ប្រមុខគណបក្សនយោបាយទាំងពីរ គាល់ព្រះមហាក្សត្រមុនចូលស្បថ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយធំៗទាំងពីរ នឹងដឹកដៃគ្នាឡើងគាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីបង្ហាញពីកិច្ចព្រមព្រៀង ក្រោយជំនួបប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា។ កិច្ចការបន្ទាប់មក នៅក្នុងគម្រោងនោះ នឹងមានការស្បថធ្វើសច្ចាប្រណិធាន នៅថ្ងៃបន្ទាប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២។
ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះរាជវាំង។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលគាល់អង្គព្រះមហាក្សត្រនាល្លាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីទូលថ្វាយព្រះមហាក្សត្រ នូវលទ្ធផលក្រោយជំនួបចរចា ដោះស្រាយវិបត្តនយោបាយ ជាងមួយឆ្នាំមកនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី ក៏ដូចជា លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តកណ្តាល គណបក្សសង្គ្រោះជាតិ បានអះអាងថា ក្រោយបញ្ចប់កិច្ចចចារទ្វេភាគី នាវិមានព្រឹទ្ធសភាមក មន្រ្តីថ្នាក់កំពូលនៃគណបក្សទាំងពីរ និងចូលគាត់អង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ទូលថ្វាយពីលទ្ធផលជាវិជ្ជមាន ក្នុងការទម្លាយភាពទាល់ច្រកនៃនយោបាយកម្ពុជា។
មន្រ្តីគណបក្សរូបនេះបន្តថា ការចូលគាល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា វេលាម៉ោង៤រសៀលនេះ។ ហើយសមាសភាពប្រាំមួយរូប បីរូបមកពីគណបក្សប្រជាជនកម្ពុជា និងបីរូបទៀតមកពីគណបក្សសង្គ្រោះជាតិ។
សមាសភាពមកពីគណបក្សសង្គ្រោះជាតិ រួមមានលោក សម រង្ស៊ី, លោក កឹម សុខា និងលោក ប៉ុល ហំម។ ឯសមាសភាព មកពីគណបក្សប្រជាជនកម្ពុជា មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, លោក ស ខេង និងលោក សាយ ឈុំ។
លោកបានបន្តថា ថ្ងៃបន្ទាប់នៃការចូលស្បថ ដើម្បីក្លាយជាសមាជិករដ្ឋសភាពេញសិទ្ធិនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃបន្ទាប់ ក្រោយការទូលថ្វាយពីកិច្ចព្រមព្រៀងគណបក្សទាំងពីរ ដែលត្រូវចំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ស្អែកនេះ។ ការចូលស្បថនេះ មានតែសមាជិកនៃគណបក្សសង្គ្រោះជាតិ តែ៥៥រូបប៉ុណ្ណោះ។
លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្លាប់បានលើកពីរឿងរើសអើងពូជសាសន៍ ប្រឆាំងគណបក្សសង្គ្រោះជាតិនាពេលកន្លងមក បានបញ្ចេញនូវមតិផ្ទាល់ខ្លួនយ៉ាងខ្លី តាមបណ្ដាញសង្គមក្នុងពេលនេះថា៖ «សន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរ និង ការកសាងអភិវឌ្ឍន៍ប្រទេស ដើម្បីជាតិយើងរុងរឿងថ្កុំថ្កើង នៅក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
យ៉ាងណាក៏ដោយ ការសម្រេចចិត្តចូលសភា និងទទូលយកការសម្របសម្រួលផ្នែកនយោបាយ ដែលបានជាប់គាំងជាងមួយឆ្នាំមកនេះ គណបក្សសង្គ្រោះជាតិ ក៏ដូចជាបក្សប្រជាជនកម្ពុជា ត្រូវបានមតិជាតិ និងអន្តរជាតិសាទរ និងរីករាយក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី គ្មានហិង្សា តាមរយៈនៃការចូលរួមក្នុងសភា៕