ នៅតែមិនទាន់ទិញបានកីឡាករសំខាន់រូបណាមួយនៅឡើយទេ ខណៈដែលខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) នៅតែទទូចចង់ចាកចេញពីកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដដែល។ ប៉ុន្តែទោះជាយ៉ាងនោះក្តី វ៉ាន់ផឺស៊ីនៅតែមានភាពជឿជាក់ថា ក្រុមរបស់គាត់ នឹងនៅតែជាម្ចាស់ជើងឯក នៅចប់រដូវកាលនេះ។
ខ្សែប្រយុទ្ធហូឡង់ បាននិយាយថា៖ «យើងកំពុងតែធ្វើបានយ៉ាងល្អ ហើយខ្ញុំមានការជឿជាក់ក្នុងក្រុមនេះ។ យើងក្លាយជាម្ចាស់ជើងឯក ព្រោះយើងនៅតែបេក្ខភាពដែលចង់បានវាខ្លាំង។ ខ្ញុំជឿជាក់ក្រុមនេះ ហើយខ្ញុំជឿថា យើងនឹងប្រកួតប្រជែងឲ្យដល់ទីបញ្ចប់ រហូតដល់ចប់រដូវកាលម្តងទៀត។»
នៅមុខទស្សនិកជន ប្រហែល៨ម៉ឺននាក់ រ៉ូបីន វ៉ាន់ផឺស៊ី បានរកគ្រាប់បាល់ទី១ ឲ្យក្រុមបីសាចក្រហម ធ្វើការនាំមុខតាំងតែពីនាទីទី៦ ដោយការប្រើក្បាលតែតបញ្ចូលទី។ នៅវគ្គទី២ នាទីទី៥៩ គាត់បានបន្ថែម១គ្រាប់ទៀត ដោយទាត់ជើងឆ្វេង ទៅប៉ះនឹងខ្សែការពារក្រុមវីហ្គែន ធ្វើឲ្យអ្នកចាំទីលោតខុសចង្វាក់ ចូលទីយ៉ាងស្រួល។
កីឡាករវ័យ៣០ឆ្នាំ បានបន្តថា៖ «វាជារឿងដែលអស្ចារ្យ នៅពេលដែលខ្ញុំអាចរកគ្រាប់បញ្ចូលទីបាន ជាពិសេសនៅក្នុងកីឡាដ្ឋានវីមប្លី។ វាជាថ្ងៃដ៏ពិសេស សម្រាប់អ្នកគាំទ្រ សម្រាប់យើង និងសម្រាប់គ្រូបង្វឹក។ ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលបានឈ្នះពានរង្វាន់នេះ។ កាលពីរដូវកាលមុន ខ្ញុំរកគ្រាប់បញ្ចូលទីដោយប្រើក្បាល បានតិចតួចណាស់ ដូច្នេះខ្ញុំគិតថាពេលនេះ ខ្ញុំមានការីកចំរើនជាងមុន។»
កីឡាករវ័យចំណាស់ រៃអ៊ិន ហ្គិក (Ryan Giggs) ក៏បានសរសើរដល់ទម្រង់លេងយ៉ាងអស្ចារ្យ របស់ខ្សែប្រយុទ្ធ វ៉ាន់ផឺស៊ីដែរ ហើយគាត់ដឹងថា អតីតខ្សែប្រយុទ្ធអាសឺណល (Arsenal) រូបនេះ នឹងនៅតែជាកូនសោរដ៏សំខាន់ សម្រាប់ក្រុមនៅរដូវកាលនេះ។
ខ្សែបម្រើវ័យ៣៩ឆ្នាំ បាននិយាយថា៖ «គ្រាប់បាល់ទី១របស់គាត់ ពិតជាអស្ចារ្យ។ វាហោះរំលងក្បាលខ្ញុំ ហើយជាពេលដ៏ចែងចាំង និងជាការចាប់ផ្តើមដ៏អស្ចារ្យ សម្រាប់ពួកយើងទាំងអស់គ្នា។ យើងសង្ឃឹមថា វ៉ាន់ផឺស៊ីនឹងរក្សារទម្រង់លេងដ៏ឥតខ្ចោះរបស់គាត់ ដូចកាលពីរដូវកាលមុនទៀត៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ