ទាហាន​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ឡុងដ៍ អាជ្ញាធរ​ថា​ជា​«អំពើ​ភេវរកម្ម»

បុរសពីរនាក់បានសម្លាប់ទាហានអង់គ្លេសម្នាក់ ជាមួយនឹងកាំបិត នៅថ្ងៃពុធទី២៣ខែឧសភា ក្នុងសង្កាត់មួយផ្នែកអាគ្នេយ៍​នៃរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ ជនសង្ស័យ បានប្រព្រឹត្តហេតុការណ៍ធ្វើឡើង ក្នុងនាមព្រះអាឡហ៍ មុននឹងត្រូវ​របួស​ដោយសារកិច្ច​អន្តរាគមន៍របស់នគរបាល និងត្រូវបានបានចាប់ខ្លួនក្រោយមក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសពីរនាក់បានសម្លាប់ទាហានអង់គ្លេសម្នាក់ ជាមួយនឹងកាំបិត នៅថ្ងៃពុធទី២៣ខែឧសភា ក្នុងសង្កាត់មួយផ្នែកអាគ្នេយ៍​នៃរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ ជនសង្ស័យ បានប្រព្រឹត្តហេតុការណ៍ធ្វើឡើង ក្នុងនាមព្រះអាឡហ៍ មុននឹងត្រូវ​របួស​ដោយសារកិច្ច​អន្តរាគមន៍របស់នគរបាល និងត្រូវបានបានចាប់ខ្លួនក្រោយមក។


នៅខាងមុខជាជនរងគ្រោះ ដែលដួលដេក តែនៅខាងក្រោយ ជនសង្ស័យទាំងពីរត្រូវបានបាញ់ផ្ដួលដោយនគរបាល។

ក្នុងដំណើរមកកាន់ទីក្រុងប៉ារីស ក្នុងរយៈពេលខ្លីមួយនៅល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដ កាមេរូន (David Cameron) បានថ្លែងក្នុងសន្និសិតសារព័ត៌មាន នៅវិមានប្រធានាធិបតីបារាំង យ៉ាងដូច្នេះថា «ជាអំពើដ៏ឃោឃៅ​ព្រៃផ្សៃ ដែលបានកើតឡើងនៅថ្ងៃនេះ: នៃការវាយប្រហារយ៉ាងរន្ធត់ ដែលមានរូបរាងជាអំពើភេវរកម្ម»។

លោកបានបន្តថា «អារម្មណ៍របស់ប្រជាជនអង់គ្លេស នឹងមិនរាថយជាដាច់ខាត់ នៅចំពោះមុខការវាយប្រហារប្រភេទនេះ។ អំពើភេវរកម្ម នឹងមិនមានជ័យជំនះឡើយ។»

នៅខាងឆ្វេងដៃរបស់លោកកាមេរូន ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ដែលមានវត្តមាន​ជាមួយគ្នា ក៏បានប្រកាសដែរថា «ខ្ញុំសម្ដែងភាតរភាពរបស់ខ្ញុំ នៅចំពោះលោកដេវីដ កាមេរូន និងចក្រភពអង់គ្លេស នៅ​បន្ទាប់ពីអំពើឃាតកម្មដ៏កំសាក ដែលបានសម្លាប់ទាហានអង់គ្លេសមួយរូប»។ ប្រមុខរដ្ឋបារាំងបានបញ្ជាក់ថា «យើងត្រូវ​ប្រយុទ្ធប្រឆាំងនឹងភេវរនិយម នៅគ្រប់ទីកន្លែងទាំងអស់»។

សហរដ្ឋអាមេរិកវិញ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ទល់នឹងការវាយប្រហារនេះ តែមិនបានប្រើពាក្យ «ភេវរនិយម»ទេ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានខ្លីមួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មានសរសេរជាអាថ៌ថា «យើងស្ថិត​នៅជាប់ជានិច្ច ក្បែរនឹងសម្ព័ន្ធមិត្តអង់គ្លេសរបស់យើង ដែលកំពុងប្រឈមមុខនឹងអំពើហឹង្សាមិនអាចប្រៀបផ្ទឹមបាន»។

ភ្នែកទល់នឹងភ្នែក ធ្មេញទល់នឹងធ្មេញ

ហេតុការណ៍បានកើតឡើង ក្នុងល្ងាចថ្ងៃពុធនេះ នៅមិនឆ្ងាយប៉ុន្មានពីបន្ទាយទាហាន នៃកងរថក្រោះ នៅសង្កាត់ វូលវីច (Woolwich)។ ជនម្នាក់ពីក្នុងចំណោមជនសង្ស័យពីរនាក់ បាននិយាយនៅក្រោយសកម្មភាពប្រព្រឹត្តិរបស់ខ្លួន ទៅកាន់​អ្នក​ថតវីដេអូម្នាក់ថា «យើងវាយពួកវា ដូចនឹងពួកវាវាយយើង។ ភ្នែកទល់នឹងភ្នែក ធ្មេញទល់នឹងធ្មេញ។»

ជាមួយនឹងកាំបិតចំនួនពីរ នៅក្នុងដៃពោពេញទៅដោយឈាម បុរសជាជនជាតិស្បែកខ្មៅម្នាក់នេះ បានបន្ថែមជាភាសា​អង់គ្លេស តាមសំនៀងជាអ្នករស់នៅរាជធានីឡុងដ៍ ថា «យើងស្បថចំពោះព្រះអាឡហ៍ដ៏មានមហិទ្ធិរិទ្ធខ្ពស់ផុតលោក ថាយើងនឹងមិនបញ្ឈប់ការប្រយុទ្ធជាដាច់ខាត។ (...) ខ្ញុំសូមទោសចំពោះស្ត្រី ដែលបានឃើញអ្វី ដែលបានកើតឡើង​ក្នុង​ថ្ងៃនេះ។ តែនៅក្នុងប្រទេសរបស់យើង ស្ត្រីៗក៏ឃើញរឿងដូចគ្នាអញ្ចឹងដែរ។»

តាមសាក្សីនៅនឹងកន្លែង បុរសនេះនិងដៃជើងម្នាក់ទៀត បានសុំទៅអ្នកដំណើរកាត់តាមទីនោះ ឲ្យថតឈុតឆាកប្រយុទ្ធ នៅពីលើសាកសពទាហាន ដែលដួលដេកទៅនឹងដី ជាមួយនឹងសម្រែក «អាឡហ៍ អាកបារ (Allah Akbar)»។ សាក្សីខ្លះ​ទៀតបានឲ្យដឹងទៀតថា បុរសទាំងពីរបានកាត់«ករ» ទាហាននោះថែមទៀត។

នគរបាលបានផ្ទុះអាវុធ ដើម្បីផ្ដួលជនទាំងពីរ ហើយបានបញ្ជូនជនទាំងពីរនេះទៅមន្ទីរពេទ្យពីរនៅក្បែរនោះ។ សាក្សីជា​ច្រើនបាននិយាយថា ជនទាំងពីរមិនបានប្រឹងប្រែងគេចខ្លួនចេញពីកន្លែងកើតហេតុនោះទេ តែបានពង្រឹកការគម្រាម​របស់​ពួកខ្លួន ទៅរកកម្លាំងសមត្ថកិច្ចវិញ៕

សូមទស្សនាវីដេអូ ដែលបង្ហាញពីជនសង្ស័យទីមួយ ចេញមកនិយាយនៅចំពោះអ្នកថត៖

---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...