ស្វារ៉េស ត្រូវ​បាន​​ហាម​«៩​ប្រកួត​និង​ប៉ះ​បាល់​៤​ខែ» ព្រោះ​«ខាំ»​មនុស្ស

សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA) បានសម្រេចហាមកីឡាករ ល្វី ស្វារ៉េស (Luis Suarez) ជាតិ​អ៊ុយរ៉ាហ្គាយ មិនឲ្យចូលប្រកួត៩លើក និងហាមមិនឲ្យប៉ះ«បាល់» ក្នុងរយៈពេល៤ខែ ពីបទ«ខាំកកេរ»​កីឡាករជាតិ​អ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) នៅក្នុងការប្រកួត រវាងក្រុមជម្រើជាតិ អ៊ុយរ៉ាហ្គាយ​និងអ៊ីតាលី កាលពី​ថ្ងៃ​អង្គារកន្លងទៅ។ ការសម្រេចចិត្តរបស់អង្គការកំពូលខាងបាល់ទាត់ បានធ្លាក់ចុះមក បង្កឲ្យមានប្រតិកម្មពីប្រទេស​អ៊ុយរ៉ាហ្គាយ ថាមានទម្ងន់ធ្ងន់ហួស។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (FIFA) បានសម្រេចហាមកីឡាករ ល្វី ស្វារ៉េស (Luis Suarez) ជាតិ​អ៊ុយរ៉ាហ្គាយ មិនឲ្យចូលប្រកួត៩លើក និងហាមមិនឲ្យប៉ះ«បាល់» ក្នុងរយៈពេល៤ខែ ពីបទ«ខាំកកេរ»​កីឡាករជាតិ​អ៊ីតាលី ជ័រជរ ឈៀលីនី (Giorgio Chiellini) នៅក្នុងការប្រកួត រវាងក្រុមជម្រើជាតិ អ៊ុយរ៉ាហ្គាយ​និងអ៊ីតាលី កាលពី​ថ្ងៃ​អង្គារកន្លងទៅ។ ការសម្រេចចិត្តរបស់អង្គការកំពូលខាងបាល់ទាត់ បានធ្លាក់ចុះមក បង្កឲ្យមានប្រតិកម្មពីប្រទេស​អ៊ុយរ៉ាហ្គាយ ថាមានទម្ងន់ធ្ងន់ហួស។


ស្វារ៉េស ស្ទាបធ្មេញខ្លួន បន្ទាប់ពីបានខាំ រីឯជនរងគ្រោះ លើកដៃបង្ហាញអាជ្ញាកណ្ដាល។ (រូបថត ហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - ប្រសិនបើសហព័ន្ធបាល់ទាត់ពិភពលោក បានធ្វើសេចក្ដីសម្រេចអ្វីមួយហើយ គេពិបាក​នឹង​ធ្វើការតវ៉ាណាស់ ហើយក៏មិនមែនគ្រាន់តែជាសេចក្ដីសម្រេច ដែលធ្វើឲ្យតែបានៗនោះដែរ។ នោះជាអ្វី ដែលកីឡាករ​ជាតិ អ៊ុយរ៉ាហ្គាយ ល្វី ស្វារ៉េស បានទទួលជាទណ្ឌកម្មបន្ទាប់ពីបាន«ខាំ»ជាលើកទីបី ទៅលើកីឡាករគូរប្រជែង នៅ​លើទីលាននៃការប្រកួត។ ជាពិសេស ករណីលើកនេះ ប្រាកដ​ជាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់ ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ ដែលបានឡើងមកដល់វគ្គប្រកួត ១/៨ផ្ដាច់​ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤​ ហើយ​នោះ។

ស្វារ៉េស ត្រូវបានហាមឃាត់ មិនឲ្យចូលប្រកួតជាលក្ខណៈជាតិឬអន្តរជាតិ ចំនួន៩ប្រកួត មិនឲ្យចូលរួមក្នុង​សកម្មភាព នៃកីឡាបាល់ទាត់ទាំងឡាយ ក្នុងរយៈពេល៤ខែ និងត្រូវបង់ការផាកពិន័យចំនួន ១សែនហ្វ្រង់ ប្រាក់ស្វីស (ព្រោះ​ ហ្វីហ្វា មានទីស្នាក់ការកណ្ដាល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស)។

ប្រធានគណៈកម្មការវិន័យ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ លោក ក្លូឌីយ៉ូ ស៊ូស្ល័រ (Claudio Susler) បានថ្លែងក្នុង​សេចក្ដីប្រកាសព័ត៌មានមួយថា៖ «ទង្វើដ៏អាក្រក់ណាក៏ដោយ នឹងមិនត្រូវអាចអត់អោនឲ្យបាន នៅលើទីលាន​បាល់​ទាត់ ជាពិសេសនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ដែលមានភ្នែកមនុស្សរាប់លាននាក់ បានសម្លឹងផ្ដោត​ទៅលើ​កីឡាករសំខាន់ៗ បែបនេះឡើយ។» ការសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ហ្វីហ្វានេះ នឹងចូលជាធរមានភ្លាម បន្ទាប់​ពី​សេចក្ដីប្រកាសព័ត៌មាននេះ បានចេញផ្សាយ។ នោះមានន័យថា ស្វារ៉េស​ នឹងមិនអាចចូលប្រកួត ក្នុងព្រឹត្តិការណ៍​បាល់ទាត់ពិភពលោក បានតទៅ​ទៀត​ឡើយ។

ប្រតិកម្មធ្លាក់មកភ្លាមៗ

មិនមែនប៉ះពាល់ត្រឹមតែ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយប៉ុណ្ណោះទេ តែសេចក្ដីសម្រេច​នេះ មាន​វិសាលភាព​គ្របដណ្ដប់លើក្រុមបាល់ទាត់អាជីព លីវើភូល (Liverpool) របស់អង់គ្លេស ដែល ស្វារ៉េស បានចុះកិច្ចសន្យា​ទាត់​ឲ្យ​នោះផងទៀត។ ក្រុមបាល់ទាត់អង់គ្លេស នឹងត្រូវរងចាំរហូតដល់ការជួបប្រកួត លើកទី១០របស់ខ្លួន ដែលនឹងប្រព្រឹត្តិ​ទៅ នៅថ្ងៃទី១ ខែវិច្ឆិការខាងមុខ ទើបអាចដាក់បញ្ចូល ស្វារ៉េស ទៅក្នុងចំណោមកីឡាករប្រកួតរបស់ខ្លួនបាន។

ទណ្ឌកម្មរបស់ហ្វីហ្វា ដាក់ទៅលើស្វារ៉េស បង្កឲ្យមានប្រតិកម្មមកពីគ្រប់ទិសទី។ ដំបូងគេ គឺក្រុមកីឡាករជម្រើសជាតិ អ៊ុយរ៉ាហ្គាយ ដែលបានចាត់ទុកថា យុទ្ធនាការប្រឆាំង ល្វី ស្វារ៉េស ជាសង្គ្រាមឃោសនាមួយ នៃក្រុមអ្នកមិន​សប្បាយ​ចិត្តនឹងស្វារ៉េស និងក្រុមបាល់ទាត់ ដែលស្វារ៉េស កំពុងទាត់ឲ្យ។ អ្នកនយោបាយ និងអ្នកដឹកនាំរបស់ប្រទេស​អ៊ុយរ៉ាហ្គាយ ក៏បានថ្លែងទាក់ទងនឹងករណីរបស់ ស្វារ៉េស នេះដែរ ដោយពួកគេបានគិតថា នោះជាទណ្ឌកម្មដែល​មាន​ទម្ងន់ធ្ងន់ហួស។ រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសនេះ បានសរសេរនៅទំព័រទ្វីសធើរផ្លូវការរបស់ខ្លួនថា៖ «ទណ្ឌកម្ម​ទៅ​លើ ស្វារ៉េស បានធ្វើឲ្យយើងរបួសផ្លូវចិត្ត»។

សម្រាប់សហព័ន្ធបាល់ទាត់ របស់ប្រទេសអ៊ុយរ៉ាហ្គាយ ដែលជាស្ថាប័នបាល់ទាត់ក្នុងប្រទេសមួយ ទទួលស្គាល់ដោយ​ហ្វីហ្វានោះ បានថ្លែងការពារកីឡាករ ស្វារ៉េស ថាមិនបានប្រព្រឹត្តិកំហុសដល់ថ្នាក់នេះឡើយ។ នាយកសហព័ន្ធបាល់​ទាត់​អ៊ុយរ៉ាហ្គាយ បានបញ្ជាក់ថា នឹងធ្វើពាក្យឧទ្ទរណ៍មួយ ប្រឆាំងការសម្រេចចិត្តនោះ ដោយសំអាងថា ការសម្រេច​​ចិត្ត​របស់ហ្វីហ្វា បានធ្វើឡើងដោយគ្មានភស្ដុតាងគ្រប់គ្រាន់ និងច្បាស់លាស់។

ប៉ុន្តែចំពោះក្រុមអ្នករងគ្រោះ នឹងការ«ខាំ»របស់កីឡាករ ស្វារ៉េស បានថ្លែងអំណរនឹងការសម្រេចចិត្តរបស់ហ្វីហ្វា។ ករណីដែលសំខាន់ជាងនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡារ ដែលបានឧបត្ថម្ភកីឡករ ស្វារ៉េស ដ៏ល្បីល្បាញ​មាន​យីហោរ អាឌីដាស (Adidas) ក៏បានភ្ជាប់ខ្លួនទៅនឹងការ​សម្រេចចិត្តរបស់ហ្វីហ្វាដែរ ហើយបានប្រកាសផ្អាក ឈប់​សហការ​ជាមួយកីឡាកររូបនេះ ជាបណ្ដោះអាសន្នសិន។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុននេះ បានសរសេរជាអាថ៌ថា៖ «យើងមិន​យល់ព្រម​ជាដាច់ខាត នូវទង្វើថ្មីៗរបស់ ល្វី ស្វារ៉េស ហើយយើងនឹងរំលឹក​គាត់​ឡើងវិញ ពីកម្រិតដ៏ខ្ពស់មួយ ដែល​យើងចង់បានពីកីឡាកររបស់យើង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...