អ៊ឺរ៉ូ២០១៦៖ ទម្លាក់អតីតជើងឯក ដើម្បីឡើងទៅជួបជើងឯកពិភពលោក

- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 28, 2016
- ប្រធានបទ: អ៊ឺរ៉ូ ២០១៦
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមយក្ស និងយក្សជួបប្រយុទ្ធគ្នា តើនឹងមានរឿងអ្វីកើតឡើង? មិនមានអ្វីចម្លែកទេ ព្រោះយក្សដែលចាញ់ មានតែការសោកស្ដាយ និងយំមិនចេញ ហើយដើរត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯងប៉ុណ្ណោះ។ គូប្រកួតខ្លាំងៗ បានប៉ះគ្នានៅក្នុង«អ៊ឺរ៉ូ២០១៦» ហើយគូប្រកួតដែលទន់ជាង ឬរៀបក្បួនយុទ្ធសាស្ត្រមិនបានល្អ បានខ្ទាតចេញជាបន្តបន្ទាប់ ពីជំនួបរៀងរាល់៤ឆ្នាំម្ដងនេះ។ ពីក្នុងចំណោមនោះ មានក្រុមអេស្ប៉ាញមួយផង ដែលធ្លាប់ជាប់ជាម្ចាស់ជើងឯកពិភពលោក-អ៊ឺរ៉ុប ២ជំនាន់ តែត្រូវបានក្រុមជម្រើសជាតិអ៊ីតាលី បំបាក់ដោយពិន្ទុ២ទល់នឹងសូន្យ កាលពីយប់ថ្ងៃទី២៧ ខែមិថុនានេះ។
អាចនិយាយបានថា ការប្រកួតនាយប់ម្សិលម៉ិញនេះ ជាការវិលមកសងសឹក របស់ក្រុមអ៊ីតាលី ទល់នឹងក្រុមអេស្ប៉ាញ ដែលធ្លាប់បំបាក់ខ្លួន ដោយពិន្ទុ៤ទល់នឹងសូន្យ កាលពីការប្រកួតផ្ដាច់ព្រ័ត្រ នៃ«អ៊ឺរ៉ូ២០១៤» នាទីក្រុងគៀវ (ប្រទេសអ៊ុយក្រែន) កាលពីបួនឆ្នាំមុន។
គ្រូបង្វឹករបស់ក្រុមអ៊ីតាលី លោក «Antonio Conte» បានព្រមានជាមុនហើយ នៅមុនការប្រកួត ជាមួយក្រុមអេស្ប៉ាញ នាឆ្នាំនេះថា៖ «យើងទាំងអស់គ្នា មិនបានកំណត់ថា នឹងត្រូវឈប់នៅពេលណានោះឡើយ»។
ក្រោមតំណក់ទឹកភ្លៀង នាពហុកីឡាដ្ឋានដ៏ស្កឹមស្កៃ នៃក្រុង «Saint-Denis» (ស្ថិតនៅជាប់ខាងជើង រដ្ឋធានីប៉ារីស) ក្រុមអ៊ីតាលីបានរកបានគ្រាប់បាល់ នៅនាទីទី៣៣ ក្នុងពាក់កណ្ដាលម៉ោងដំបូង ដោយកីឡាករខ្សែការពារ «Giorgio Chiellini»។ បន្ទាប់មក ក្រុមអ៊ីតាលីដដែលនេះ បានឆ្លៀតឱកាស នៃការវាយសន្ធាប់ភ្លេចខ្លួនដើម្បីយកស្មើរ របស់ក្រុមអេស្ប៉ាញ នៅក្នុងពាក់កណ្ដាលម៉ោងទីពីរ ដោយបានវាយបកមកវិញ យកបានមួយគ្រាប់ទៀត នៅនាទីទី 89 ដោយកីឡាករ «Pellè»។
ក្រុមអេស្ប៉ាញមានឱកាសទាត់បញ្ចូលទី របស់ក្រុមអ៊ីតាលីជាច្រើនដង តែនៅចំពោះបទពិសោធន៍ ដែលកីឡាករចាំទីជាតិអ៊ីតាលី «Buffon» មានរាប់សិបឆ្នាំមកនោះ មិនមានអ្វីគួរជាគ្រោះថ្នាក់ឡើយ។ យ៉ាងណា ក្រុមអេស្ប៉ាញ នៅមានឱកាសសងសឹក ទៅលើក្រុមអ៊ីតាលីវិញ នៅថ្ងៃទី៦ ខែតុលាខាងមុខ ខណៈក្រុមទាំងពីរស្ថិតក្នុងពូលជាមួយគ្នា នៃការប្រកួតជម្រុះ សម្រាប់ឆ្ពោះទៅដណ្ដើមជើងឯកពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ូស្ស៊ី។
សម្រាប់«អ៊ឺរ៉ូ២០១៦» នាពេលនេះ ក្រុមអេស្ប៉ាញត្រូវវិលត្រឡប់ ទៅស្រុកខ្លួនវិញជាស្ថាពរហើយ ខណៈក្រុមអ៊ីតាលី នឹងត្រូវទៅជួបជាមួយក្រុមអាល្លឺម៉ង់ ដែលជាក្រុម«យក្ស»មួយទៀត នៅក្នុងពិភពបាល់ទាត់ ហើយកំពុងកាន់តំណែង ជាម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃនៅឡើយ។ ក្រុមអាល្លឺម៉ង់វិញ ក៏បានបង្ហាញពីមហិទ្ធិរិទ្ធិរបស់ខ្លួន កាលពីម្សិលម្ងៃដែរ ដោយលត់ក្រុមស្លូវាគី ក្នុងពិន្ទុ៣ទល់នឹងសូន្យ៕
--------------------
» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖