បទយកការណ៍៖ បើ​រដ្ឋាភិបាល​បារាំង​គ្រាន់​បើ បញ្ឈប់​គម្រោង​ច្បាប់​នេះ​ទៅ !

«បដិសេធចោល នូវការស្រឡាញ់ភេទដូចគ្នា ដែលមានលក្ខណៈជ្រុលនិយម!» នេះជាការស្រែកតាមប្រដាប់បំពងសម្លេង និងតាមបដាលើកតាមក្បួន ដែលពង្រាយតាំងពី ឡាដេហ្វង់ (la Défense - ទីក្រុងពាណិជ្ជកម្មរបស់បារាំង នៅខាងលិចជាប់ទីក្រុងប៉ារីស) រហូតមកដល់ ទីលាន អេទ័ល (Etoile - ដែលមានវិមានជាតិជ័យជំនះនៅកណ្ដាល ) ដើម្បីប្រឆាំងនឹងគម្រោងច្បាប់ ដែលព្រឹទ្ធសភា​នឹងត្រូវលើកមកពិភាក្សា ចាប់ពីថ្ងៃទី០៤ខែមេសាខាងមុខ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនច្រើនជាង៣០០ពាន់នាក់ (តួលេខផ្ដល់ដោយនគរបាល) បានចុះដើរយ៉ាងគគ្រឹកគគ្រេង តាមដងវិថីធំៗ និង​សំខាន់ៗ ក្នុងទីក្រុងប៉ារីស ប្រឆាំងនឹង «អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប» ឬហៅបានម្យ៉ាងទៀត «អាពាហ៍ពិពាហ៍នៃ​អ្នក​ស្រឡាញ់ភេទដូចគ្នា» នៅរសៀលថ្ងៃអាទិត្យទី២៤ខែមិនានេះ។ សម្រាប់អ្នករៀបចំបាតុកម្មនេះ ចំនួនអ្នកចូលរួមដ៏​សន្ធឹកសន្ធាប់ ដែលមានរហូតដល់ ១,៤លាននាក់ ច្រើនជាងលើកមុននេះ មានបំណងតែមួយ៖ ប្រឆាំងនឹងគម្រោងច្បាប់ ដែលនឹងដាក់អោយព្រឹទ្ធសភាបារាំងពិភាក្សា នៅថ្ងៃទី០៤ខែមេសាខាងមុខ។


បាតុកម្មប្រឆាំងនឹង គម្រោងច្បាប់«អាពាហ៍ពិពាហ៍នៃ​អ្នក​ស្រឡាញ់ភេទដូចគ្នា» នៅថ្ងៃអាទិត្យទី២៤ខែមិនា។

«បដិសេធចោល នូវការស្រឡាញ់ភេទដូចគ្នា ដែលមានលក្ខណៈជ្រុលនិយម!» នេះជាការស្រែកតាមប្រដាប់បំពងសម្លេង និងតាមបដាលើកជាក្បួន ដាក់ពង្រាយតាំងពី ឡាដេហ្វង់ (la Défense - ទីក្រុងពាណិជ្ជកម្មរបស់បារាំង នៅខាងលិច​ជាប់​ទីក្រុងប៉ារីស) រហូតមកដល់ ទីលាន អេទ័ល (Etoile - មានវិមានជាតិជ័យជំនះនៅកណ្ដាល ) ដើម្បីប្រឆាំងនឹង​គម្រោង​ច្បាប់ ដែលព្រឹទ្ធសភា​នឹងត្រូវលើកមកពិភាក្សា ចាប់ពីថ្ងៃទី០៤ខែមេសាខាងមុខ។

បើខាងអ្នករៀបចំបានរាប់ឃើញមានចំនួនអ្នកចូលរួម រហូតដល់ទៅ១លានបួនសែននាក់ ចំណែកឯខាងអាជ្ញាធរវិញ រាប់​ឃើញមានតែ៣០០ពាន់នាក់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេឃើញមានអ្នកចូលរួម ទាំងចាស់ទាំងក្មេង នាំ​ទាំងគ្រួសារមកជាមួយ មានទាំងទារកតូចៗ នៅក្នុងដៃ ដែលមើលទៅ ទំនងជាមានសន្ទុះខ្លាំងសម្បើម ជាងលើកមុនៗ។ ពួកគេបានលើកពាក្យស្លោក មានជាអាថ៌ថា «យើងចង់បានការងារធ្វើ មិនមែនអាពាហ៍ពិពាហ៍​នៃអ្នកស្រឡាញ់ភេទដូចគ្នា​នោះទេ» ឬខ្លះទៀត «កុំប៉ះពាល់ ពូជអម្បូររបស់ខ្ញុំ» ដែលចង់និយាយសំដៅដល់ ការផ្សំផ្គុំរវាងមនុស្សស្រីនិងប្រុស ដើម្បី​អាចកើតជាញាតិផៅសន្ដានបាន។

«របបសម្លេងច្រើននិយម ...»

«កុមារមិនមែនជាវត្ថុទេ។ អ្វីដែលសំខាន់នៅថ្ងៃនេះ គឺគេចង់ធ្វើមនុស្ស អោយក្លាយជាមនុស្សយន្ដ។» សកម្មជនសហជីប​ម្នាក់លោក អែរវេ ប្រ៊ី (Hervé Bry) បានបរិហាឡើង។ បើទោះជាគម្រោងច្បាប់នេះ ត្រូវបានសភាជាតិបារាំង បោះឆ្នោត​សម្រេចហើយនោះក៏ដោយ ក៏លោកនៅតែមានសង្ឃឹមដែរ។ បុរសចំណាស់ច្រើនជាង៥០ឆ្នាំរូបនេះ បានបន្ថែមថា «បើ​រដ្ឋាភិបាល​គ្រាន់បើ រដ្ឋាភិបាលនឹងបញ្ឈប់ភ្លាម នូវគម្រោងច្បាប់នេះ។ ការដែលដឹងខ្លួន ថាខ្ញុំច្រឡំ នេះហើយជាអំពើ​ក្លាហាន។»

តែក្ដីសង្ឃឹមនេះ សម្រាប់មនុស្សមួយចំនួន មិនសូវជាមានប៉ុន្មានទេ។ ប៉ូល (Paul)​ អាយុ២៨ឆ្នាំ បាននាំទាំងគ្រួសារ មាន​កូន​តូចផង មកចូលរួមក្នុងបាតុកម្មនេះ បានពន្យល់យ៉ាងដូច្នេះថា «ខ្ញុំពិបាកនិយាយបន្ដិច ព្រោះច្បាប់មិនអាចបោះឆ្នោត​សារ​ឡើងវិញបានទេ។ ក្នុងម៉ោងពេលនេះ យើងលែងនៅក្នុងរបបប្រជាធិបតេយ្យទៀតហើយ តែកំពុងស្ថិតក្នុងរបប​សម្លេង​ច្រើននិយម ដែលមានទម្រង់បែបថ្មីមួយទៅវិញ។ ប្រជាជនបារាំងជាច្រើនលាននាក់ មិនយល់ព្រម តែរដ្ឋាភិបាល ដូចជា​ស្ដាប់មិនលឺអ្វីទាំងអស់។»

«ការធ្វើឬកធ្វើពារ របស់ពួកមនុស្សធំ»

យុវជនម្នាក់ទៀតនៅក្បែរនោះ ឈ្មោះស៊ីរីល (Cyril) ដែលអះអាង ថាខ្លួនកំពុងធ្វើបាតុកម្មប្រឆាំង នឹង​«ការធ្វើឬកធ្វើពារ របស់ពួកមនុស្សធំ» បានវាយតម្លៃដូច្នេះ«ពួកអ្នកស្រឡាញ់ភេទដូចគ្នា ចង់ប្រែក្លាយកុមារ ទៅជាវត្ថុដែលអាចផលិត និង​ដោះចេញដាក់ចូល​ ថែមថយបាន។ ជាជម្រើសមួយ អាត្មានិយមជាទីបំផុត។»

សង្ឃកាតូលីកមួយអង្គ មកពីទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេសបារាំង បានសម្ដែងការសោកស្ដាយថា «គេបានជួប​ហើយ​ នូវមនុស្សដែលមានបញ្ហា។ ដូច្នេះ គេមិនត្រូវរីករាយ នឹងអោយបញ្ហានេះ​ បណ្ដាលធ្វើអោយមនុស្សផ្សេងទៀត បាត់បង់លែងយល់អ្វីទាំងអស់នោះទេ។» ទាក់ទងនឹងគម្រោងច្បាប់ ដែលសភាបានអនុម័ត្ររួច លោកបានបកស្រាយ​ច្បាស់ៗថា «មិនចាំបាច់ ទាល់តែខ្ញុំជាអាទិទេព ទើបខ្ញុំដឹងថា ច្បាប់នឹងឈានទៅសម្រេច ជាស្ថាពរនោះទេ។ តែខ្ញុំនៅ​តែ​ជឿជាក់ថា គេអាចបញ្ឈប់វាបាន។»

បែកជារូបភាពនយោបាយ

បើទោះជាមានការអំពាវនាវ អោយរក្សាភាពស្ងប់ស្ងៀមនោះក៏ដោយ ក៏នៅមានបាតុករជាច្រើន ចេះតែចង់បន្ដដំណើរទៅ​កាន់មហារុក្ខវិថី ឆង់ អេលីហ្សេ (Champs-Elysées) មហារុក្ខវិថីដែលធំជាងគេនៅទីក្រុងប៉ារីស ទាក់ទាញខ្លាំងពីសំណាក់​​អ្នក​ទេសចរណ៍ សម្បូរដោយ​ហាង​ទំនិញដ៏ប្រណិតៗនោះ។ អាជ្ញាធរបានហាមឃាត់ មិនមានបាតុកម្មហៀរ​ទៅកាន់​មហារុក្ខវិថីនេះទេ ជាមូលហេតុ ដែលជម្រុញ​អោយ​កម្លាំងនគរបាលនៅទីនោះ បានប្រើឧស្ម័នធ្វើអោយហូរទឹកភ្នែក បាញ់​ទៅលើបាតុករណា ដែលព្យាយាម ឆ្លងកាត់របាំងហាមឃាត់។

ដោយឡែកប្រធានគណបក្សស្ដាំនិយម លោកហ្សង់ ហ្វ្រង់ស៊័រ កូប៉េ (Jean-François Copé) បានយករឱកាសនេះ និយាយ​ទៅកាន់បាតុករ អោយទៅទាមទារ«ជម្រះបញ្ជី» ពីលោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ ការបំបែក​ពួកបាតុករ នៅបន្តធ្វើរហូតដល់ពេលរាត្រី ដោយហេតុនៅមានបាតុករជាច្រើនរយនាក់ ទម្លាយបានសម្រេច ចេញទៅនៅ​លើមហារុក្ខវិថី នៅក្រោមក្រសែភ្នែក របស់អ្នកទេសចរណ៍ជាច្រើន។

អ្នកនាំពាក្យ របស់ពួកអ្នករៀបចំបាតុកម្ម លោកតូដូអ័ល ដ័រវីល (Tugdual Derville) បានថ្លែងបញ្ជាក់ ពីសភាព«រីករាយ​នឹងការជួបជុំដ៏ធំនេះ ដែលបង្ហាញពីប្រវត្តិសាស្ត្រថ្មីមួយទៀត»។ នៅក្នុងរថភ្លើងក្រោមដី ដែលលោកបានជិះ ដើម្បីធ្វើ​ដំណើរត្រឡប់ទៅគេហដ្ឋានវិញ លោកបាននិយាយទៅមិត្តភ័ក្រលោកថា «ក្ដីសង្ឃឹមនៅតែមាន។ ព្រោះអី កាលពីពេល​ដើរស្វែងរកចាប់ ស្ដេចល្វីទី១៦ (Louis XVI) ពីរាជវាំងវែកសាយ (Versailles) មនុស្សមានមិនដល់ ១០០ពាន់នាក់ផង !»

------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...