ប្រារព្ធបុណ្យ Halloween ដោយតែងខ្លួនជា«មនុស្សខ្មោច»ដូច... ស្វារ៉េស (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: November 02, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកមានយោបល់ឬទេ ខាងការរើសយកតួអង្គណាមួយ ដ៏គួរឲ្យខ្លាចជាងគេ មកធ្វើការតុបតែងមុខតាម ដើម្បីដើរបន្លាចគេឯង ក្នុងថ្ងៃបុណ្យ ហាឡូវីន? ប្រហែលជា តួអង្គខ្មោចបីសាច ក្នុងភាពយន្ដហូលីវូដ ឬនាងណាត ក្នុងភាពយន្ដថៃនិយាយពីខ្មោចស្លាប់តៃហោងទាំងកូនក្នុងផ្ទៃ ឬក៏ព្រាយកន្ទោងខៀវ ... អាបបង្ហោះក្បាលគ្មានខ្លួន។ល។ ឬបើនិយាយឲ្យខ្លី តួអង្គខ្លាចៗ មានរាប់មិនអស់ ដែលអាចឲ្យយើងធ្វើការជ្រើសរើស ដើម្បីតុបតែងមុខតាម។
ដោយឡែក ក្រុមមួយដែលដាក់ឈ្មោះហៅខ្លួនឯងថា Football Daily នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប បែរជាជ្រើសរើសយកកីឡាករ ល្វីស៍ ស្វារ៉េស ដែលល្បីឈ្មោះ ខាងខាំកីឡាករគ្នាឯងនៅលើលានបាល់ទាត់ មកធ្វើការតុបតែងជា មនុស្សខ្មោច ដើម្បីដើរបន្លាចរាល់អ្នកដំណើរទៅវិញ។ ប៉ុន្តែជាមួយនឹងការរៀបចំយ៉ាងល្អនេះ នរណាៗក៏ខ្លាចរត់បាតជើងសព្រាត ចេញឲ្យឆ្ងាយពីអតីតកីឡាករ របស់ក្រុមលីវើភូល (Liverpool នៅអង់គ្លេស) រូបនេះដែរ។
អាចនិយាយម្យ៉ាងទៀតថា មនុស្សដែលខ្លាចទាំងនោះ មិនមែនគ្មានមូលហេតុនោះទេ។ ព្រោះកីឡាករជាតិអ៊ុយរ៉ាហ្គាយ ល្វីស៍ ស្វារ៉េស ដែលមុនផ្ទេរមកទាត់ឲ្យក្រុមបាសឺឡូន (Barcelone នៅអេស្ប៉ាញ) ធ្លាប់មានប្រវត្តិស៊ីសាច់មនុស្ស (ខាំចេញស្នាម) យ៉ាងហោចក៏បីដងដែរ។ កីឡាកររងគ្រោះលើកចុងក្រោយ ពីការខាំរបស់ ស្វារ៉េស បានធ្លាក់ទៅលើកីឡាករអ៊ីតាលី ឈីលីនី (Chiellini) នៅពេលដែលមានការជួបគ្នា រវាងក្រុមអ៊ុយរ៉ាហ្គាយ និងក្រុមអ៊ីតាលី នៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ ថ្មីៗនេះ។
តែនេះគ្រាន់តែជាការលេងសើចសប្បាយមួយប៉ុណ្ណោះ ព្រោះបើនិយាយពីហេតុការណ៍មែនទែនវិញ កីឡាករធ្មេញបាន ល្វីស៍ ស្វារ៉េស ធ្លាប់បានសន្យាមុននេះរួចហើយថា នឹងមិនធ្វើរឿង«ខាំ»សារជាថ្មីទៀតនោះទេ៕