បាល់ទាត់ពិភពលោក៖ ប៊ែលហ្សិកបំបាក់អង់គ្លេស យកលេខ១
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 29, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រកួតបីដង ទទួលបានជ័យជំនះបីដង និងដណ្ដើមបាន ចំណាត់ថ្នាក់ លេខ១ នៃពូល G នៅក្នុងវគ្គជម្រុះតាមពូល។ នេះ ជាលទ្ធផលចុងក្រោយ របស់ក្រុម បីសាចក្រហម ប៊ែលហ្សិក បន្ទាប់ពីបានប្រកួតឈ្នះ លើក្រុម អង់គ្លេស ក្នុងយប់ថ្ងៃព្រហ្បត្តិនេះ ដោយគ្រាប់បាល់ ១-០ នៅនាទីទី ៥១ រកបានដោយកីឡាករ «Adnan Januzaj»។
យ៉ាងណា ក្រុម អង់គ្លេស មិនបានឲ្យកីឡាករល្បីៗរបស់ខ្លួន ដូចយ៉ាងខ្សែប្រយុទ្ធដ៏ចំណាន គឺកីឡាករ ហារី ឃេន (Harry Kane) ចូលប្រកួតទល់នឹងក្រុម ប៊ែលហ្សិក ក្នុងយប់នេះទេ។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អង់គ្លេស និងក្រុម ប៊ែលហ្សិក៖
ក្នុងពូលដដែល និងនៅម៉ោងពេលតែមួយ ក្រុម ទូនីស៊ី បានប្រកួតយកឈ្នះ ២-១ ទល់នឹងក្រុម ប៉ាណាម៉ា។ ប៉ុន្តែក្រុមទាំងពីរក្រោយនេះ បានហាលអាវរួចជាស្រេចហើយ បន្ទាប់ពីបានប្រកួតពីរជុំកន្លងមក មិនទទួលបានពិន្ទុអ្វីសោះ ទល់នឹងក្រុម ប៊ែលហ្សិក និងក្រុម អង់គ្លេស។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប៉ាណាម៉ា និងក្រុម ទូនីស៊ី៖
ក្នុងចំណាត់ថ្នាក់លេខ១ នៃពូល G ក្រុម ប៊ែលហ្សិក ត្រូវទៅជួបនឹងក្រុម ជប៉ុន ដែលទទួលបានលេខ២ នៃពូល H ក្នុងវគ្គ១ភាគ៨ នៅថ្ងៃចន្ទ ទី២ កក្កដាខាងមុខ។ ប៉ុន្តែ បើទោះជាគេគិតថា ក្រុម ប៊ែលហ្សិក អាចយកឈ្នះលើក្រុម ជប៉ុន ក៏ដោយ តែក្រុមបីសាចក្រហម ដែលខ្លាំងជាងអង់គ្លេស ក្នុងយប់នេះ ត្រូវមានឧបសគ្គច្រើនទៅមុខទៀត ជាពិសេសនៅតាមផ្លូវ ក្រុម ប៊ែលហ្សិក អាចនឹងត្រូវជួបក្រុម ប្រេស៊ីល ដ៏ខ្លាំងក្លា នៅវគ្គ១ភាគ៤។
ចំពោះក្រុម អង់គ្លេស វិញ ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៃពូល G នឹងត្រូវជួបជាមួយក្រុម កូឡំប៊ី ដែលជាប់លេខ១ នៃពូល H ក្នុងវគ្គ១ភាគ៨ នៅថ្ងៃអង្គារ ទី៣ ខែកក្កដាខាងមុខ។ ប្រសិនជាក្រុម អង់គ្លេស អាចឆ្លងផុត ពីក្រុម កូឡំប៊ី ដែលសម្បូរដោយ កីឡាករខ្លាំងៗនោះបាន នោះនៅវគ្គ១ភាគ៤ ក្រុម អង់គ្លេស នឹងមានវាសនាល្អ ដោយទៅជួបក្រុម ស្វីស ឬស៊ុយអែដ ដែលសុទ្ធសឹងជាក្រុម មិនសូវជាមានឈ្មោះល្បី នៅក្នុងប្រវត្តិបាល់ទាត់ពិភពលោក ប៉ុន្មានទេ៕