ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់
ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ (Valérie Trierweiler) បានត្រឡប់មកសរសេរឡើងវិញ នៅក្នុងគេហទំព័រ ទ្វីធើរ របស់គាត់ ដែលគាត់បានខកខាន លែងបានសរសេរ តាំងពីខែមថុនាមក។
ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ នៅក្នុងវិមានប្រធានាធិបតី។
នេះជា មតិយោបល់ថ្មី របស់លោកស្រី សរសេរនៅក្នុងគេហទំព័រ ទ្វីធើរ (Tweeter) របស់លោកស្រី៖ «អ្វីៗប្រព្រឹត្តិទៅ បានល្អណាស់ ណាមិត្តទាំងអស់គ្នា។ សុន្ទរកថាដ៏ថ្លៃថ្លាមួយ របស់លោកប្រធានាធិបតី ក្នុងបុណ្យរំលឹកវិញ្ញាណខ័ន [...] គួរអោយរំភើបណាស់។»
លោកស្រីបានលប់ចោល ពីគេហទំព័រ ទ្វីធើរ (Tweeter) មានលក្ខណៈជាបណ្ដាញសង្គមដែរនេះ នូវមតិយោបល់ផ្ទាល់ខ្លួន របស់លោកស្រីមួយ ដែលបានបង្កើតអោយមាន សង្រ្គាមពាក្យសម្ដីមួយ ផ្ទុះឡើងនៅខែមិថុនា ខណៈដែលលោកស្រី បានគាំទ្រមិត្តភ័ក្ររបស់លោកស្រីម្នាក់ នៅក្នុងការបោះឆ្នោតតំណាងរាស្រ្ត។ មតិយោបល់នោះ បាននិយាយលើកទឹកចិត្ត លោក អូលីវីយេ ហ្វាឡូនី (Olivier Falorni) ដែលបានឈរឈ្មោះជាតំណាងរាស្រ្ត នៅមណ្ឌលមួយ ប្រជែងនឹងបេក្ខនារី ចាស់ស្រុកម្នាក់ទៀត គឺលោកស្រី សេហ្គូលែន រ៉ូយ៉ាល់ (Ségolène Royal) នៅក្នុងគណបក្សសង្គមនិយមបារាំងដូចគ្នា។
លោកស្រី សេហ្គូលែន រ៉ូយ៉ាល់ ធ្លាប់ជាប់ជាតំណាងរាស្រ្ត នៅតំបន់ ឡា រ៉ូឆែលនេះ ជាច្រើនអាណត្តិមកហើយ ហើយ លោកស្រីក៏ធ្លាប់ជាបេក្ខនារី ប្រជែងតំណែងប្រធានាធិបតី ជាមួយ លោកអតីតប្រធានាធិបតី នីកូឡា ស្សាកូហ្សី (Nicolas Sarkozy) កាលពីឆ្នាំ ២០០៧ដែរ។ តែអ្វីដែល បណ្ដាញផ្សព្វផ្សាយ ចាប់អារម្មណ៍ជាងគេ នៅជាមួយនឹងមតិយោបល់របស់ ស្រ្តីទីមួយបារាំង កាលពីខែមិថុនានោះ គឺអាចប្រហែលជាមកពី លោកស្រី សេហ្គូលែន រ៉ូយ៉ាល់ ធ្លាប់ជាគូកំណាន់ចិត្តមុន របស់លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតី ទើបនឹងជាប់ឆ្នោតរបស់បារាំង។ មិនត្រឹមតែប៉ុណ្ណេះ នៅពេលឃោសនា រកសម្លេងឆ្នោត ក្នុងការបោះឆ្នោតតំណាងរាស្រ្តនេះ លោក ហ្វ្រង់ស័រ ហូឡង់ ធ្លាប់ប្រកាសដោយខ្លួន លោកផ្ទាល់ គាំទ្រលោកស្រី សេហ្គូលែន រ៉ូយ៉ាល់ នេះថែមទៀត។
លោកស្រី សេហ្គូលែន រ៉ូយ៉ាល់ ចាញ់ឆ្នោតតំណាងរាស្រ្ដ តែនៅតែញញឹមជាប់រហូត។
ក្រុមអ្នកសារពត៌មាន បានចោទសួរ និងជជែកដេញដោល ពីបញ្ហារបស់ លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ដែលជាគូរកំណាន់ របស់លោក ហ្រង់ស័រ ហូឡង់ ក្រោយលោកស្រី សេហ្គូលែន រ៉ូយ៉ាល់នោះ ថាតើស្រ្តីទីមួយបារាំងរូបនេះ មានចិត្តប្រច័ណ ឬក៏គ្រាន់តែចង់និយាយ អោយគេលឺពីសំលេងគាត់? តើ«រូបភាពធម្មតា» ដែលជាគោលការណ៍ ប្រកាន់យកដោយ លោក ប្រធានាធិតីថ្មីនេះ ត្រូវនារីកំណាន់របស់លោកក្នុងពេលបច្ចុប្បន្ន បំផ្លាញចោលឬយ៉ាងណា? លោកប្រធានាធិបតីដែលទើប នឹងឡើងកាន់អំណាច មិនទាន់ទាំងបាន ១០០ថ្ងៃស្រួលបួលផងរូបនេះ បានធ្វើអោយលេចធ្លាយទៅហើយ នូវរឿងអាស្រូវ ស្នេហា ដ៏ចំរូងចំរ៉ាស់នេះ។ តើលោកនឹងមានប្រតិកម្មយ៉ាងដូចម្ដេច នៅចំពោះមុខ បញ្ហាដែល គេបានបញ្ចើចបញ្ចើរលោក ថា ជាប្រធានាធិបតីសម្បូរស្នេហ៍នោះ?
សំនូរ និងការជជែកវែកញែក នៅមុនការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត បានក្លាយជា វេទិការមួយយ៉ាងគគ្រឹកគគ្រេង រហូតមកដល់ការចេញមកអន្តរាគមន៏ជាផ្លូវការរបស់ លោកហ្រង់ស័រ ហូឡង់ តាមទូរទស្សន៍កាលពីថ្ងៃបុណ្យជាតិបារាំង ទី ១៤កក្កដាមុននេះ។ លោកប្រធានាធិបតី បាននិយាយយ៉ាងមុតមាំថា «ខ្ញុំចង់និយាយអោយច្បាស់ រវាងបញ្ហាឯកជន និងបញ្ហាសាធារណៈ។ បញ្ហាឯកជន ត្រូវតែដោះស្រាយ នៅក្នុងរង្វង់ឯកជន។ ជាពិសេស គោលការណ៍របស់យើង ត្រូវតែ យកមកអនុវត្ត អោយបានត្រឹមត្រូវពិតប្រាកដ។»
ឆ្លើយតបនឹងភាពរំជើបរំជួល ដែលបណ្ដាលពីមតិយោបល់ លើគេហទំព័រ ទ្វីធើរ នេះ ស្រ្តីទីមួយបារាំង បានសន្យាថា លោកស្រី នឹង«បង្វិលមេដៃ អោយបាន៧ដង» មុននឹងចុចសរសេរ ទៅក្នុងគេហទំព័រ៕
---------------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២