ជនរងគ្រោះពីការស៊ីសាច់មនុស្សនៅមីអាមី ចេញមុខតាមវីដេអូ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសជាជនរងគ្រោះអាយុ៦៦ឆ្នាំ ដែលត្រូវបានរងការវាយប្រហារ ដោយការបកស្បែកមុខរបស់លោក ស៊ីជាអាហារនោះ បានចេញមុខមកវិញហើយ នៅក្នុងខ្សែវីដេអូមួយ បន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងតាំងពីមួយឆ្នាំមុន។
លោក រ៉ូណាល់ ប៉ូប៉ូ (Ronald Poppo) ទំនងជាមានកម្លាំងមាំមួនឡើងវិញ បន្តិចម្ដងៗ ពីមុខរបួសដ៏អាណោចអាធមរបស់លោក។ លោកបានចេញមុខមកថ្លែងអំណរគុណ ដល់អ្នកដែលបានគាំទ្រលើកទឹកចិត្តលោក មួយឆ្នាំក្រោយពីលោក ត្រូវបានស៊ីហែកផ្ទៃមុខរបស់លោក ដោយបុរសម្នាក់ដែលនៅក្នុងព្រឹត្តិការណ៍នោះ គេបានដាក់ឈ្មោះឲ្យថា «ជនស៊ីសាច់មនុស្សនៅមីអាមី (Miami)»។
» សូមអានអត្ថបទស្ដីពីព្រឹត្តិការណ៍នេះឡើងវិញ ដោយចុចនៅលើទីនេះ។
នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់ និងមិនដែលជួបប្រទះក្នុងពេលនោះ លោករ៉ូណាល់ បានបាត់បង់សាច់មុខ ច្រមុះ និងភ្នែកទាំងគូរប្រមាណជា៨០%នៃផ្ទៃមុខរបស់លោក។ តែនៅថ្ងៃនេះ គេឃើញលោកអង្គុយនៅលើគ្រៃ ដេញហ្គីតាកំសាន្ដ នៅក្នុងវីដេអូខ្លីមួយ ដែលផ្សាយដោយមន្ទីរពេទ្យនៃទីក្រុងមីអាមីផ្ទាល់ នៅលើបណ្ដាញអាំងធើណែត។
លោករ៉ូណាល់ បាននិយាយថា «បណ្ដាជនដែលមានស្ថានភាពដូចខ្ញុំ ត្រូវការជំនួយជាចាំបាច់»។ សម្រាប់មនុស្សជាច្រើនដែលបានផ្ដល់កម្លាំងចិត្តមកឲ្យគាត់ លោករ៉ូណាស់បានសម្ដែងការអរគុណថា «ខ្ញុំមិនដឹងថា តើត្រូវអរគុណពួកគេ យ៉ាងដូចម្ដេចឲ្យសមនោះទេ»។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១២កន្លងទៅ ជនដែលបានចាប់ហែកផ្ទៃមុខលោករ៉ូណាល់ ស៊ីជាអាហារ ឈ្មោះរូឌី អឺហ្សែន (Rudy Eugene) អាយុ៣១ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកម្លាំងនគរបាល ខណៈពេលជននេះកំពុងទំពារសាច់ស្រស់របស់ជនរងគ្រោះ តាំងពី២០នាទីមកហើយ៕
សូមទស្សនាវីដេអូ ដែលនិយាយពីលោករ៉ូណាល់៖
---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ