អ្នកច្បាប់បារាំង៖ បង្កើតសភាឯកបក្ស ជាការមើលងាយម្ចាស់ឆ្នោត និងជំហានទៅរកភាពផ្ដាច់ការ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបកស្រាយយ៉ាងប្រទាំងប្រទើស ពីច្បាប់រដ្ឋធម្មនុញ្ញ ដោយមន្ត្រីរបស់គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ដើម្បីឲ្យរដ្ឋសភាអាចបើក សម័យប្រជុំរបស់ខ្លួនជាលើកដំបូងបាន ស្ថិតនៅជាបច្ចុប្បន្នភាពនៅឡើយ។ តែអ្វី ដែលអ្នកតាមដានស្ថានការណ៍នយោបាយមិនយល់ និងផ្ទុះសំណើចទប់មិនបាននោះ គឺក្រុមអ្នកបកស្រាយដែលតាំងខ្លួនជាបណ្ឌិត ឬអ្នកច្បាប់ធំៗនោះផង ដូចជាចង់និយាយអោយតែខ្លួនឯងត្រូវ និងបានបកស្រាយរដ្ឋធម្មនុញ្ញ ទៅតាមតែឆន្ទះដែលគណបក្សខ្លួនឯងគាំទ្រចង់បានទៅវិញ ហើយភ្លេចគិត និងលែងយល់ថា តើរដ្ឋសភាជាអ្វីឲ្យពិតប្រាកដ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
មនោរម្យព័ងអាំងហ្វូធ្លាប់បានសរសេរ ក្នុងអត្ថបទរបស់ខ្លួនយ៉ាងហោចណាស់ ក៏មានចំនួនពីរអត្ថបទរួចហើយ ពីការបកស្រាយរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការបើកសម័យប្រជុំ របស់រដ្ឋសភានៃនិតិកាលនីមួយៗ។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដីបានជួបជាមួយនឹងអ្នកច្បាប់ជនជាតិបារាំងមួយរូប រស់នៅទីក្រុងប៉ារីសប្រទេសបារាំង ដែលរូបលោកផ្ទាល់ ធ្លាប់បានចូលរួមពង្រាងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅឆ្នាំ១៩៩៣ ជាមួយនឹងអ្នកច្បាប់ដទៃទៀត។ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ លោកនឹងបង្ហាញជម្រាប ពីមូលហេតុសមញ្ញៗ «ស្រួលយល់»មួយចំនួន ដែលរដ្ឋសភាចាំបាច់ ត្រូវមានសមាជិកយ៉ាងតិច១២០រូប ដើម្បីធ្វើជារដ្ឋសភារបស់រាស្ត្រ និងរបស់ជាតិទាំងមូល តែមិនមែនជារដ្ឋសភារបស់គណបក្សខ្លាំងមួយ ដែលចង់បានតែអំណាចនោះឡើយ។
មាត្រា៧៦ ក្នុងជំពូក៧ស្ដីអំពីរដ្ឋសភា នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា «រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច១២០រូប»។ សួរថា ហេតុអ្វីក៏១២០រូប? ហេតុអ្វីការកំណត់ចំនួនសមាជិកនៅក្នុងមាត្រានេះ មានភាពចាំបាច់ដោយខានមិនបាន សម្រាប់បង្កើតរដ្ឋសភា? ដូច្នេះ គេត្រូវស្វែងយល់ឲ្យច្បាស់ជាមុន ពីមូលដ្ឋានគ្រឹះរបស់វា។
រដ្ឋសភារបស់«ប្រជាជាតិទាំងមូល» មិនមែនប្រជាជាតិមួយចំហៀងទេ
ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ បានយកគំរូតាមបទដ្ឋានអន្តរជាតិបែបបារាំង។ ហេតុដូច្នេះហើយ គេតោងយល់ថា តំណាងរាស្ត្រមួយរូបត្រូវតំណាងឲ្យរាស្ត្រមានចំនួនយ៉ាងតិចណាស់១១ម៉ឺននាក់ គិតជាមធ្យមក្នុងមណ្ឌលមួយ។ តាមន័យនេះ និងបើគិតយោងទៅតាមចំនួនប្រជាពលរដ្ឋម្ចាស់ឆ្នោត នៅតាមមណ្ឌលនានានៅទូទាំងប្រទេស ចំនួនតំណាងរាស្ត្រដែលត្រូវបានគេគណនានៅឆ្នាំ១៩៩៣នោះ មានចំនួន១២០រូប ដែលជាចំនួនមួយតិចបំផុត។ ចំនួន«តិចបំផុត» ឬ«យ៉ាងតិច» ដោយសារតែចំនួននេះអាចនឹងកើនឡើង នៅនិតិកាលក្រោយៗមកទៀត បើគេយោងទៅលើកំណើនប្រជាជន នៅតាមមណ្ឌលនីមួយៗជារៀងរាល់ឆ្នាំនោះ។
ដូច្នេះ រដ្ឋសភាត្រូវមានតំណាងរាស្ត្រយ៉ាងតិច១២០នាក់ ដើម្បីអាចជារដ្ឋសភារបស់«ប្រជាជាតិទាំងមូល» មកពីគ្រប់និន្នាការនយោបាយ ដែលនាំឲ្យមានការឲ្យឈ្មោះថា ជារដ្ឋសភាពហុបក្ស នៃប្រទេសដែលកាន់របបប្រជាធិបតេយ្យសេរីនិយម។ គេមិនអាចនិយាយថា គ្មានសមាជិក១រូបដែលមកពីគណបក្សមួយ ដែលធ្វើឲ្យរដ្ឋសភាមានសមាជិកថយមកត្រឹមតែ១១៩រូប ហើយវានឹងនៅតែជារដ្ឋសភាគ្រប់លក្ខណៈ ដែលតំណាងឲ្យជាតិទាំងមូលនោះបានទេ ព្រោះវាបាត់តំណាងរាស្ត្រម្នាក់ ដែលតំណាងឲ្យរាស្ត្រចំនួន១១ម៉ឺននាក់។ ក្នុងរបបប្រជាធិបតេយ្យពិត សម្លេងរាស្ត្រសូម្បីតែម្នាក់ ក៏គេត្រូវគិតនៅក្នុងនោះដែរ។ គេមិនត្រូវគិតថា មួយសម្លេងរបស់ប្រជាពលរដ្ឋ គ្រាន់តែជាសម្លេង«ភាគតិច» ដែលអាចបំបាត់ចោល ហើយខាង«អញ»ជាសម្លេងភាគច្រើន ចង់ធ្វើម៉េចក៏បាននោះឡើយ។
ករណី«ប្លន់»អសនៈតំណាងរាស្ត្រ
ចំណុចមួយទៀត បង្ហាញពីភាពចាំបាច់របស់មាត្រានេះ ដែលបានកំណត់មក ថាឲ្យរដ្ឋសភាត្រូវតែមានសមាជិកយ៉ាងតិច១២០រូប។ អ្នកច្បាប់បារាំងរូបនេះ បានលើកឧទាហរណ៍មួយមកបញ្ជាក់ថា៖ ក្រោយការបោះឆ្នោត គណបក្ស«ក»នោះ មានសមាជិកសភាជាប់ឆ្នោត២០រូប តែគណបក្ស«ក»នេះ មានអំណាចទ័ពមានកាំភ្លើង ក៏ស្រាប់តែប្រើប្រាស់អំណាចនេះ ទៅភ្ជង់គម្រាមតំណាងរាស្ត្រ១០០រូបផ្សេងទៀត កុំឲ្យចូលប្រជុំ។
ដូច្នេះ បើគ្មានមាត្រាដែលចែងពីសមាជិកភាពយ៉ាងតិច១២០រូបនេះទេ តំណាងរាស្ត្រតែ២០រូបរបស់គណបក្ស«ក» ក៏អាចបង្កើតជារដ្ឋសភាមួយបានដែរ។ បន្ទាប់មកទៀត គណបក្ស«ក»អាចនឹងចោទតំណាងរាស្ត្រ នៃគណបក្សដទៃទៀតថាបានបោះបង់ចោលអសនៈរបស់ពួកគេ ហើយនឹងអាលយកអាសនៈទាំងនោះ មកចែកឲ្យក្រុមតំណាងរាស្ត្រគណបក្ស«ក»ទាំងអស់។ ករណីនេះ គេហៅថា ជាការ«ប្លន់»កៅអីតំណាងរាស្ត្រ របស់រាស្ត្រ។
នេះគ្រាន់តែជាឧទាហរណ៍មួយសមញ្ញប៉ុណ្ណោះ ដែលអាចយកមកបញ្ជាក់ ពីភាពចាំបាច់ជា«មូលដ្ឋានគ្រឹះ» ធ្វើឲ្យមាត្រា៧៦នៃច្បាប់រដ្ឋធម្មនុញ្ញមានសារសំខាន់ ដោយខានមិនបាន ក្នុងការបង្កើតឲ្យមានជារដ្ឋសភាពេញរូបរាង ហើយមិនអាចឲ្យនរណាម្នាក់រំលង ឬចង់បកស្រាយទៅតាមខ្លួននឹកឃើញនោះបានឡើយ។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣
បើគេក្រឡេកទៅមើលសេចក្ដីសម្រេចមួយ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចុះថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣ ក៏បានបកស្រាយយ៉ាងច្បាស់ដែរ ទាក់ទងនឹងសុពលភាពរបស់រដ្ឋសភានៅគ្រប់និតិកាល ដោយលើកយកភាពចាំបាច់នៃមាត្រា៧៦ មកបញ្ហាក់។ សេចក្ដីសម្រេចនេះ លោកអ្នកអាចទាញយកបាន ពីគេហទំព័រនៃក្រុមប្រឹក្សាធម្មនុញ្ញ ឬចុចលើរូបភាពខាងក្រោម ដើម្បីពង្រីកអាន។
រហូតមកដល់ពេលនេះ បើមិនទាន់មានសេចក្ដីសម្រេចណាមួយផ្សេង របស់ក្រុមប្រឹក្សាធម្មនុញ្ញ ចេញប្រកាសពីមោឃភាព ឬលប់ពីលើសេចក្ដីសម្រេចចាស់ទេ សេចក្ដីសម្រេចថ្ងៃទី២២ខែកក្កដាឆ្នាំ២០០៣ នឹងនៅរក្សាសុពលភាពរបស់វាជាដរាប។
ការប្រើប្រាស់ព្រះមហាក្សត្រ ជាខែលដើម្បីស្វែងរកភាពស្របច្បាប់ឲ្យក្រុមមួយ
ចំពោះការលើកឡើងនូវមាត្រា ៨២ថ្មី ដែលសរសេរថា «រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ» យកមកបកស្រាយថា «បើព្រះមហាក្សត្រទ្រង់កោះហៅហើយ រដ្ឋសភាត្រូវតែបើកសម័យប្រជុំ ហើយសមាជិកទាំង១២០រូបត្រូវតែចូលរួម»នោះ ជាការប្រើប្រាស់ព្រះមហាក្សត្រ (ឬជាការបង្ខំព្រះមហាក្សត្រ) ដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ និងគោលការណ៍«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។
ព្រះមហាក្សត្រទ្រង់គង់នៅកណ្ដាល និងជាម្លប់ដល់ប្រជារាស្ត្រគ្រប់និន្នាការនយោបាយ ហើយវាក្យខ័ណ្ឌខាងលើនេះ មិនបានបញ្ជាក់ថាថាព្រះមហាក្សត្រ«ត្រូវតែកោះប្រជុំ»នោះទេ។ រាល់ការសម្រេចកោះប្រជុំណាមួយរបស់ព្រះមហាក្សត្រ ត្រូវតែស្របតាមគ្រប់មាត្រានៃរដ្ឋធម្មនុញ្ញ ដែលបានចែងជាច្បាប់ដ៏កំពូលរបស់ប្រទេស បើទោះជាទ្រង់ជាអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រក៏ដោយ។ ដូច្នេះ មុននឹងទ្រង់ធ្វើការកោះប្រជុំ ព្រះមហាក្សត្រព្រះអង្គអាចយោងទៅលើមូលហេតុពីរយ៉ាង៖ ការស្រុះស្រួលគ្នារវាងក្រុមគណបក្សនយោបាយ ដែលទើបនឹងជាប់ឆ្នោតនៅក្នុងរដ្ឋសភា ឬការបកស្រាយអំពីធម្មនុញ្ញភាពនៃការកោះប្រជុំនេះ ពីក្រុមប្រឹក្សាធម្មនុញ្ញ។
«សុពលភាពនៃអាណត្តិរបស់សមាជិក»នីមួយៗ មិនមែនជាសុពលភាពនៃរដ្ឋសភាទាំងមូល
មួយវិញទៀត មូលដ្ឋានគ្រឹះនៃ«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» មានន័យថាស្ថាប័នរដ្ឋសភាជាតិ មិនត្រូវអាស្រ័យ ឬដាក់ស្ថិតនៅក្រោមស្ថាប័នព្រះមហាក្សត្រនោះទេ។ ទ្រង់អាចកោះប្រជុំឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំងនោះ មកស្បថនិងទទួលអភ័យឯកសិទ្ធិ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែទ្រង់មិនមានរាជភារកិច្ច ក្នុងការបង្កើតឲ្យមានជារដ្ឋសភាជាតិនោះឡើយ។
ដូចក្នុងវាក្យខ័ណ្ឌបន្តនៃមាត្រា ៨២ថ្មីនេះ ដែលបាននិយាយបញ្ជាក់ ពីការប្រកាស«សុពលភាពនៃអាណត្តិរបស់សមាជិក»នីមួយៗ និងបង្គាប់ត្រូវឲ្យជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកនៃគណកម្មាធិការរបស់រដ្ឋសភានោះ អ្នកច្បាប់បារាំងបាននិយាយថា ពាក្យថាប្រកាសពីសុពលភាពនៃ«សមាជិក»នីមួយៗ មិនមែនជាសុពលភាពរបស់«រដ្ឋសភា»ទាំងមូលនោះទេ។ អ្វីដែលវាក្យខ័ណ្ឌនេះចែងឡើង សុទ្ធសឹងជា«និតិវិធី»បន្តបន្ទាប់នៃដំណើរប្រព្រឹត្តិទៅរបស់រដ្ឋសភា នៅក្រោយពេលដែលរដ្ឋសភាមានរូបរាងរួចហើយតែប៉ុណ្ណោះ។
ដូច្នេះ មុននឹងអនុវត្តន៍នូវការកោះប្រជុំ និងនិតិវិធីអ្វីផ្សេងៗនោះ សុពលភាពឬរូបរាងរបស់រដ្ឋសភាជាតិ ត្រូវបានគេប្រកាសជាមុនសិន ដោយមានការចូលរួមបំពេញលក្ខណៈ ពីគ្រប់សមាជិកអ្នកតំណាងរាស្ត្រ(យ៉ាងតិច)ទាំង ១២០រូប ដូចដែលស្មារតីរបស់រដ្ឋធម្មនុញ្ញចាត់ទុកថា វាជាការតំណាង«ឲ្យរាស្ត្រនៃប្រទេស»ទាំងមូល។ ឬបើនិយាយមកឲ្យខ្លី គេត្រូវកាត់អាវតម្រូវខ្លួន តែមិនមែនកាត់ខ្លួនមកតម្រូវអាវនោះទេ។
អ្នកច្បាប់ជនជាតិបារាំងបានបញ្ចប់សេចក្ដីថា រាល់ការប៉ុនប៉ងទាំងកំហឹងទល់កំហល់ទាំងឡាយ យកមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញ មកបកស្រាយឬយកមកអនុវត្តផ្ទុយ ពីមូលដ្ឋានគ្រឹះដូចបានរៀបរាប់ខាងលើ ហើយស្រេចតែនឹងចិត្តនឹកឃើញ វានឹងនាំទៅដល់ការ«យល់ច្រឡំ»របស់សាធារណជន ហើយក៏ជា«ជំហានអវិជ្ជមាន»ដែរ ក្នុងការនាំប្រទេសកម្ពុជាឲ្យក្លាយជានិតិរដ្ឋ។ រីឯការប៉ុនប៉ុនបង្កើតរដ្ឋសភា ដោយមានគណបក្សតែមួយចូលរួម ហើយផាត់គណបក្សជាប់ឆ្នោតដទៃទៀតឲ្យនៅខាងក្រៅ វាជាការម៉ាក់ងាយទៅដល់ម្ចាស់ឆ្នោត ហើយវានឹងជម្រុញឲ្យរបប«ផ្ដាច់ការ» អាចនឹងកើតមានវិញនៅកម្ពុជា៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ