បាល់ទាត់ពិភពលោក៖ បារាំង-អាហ្សង់ទីនខ្វល់តែពី ម៉េស៊ី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 30, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីម្សិលម៉ិញ មួយថ្ងៃមុនជំនួប ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់បារាំង និងអាហ្សង់ទីន សារព័ត៌មានឯកទេសកីឡាដ៏ធំ របស់បារាំង ឈ្មោះ «L'Equipe» បានបង្ហាញនៅទំព័រមុខរបស់ខ្លួន នូវរូបថត របស់កំពូលកីឡាករអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលព័ទ្ធជុំជិត ដោយកីឡាករបារាំង ដល់ទៅ៥នាក់។ នៅពីលើរូបថតរបស់កីឡាករទាំងនេះ សារព័ត៌មានបារាំងបានសរសេរអក្សរធំៗថា៖ «No Pasara (មានសេចក្ដីថា កីឡាករ ម៉េស៊ី នឹងឆ្លងមិនផុតទេ)»។
ជាសារខ្លីមួយ ដែលសារព័ត៌មានបានពន្យល់ថា ក្រុមកីឡាករបារាំងបានរកឃើញ ពីយុទ្ធសាស្ត្រដើម្បីទប់ទល់ នឹងកីឡាករដ៏ល្បីឈ្មោះ របស់ប្រទេសអាហ្សង់ទីន។ មកទល់នឹងពេលនេះ កីឡាករ លីយ៉ូនែល ទើបរកបានគ្រាប់បាល់ តែមួយគ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួត ទលនឹងក្រុម នីហ្សេរីយ៉ា។ ប៉ុន្តែគ្រាប់បាល់មួយនេះ អាចជាគ្រាប់បាល់ដំបូង របស់កំពូលកីឡាករ ដើម្បីដាស់ឲ្យក្រុមជម្រើ់សជាតិ អាហ្សង់ទីន ទាំងមូល ភ្ញាក់ពីភាពងោគងុយ និងខិតខំស្វែងរកជ័យជំនះ ដើម្បីឆ្លងវគ្គទៅវគ្គ១ភាគ៨។
ផ្ទុយទៅវិញ សម្រាប់សារព័ត៌មានជំនាញខាងកីឡា របស់ប្រទេសអាហ្សង់ទីន ឈ្មោះ «Olé» បានឆ្លើយតបមកសារព័ត៌មានបារាំងវិញ ដោយកាត់យករូបភាពខាងលើ មកបោះពុម្ភនៅទំព័រខាងមុខរបស់ខ្លួន។ តែសារព័ត៌មានអាហ្សង់ទីន បានកាត់អក្សរធំមួយកំណាត់ចេញ ដោយទុកត្រឹមតែ «Pasara! (ដែលមានន័យថា កីឡាករ ម៉េស៊ី នឹងឆ្លងផុត)»។
ទិដ្ឋភាពខាងលើ ជាសង្គ្រាមពាក្យសំដី រវាងពិភពអ្នកគាំទ្រក្រុមបាល់ទាត់ នៃប្រទេសទាំងសងខាង នៅមុនការប្រកួតដ៏សំខាន់ ដែលនឹងមកដល់ ក្នុងប៉ុន្មានម៉ោងខាងមុខ និងជាការប្រកួត «ផ្ដាច់ព្រលឹង (ចាញ់ចប់ ត្រឡប់មកផ្ទះ)»។ ប៉ុន្តែក្រុមបារាំង មិនគប្បីភ្លេចទេថា ក្រុមអាហ្សង់ទីនទាំងមូល មិនមែនមានតែកីឡាករ លីយ៉ូនែល ម៉េស៊ី នោះឡើយ។ ហើយកីឡាករផ្សេងៗទាំងនោះ អាចបង្កគ្រោះសម្រាប់ក្រុមមាន់គកបារាំង នៅគ្រប់ពេលទាំងអស់៕