ប្រតិកម្ម នឹងការបែកធ្លាយប្រធានាធិបតីបារាំងរៀបការ ថ្ងៃទី១២ សីហា
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង ជូលី ហ្គៃយ៉េ និងលោក ហ្វ្រង់ស៊័រ ហូឡង់។ (រូបថត ឯកសារ)
ប្រតិកម្មនឹងការបែកធ្លាយ - ពាក្យចចាមអារាម ទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់លោក បានបង្ខំឲ្យលោក ហ្វ្រង់ស៊័រ ហូឡង់ ចេញមកធ្វើប្រតិកម្មដោយផ្ទាល់។ ក្នុងឱកាសនៃការទទួលទាន ជាមួយអ្នកការសែត នៅវិមានប្រធានាធិបតី អេលីហ្សេ ថ្ងៃទី២២ ខែកក្កដានេះ លោកបានថ្លែងថា៖ «ខ្ញុំមានដំណឹងមួយប្រាប់អ្នកទាំងអស់គ្នា។ ថ្ងៃទី១២ ខែសីហា ជាថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចជូនពរឲ្យខ្ញុំបាន តែមិនបាច់ជូនអំណោយអ្វីខ្ញុំនោះទេ។ ថ្ងៃទី១២ ខែសីហា ជាថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ ហើយគ្មានអ្វីទៀតទេ។»
ការថ្លែងបញ្ជាក់របស់លោក សំដៅបោសសម្អាតនូវពាក្យកេះកៀវ កៀនកោះ និយាយថាលោក នឹងចូលរោងការនៅថ្ងៃនោះ។ លោកប្រធានាធិបតី បានចាត់ទុកថា ការបង្កើតហេតុការណ៍នេះឡើង ជារឿងចម្កួតសុទ្ធតែម្ដង។
ពាក្យចចាមអារ៉ាមនេះ ត្រូវបានសារព័ត៌មានអង់គ្លេស The Daily Mirror យកមកបើកកកាយ ដោយលើកយកប្រភពជាច្រើនស្និតនឹងប្រធានាធិបតី មកបញ្ជាក់។
បន្ទាប់ពីហេតុការណ៍ជាច្រើន ដែលបានផ្ទុះឡើងដោយ អតីតម្ចាស់ចិត្តរបស់លោក នាង វ៉ាឡេរី ទ្រីអ៊ើវៃល័រ (Valérie Trierweile) និងការបើកកកាយទំនាក់ទំនងសម្ងាត់ជាមួយនឹងតារាភាពយន្ដ នាង ជូលី ហ្គាយ៉េ នោះមក លោកប្រធានាធិបតីបារាំង បានខិតខំលាក់បាំងឲ្យបានជាអតិប្បរិមា នូវអ្វីៗក៏ដោយដែលទាក់ទងនឹងជីវិតឯកជនរបស់លោក។ លោកហូឡង់ មិនដែលបានរៀបការទេ បើសូម្បីជាមួយលោកស្រី សេហ្គូឡែន រ៉ូយ៉ាល់ (Ségolène Royal) អតីតម្ចាស់ចិត្តពីវ័យសិក្សាដ៏យូរលង់ ហើយសព្វថ្ងៃជារដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់លោក នោះក៏ដោយ។
ប៉ុន្តែអ្វីដែលគួឲ្យចាប់អារម្មណ៍ដែរនោះ គឺលោក ហូឡង់ មិនដែលបញ្ជាក់ទទួលស្គាល់ ឬបដិសេធ ពីទំនាក់ទំនងរវាងលោក និងតារាភាពយន្ដ នាង ជូលី ហ្គៃយ៉េ នោះឡើយ៕